ក្រសួង​ធនធានទឹក​សង់​ច្រាំង​ព្រែក​អន្លង់​គគី​ឡើងវិញ​

152
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: ច្រាំង​ព្រែក​គគី​ប្រវែង​២៥០​ម៉ែត្រ ដែល​បាន​បាក់​ដាច់​ដោយ​ទាំង​ផ្លូវ​របស់​អ្នកភូមិ​ក្នុង​ឃុំ​ព្រែកកុយ​ស្រុក​កងមាស​ខេត្តកំពង់ចាម ត្រូវបានធ្វើ​ឡើងវិញ​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដើម្បី​បញ្ឈប់​ការបាក់​រាលដាល​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ធ្វើចរាចរ​ទៅមក​បាន​ឡើងវិញ​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ក្រសួង ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០​ថា ការងារ​សាងសង់​ច្រាំង ព្រែក​អន្លង់​គគី ជា​បណ្តោះអាសន្ន និង​បន្ទាន់​ប្រវែង ២៥០​ម៉ែត្រ នៅ​ភូមិ​អន្លង់​គគី ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម មកដល់ពេលនេះ​សម្រេច​លទ្ធផល​បាន​ប្រមាណ​ជា​៥០​ភាគរយ​នៃ​គម្រោង​ហើយ​។​

​ច្រាំង​ព្រែក​អន្លង់​គគី​នេះ លោក​ម៉ៅ​ហាក់ និយាយថា បាន​បាក់​កាលពី​ក្នុង​រដូវវស្សា​ពេល​ទឹក​ស្រក​ចូល​ទន្លេមេគង្គ​វិញ ដោយ​បាក់​ដាច់​ផ្លូវ​មានតែ​មួយគត់​សម្រាប់​ធ្វើចរាចរ​នៅក្នុង​ព្រែកកុយ ដោយមាន​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​រដ្ឋបាល​ខេត្តកំពង់ចាម ឱ្យមាន​ផ្លូវ​ធ្វើចរាចរ​ឡើងវិញ និង​បញ្ឈប់​ការបាក់​រាលរាល​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ចាត់​ឱ្យ​ក្រុមមន្ត្រី​បច្ចេក​ទស​ចុះ​ពិនិត្យ និង​ធ្វើការ​សាងសង់​ឡើងវិញ​ឱ្យបាន​រួចរាល់​មុនពេល​ទឹក​ឡើង​មកដល់​ចំពោះ​កន្លែង​ប្រឈម​ខ្លាំង​នេះ​។​

​លោក​ម៉ៅ ហាក់​បាន​បញ្ជាក់ថា​ការងារ សាងសង់​ច្រាំ​ព្រែក​នេះ បានចាប់ផ្តើម កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​មកដល់ពេលនេះ សម្រេចបាន​ប្រមាណ​៥០​ភាគរយ​ហើយ ដោយ​រួមមាន​ការងារ​រៀបចំ​គ្រឹះ ការងារ​រៀបចំ​ប្រអប់​ថ្ម Gabion box បន្ត​មកលើ​តាម​មាត់​ព្រែក ការងារ​រៀបចំ ប្រព័ន្ធ​ដោះ​ទឹក​ក្រោម​ដី​និង​ការងារ​ចាក់ដី​លុប ដើម្បី​រៀប​ជា​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ឡើងវិញ​។​

​លោក​ម៉ៅ ហាក់​និយាយ​ឱ្យដឹងទៀតថា​ព្រែក​ខាងលើនេះ​កាលពី​ក្នុង​រដូវ វស្សា​កន្លងទៅនេះ អ្នកភូមិ​ថា​មានការ​ប្រែប្រួល​ខ្លាំង ដោយ​បាក់​មាត់ច្រាំង​ទាំងសងខាង​ដល់​ផ្លូវ​និង​មានការ​ប្រឈម​រហូតដល់​៧០០​ម៉ែត្រ តែ​ចំពោះមុខ​ធ្វើ​តែ ២៥០​ម៉ែត្រ​ដែលជា​កន្លែង​ដាក់​បាត់​ផ្លូវ​សិន​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ