មិនធម្មតា​! ទុរេន​មួយ​ផ្លែ​តម្លៃ​២​លាន​រៀល​

209
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ក្មេងប្រុស​បីនាក់​ត្រូវ​ម្ចាស់​ចម្ការ​ដេញចាប់​រហូតដល់​ផ្ទះ រួច​ប្រគល់ជូន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ បន្ទាប់ពី​លួច​បេះ​ទុរេន​គេ​មួយ​ផ្លែ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ចម្ការ​ទុរេន​មួយកន្លែង​ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។ ម្តាយ​ឪពុក​កុមារ​ទាំងបី​បាន​ចំណាយលុយ​ចំនួន​ពីរលាន​រៀល និង​ទទួលយក​ការអប់រំ​ណែនាំ​ពី​សមត្ថកិច្ច ដើម្បី​បញ្ចប់រឿង​បន្ទាប់ពី​ម្ចាស់​ទុរេន​ទាមទារ​មួយ​ពាន់​ដុល្លារ​។​

​តាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​មូលដ្ឋាន​សាមី​ហេតុការណ៍​ថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ក្មេងប្រុស​វ័យ​ជំទង់​បីនាក់​ដែលមាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​ បាន​ជិះ​ម៉ូតូ​កាត់មុខ​ចម្ការ​ទុរេន​មួយ​ក្បែរ​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ខេត្ត​កែប​។ ខណៈនោះ ពួកគេ​បានឃើញ​ទុរេន​មួយ​ផ្លែ​ទំនងជា​ទុំ​ ក៏​នាំគ្នា​ចូលទៅ​លួច​បេះ​ព្រោះតែ​ការ​ឃ្លាន​។ លុះ​ម្ចាស់​ចម្ការ​ឃើញ​ទាន់​បាន​ស្រែក​ផ្អើលឆោឡោ និង​ដេញតាម​ចាប់​រហូត​ដល់ផ្ទះ រួច​នាំមក​ប្រគល់ឱ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច​ខាងលិច ដោយ​ទាមទារ​សំណង​មួយ​ពាន់​ដុល្លារ​។

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា ជាមួយ​ការ​សូម​លើកលែង និង​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​អប់រំកូនៗ​របស់ខ្លួន ឪពុកម្តាយ​កុមារ​ទាំងបី​បាន​ស្ម័គ្រចិត្ត​ចំណាយលុយ​ពីរលាន​រៀល​បង់​ជូន​ម្ចាស់​ទុរេន​ដើម្បី​បញ្ចប់រឿង​។ ក្រោយពី​ធ្វើការ​ណែនាំ​រួច នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ក៏​អនុញ្ញាតឱ្យ​កុមារ ទាំង​បីនាក់​វិលត្រឡប់​ទៅ​លំនៅស្ថាន​រៀងៗ​ខ្លួន​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ