កម្ពុជា ក៏​ទទួលរង​ផលប៉ះពាល់​សេដ្ឋកិច្ច ធនាគារ និង​ហិរញវត្ថុ ពី​ជំងឺ​កូ​វីដ ១៩ ដែរ

147
ចែករម្លែក

ដោយ ៖ ភ្នំ​ស្វាយ​
​បន្ទាយមានជ័យ​៖
មន្ត្រីជាន់ខ្ពស់ មកពី​ធនាគារជាតិ នៃ​កម្ពុជា និង​សមាគម​ធនាគារ បាន​អះអាងថា កម្ពុជា ក៏​ទទួលរង​ផលប៉ះពាល់ សេដ្ឋកិច្ច ធនាគារ និង​ហិរញវត្ថុ ដូច​បរទេស​ដែរ ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ព្រោះ​វិស័យ​ទាំងនេះ​របស់​កម្ពុជា និង​ប្រទេស​នានា ឬ​ជា​អន្តរជាតិ​តែម្តង វា​មាន​ទំនាក់ទំនង​គ្នា​។​

លោក ជា ចាន់តូ អគ្គទេសាភិបាល ធនា​គារ​ជាតិ​នៃ​កម្ពុជា

​នេះ​ជាការ​លើកឡើង ដោយ​លោក ជា ចាន់តូ អគ្គទេសាភិបាល ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុង​សិក្ខាសាលា នៅ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​ស្តីពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា ក្រោម​ប្រធានបទ ” កិច្ច​គាំពារ​អតិថិជន របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងស្ថានភាព នៃ​ការរីក​រាល នៃ​ជំងឺ​កូ​វីដ ១៩ ” ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​៖ មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៤១ បាន​នឹង​កំពុង​ប្រតិបត្តិការ នៅក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងនោះ មាន​ធនាគារ​ពាណិជ្ជកម្ម ៩ ធនាគារ​ឯកទេស ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ១៧ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ១៣ ។​

​លោក​បាន​កត់សម្គាល់ថា សិក្ខាសាលា​នេះ បានបញ្ជាក់​អោយឃើញ ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ធនាគារជាតិ នៃ​កម្ពុជា ចំពោះ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​បានរួម​ចំណែក​លើកកម្ពស់ កម្រិតជីវភាព​ពលរដ្ឋ តាមរយៈ​ការប្រើប្រាស់ នូវ​សេវា​មី​ក្រ​ហិរញ្ញវត្ថុ​នេះ ដោយមាន​ការសម្របសម្រួល ពី​អាជ្ញាធរ​មូលដ្ឋាន ។​

​លោក ជា ចាន់តូ ទេសាភិបាល នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា មាន​ប្រវត្តិ​ជូរចត់ តែ​ជោគជ័យ និង​រុងរឿង​ខ្លាំង មកទល់​បច្ចុប្បន្ន ។ ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​ប្រឈម សំខាន់​មួយចំនួន ដូចជា​៖ បញ្ហា​អត្រា​ការប្រាក់ នៅមានកម្រិត​ខ្ពស់​, បំណុល​លើសលុប​, ការផ្តល់​ប្រាក់កម្ចី ដោយ​គ្មាន​ការអនុញ្ញាត និង​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​បច្ចុប្បន្ន របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​មាន​ចេតនា បំពុលសង្គម ហើយ​មាន​ចេតនា​កេងចំណេញ ប្រយោជន៍​ផ្ទាល់ខ្លួន ទាំង​ផលប្រយោជន៍​ហិរញ្ញវត្ថុ និង​ទាំង​នយោបាយ ។​

​លោក ជា ចាន់តូ បាន​បន្តថា​៖ មាន​ជន​ឱកាសនិយម​មួយចំនួន បាន​យក​វិស័យនេះ ជា​ឧបករណ៍ ដើម្បី​កេងចំណេញ ហើយ​បន្ត​រិះគន់ថា វិស័យនេះ ជា​អន្ទាក់​ធ្វើអោយ​ពលរដ្ឋ​ក្រីក្រ កាន់តែ​ជំពាក់​បំណុល លើសលុប​បន្ថែមទៀត ដោយ​ម្ចាស់បំណុល កំពុង​កេងប្រវ័ញ្ច កូនបំណុល ។ ប៉ុន្តែ​ជាក់ស្តែង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏ដូចជា សម្រាល​បន្ទុក​អតិថិជន ខ្ចីប្រាក់ ជាពិសេស​ក្នុងអំឡុងពេល នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ធនាគារជាតិ នៃ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ មួយចំនួន ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ខ្លួន រួមមាន​៖ ការកំណត់​អត្រា​ការប្រាក់​ឥណទាន និង​វិធីសាស្ត្រ​គណនា​អត្រា​ការប្រាក់​, ការរៀបចំ​ឥណទាន​ឡើងវិញ ក្នុងអំឡុងពេល នៃ​ការប៉ះពាល់ ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ , ការស្នើសុំ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ការបន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ធនាគារ និង​/​ឬ លើកលែង​ការផាកពិន័យ​ផ្សេងៗ ចំពោះ​អតិថិជន​, ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ សម្រាប់​សាធារណជន ជាដើម ។​

​លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ជា​កិច្ច​ដោះស្រាយ និង​លើកកម្ពស់​បរិ​យាប​ន្ន ហិរញ្ញវត្ថុ នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បានរៀបចំ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​២០២០-២៥ ក្នុង​គោលបំណង បង្កើន​លទ្ធភាព​ទទួល​បាន សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ដែលមាន​គុណភាព និង​មានការ​គ្រប់គ្រង ពី​ច្បាប់ និង​បទដ្ឋាន​ច្បាស់លាស់ ដើម្បីអោយ​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ងាក​មកប្រើប្រាស់​សេវា​ផ្លូវការ ដែលមាន​ការត្រួតពិនិត្យ ពី​ធនាគារជាតិ​នៃ​កម្ពុជា ។​

​ចំណែក​លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រាស​ន៍​ថា​៖ វិស័យ​មីក្រូហិរញ្ញវត្ថុ ពិតជា​បានរួម​ចំណែក ក្នុងការ​បង្កើត​ការងារ និង​ផលរបរ ដល់​ប្រជាជន​កម្ពុជា ជាច្រើន ពិសេស​ស្ត្រី ។ លោក បាន​បន្តថា របាយការណ៍​របស់​ធ​នាគារ​ជាតិ នៃ​កម្ពុជា​ថា ៨០% ជា​ស្ត្រី ជា​អ្នក​ខ្ចីប្រាក់ សម្រាប់​អាជីវកម្ម​ធុន​តូច និង​មធ្យម ។ ឯ​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វិញ បាន​បញ្ជាក់ថា អាជីវកម្ម​ធុន​តូច និង​មធ្យម បានរួម​ចំណែក​ដល់​ផលិតផល​ជាតិ ក្នុងស្រុក (GDP) សរុប ៥៨% ។ ចំណែក​របាយការណ៍ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​ចុងឆ្នាំ​២០១៩ បាន​រកឃើញថា ពលរដ្ឋ​កម្ពុជា ប្រមាណ ២ លាន​នាក់ កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​ពួកគេ អាច​សន្សំ​ប្រាក់ និង​ប្រក​បរបរ​ផ្សេងៗ នាពេល​អនាគត ។

​លោក​បាន​បន្តថា​៖ ដូច​ការវាយតម្លៃ​រប​ស់ ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ដែរ សមាគម ក៏​ទទួលស្គាល់ថា ចំពោះ​កម្ពុជា ក៏​ទទួលផល​ប៉ះពាល់ សេដ្ឋកិច្ច ធនាគារ និង​ហិរញវត្ថុ ដូច​បរទេស​ដែរ ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ នេះ ព្រោះ​វិស័យ​ទាំងនេះ របស់​កម្ពុជា និង​ប្រទេស​នានា ឬ​ជា​អន្តរជាតិ មាន​ទំនាក់ទំនង​គ្នា ។ ហេតុនេះ បើ​គេ​រង​ផលប៉ះពាល់ យើង​ក៏​រង​ផលប៉ះពាល​ដែរ ៕v