ចាប់ផ្ដើម​អ៊ុត​គំនូស​ចរាចរណ៍ និង​ដាំ​ចំណាំង​ភ្លើង ចាប់ពី​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដល់​មុខ​ប្រាសាទអង្គរវត្ត​

134
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​អន្តរ​វិស័យ របស់​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​អ៊ុត​គំនូស​ចរាចរណ៍​នៅលើ​កំណាត់​ទ្រូងផ្លូវ​ប្រវែង​២១៨១​ម៉ែត្រ ចាប់ពី​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មកដល់​ចំណុច​ព្រលានយន្តហោះ និង​ដាំ​ឧបករណ៍​ចំណាំង​ភ្លើង​(​គ្រាប់ភ្នែក​កង្កែប​)​លើ​កំណាត់​ទ្រូងផ្លូវ​ប្រវែង​៦៧១២​ម៉ែត្រ​ទៀត ចាប់ពី​ចំណុច​មុខ​ភោជនីយដ្ឋាន​ប្រាសាទ​នាង​ពៅ​ទៅដល់​ចំណត​ឡាន មុខ​ប្រាសាទអង្គរវត្ត​។

​អ្នកនាំពាក្យ​អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា លោក​ឡុង កុសល បានអោយដឹងថា ការងារ​នេះ​ធ្វើឡើង​ដើម្បី​ជា​ប្រយោជន៍​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ ងាយស្រួល​មើល​និង​ឃើញច្បាស់​អំពី​គំនូស​ចរាចរណ៍ សម្រាប់ធ្វើ​ដំណើរ​បាន​ងាយស្រួល ព្រមទាំង​អាច​បញ្ជៀ​សបាន​រាល់​គ្រោះថ្នាក់​ក្នុងពេលដែល​យានយន្ត​គ្រប់​ប្រភេទ​ធ្វើដំណើរ ព្រមទាំង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកទេសច​រ​ផងដែរ​។

​លោក​បន្តថា ការចាប់​ផ្ដើមធ្វើ​គំនូស និង​ដាក់​ចំណាំង​ភ្លើង​នៅលើ​ទ្រូងផ្លូវ​នេះ ចាប់ពី​ផ្លូវជាតិ​លេខ​៦​ត្រង់​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មកដល់​ព្រលានយន្តហោះ ប្រវែង ២១៨១​ម៉ែត្រ​។ ពីមុខ​ព្រលានយន្តហោះ ទៅដល់​ភោជនីយដ្ឋាន​ប្រាសាទ​នាង​ពៅ​ប្រវែង ៩៨៥​ម៉ែត្រ​។ និង​ចាប់ពី​ភោជនីយដ្ឋាន​ប្រាសាទ​នាង​ពៅ​មកដល់​ផ្លូវបំបែក​ចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត ប្រវែង ៣៥៤៦​ម៉ែត្រ​នោះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​តាំងពី​ពាក់កណ្តាល​ខែមករា​រហូត​មកដល់​ថ្ងៃទី​០៤​ខែឧសភា ឆ្នាំ​២០២០ បាន​រួចរាល់​ជា​ស្ថាពរ​មក​។​

​លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ការ​គូស​ទ្រូងផ្លូវ ចាប់​ពីមុខ​ព្រលានយន្តហោះ រហូតមកដល់​មុខ​ប្រាសាទអង្គរវត្ត​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្តទៅ​គូស​គំនូស​ចរាចរណ៍ នៅលើ​ផ្លូវ​ពីរ​កំណាត់​ទៀត គឺ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៦ មកដល់​រង្វង់​មូល​អប្សរា និង​មួយ​កំណាត់​ទៀត​ចាប់ពី​ប្រាសាទប្រែរូប ទៅដល់​ស្រះស្រង់​ទៀតផង​ដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ