ការធ្វើតេស្តបាញ់បង្ហោះលើកដំបូងនៃរ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Orbit ទទួលបរាជ័យមិនអាចទៅដល់គោលដៅ

618
ចែករម្លែក

ក្រុមហ៊ុន Virgin Orbit និយាយថា ការសាកល្បងបង្ហោះលើកដំបូងនៃរ៉ុក្កែតមួយ ដែលបញ្ចេញពីយន្តហោះខ្នាតធំសម្បើមមួយនៅកម្ពស់ ១០.៦៦៨ ម៉ែត្រ រួចហើយរុញខ្លួនវាទៅដងតារាវិថីដើម្បីដាក់ពង្រាយផ្កាយរណប បានបរាជ័យកាលពីថ្ងៃចន្ទទី២៥ ឧសភា។

គណនី Twitter របស់ក្រុមហ៊ុន Virgin Orbit បានរាយការណ៍ខណៈការសាកល្បងបាញ់បង្ហោះកំពុងដំណើរការចេញពីឆ្នេរនៃរដ្ឋកាលីហ្វ័រញ៉ា យ៉ាងដូច្នេះ “បេសកកម្មបានបញ្ចប់ភ្លាមៗពេលហោះហើរ។ យន្តហោះ Cosmic Girl និង ក្រុមការងារហោះហើររបស់យើងមានសុវត្ថិភាពនិងកំពុងវិលត្រឡប់មកមូលដ្ឋានវិញ”។

ក្រុមហ៊ុននិយាយថា យន្តហោះបានព្រលែងរ៉ុក្កែតចេញដោយរលូន ប៉ុន្តែរ៉ុក្កែតជួបបញ្ហាដែលគេមិនទាន់ដឹង ក្រោយបញ្ឆេះម៉ាស៊ីនរបស់វានៅដំណាក់កាលទីមួយ។

បង្កើតឡើងដោយមហាសេដ្ឋីអង់គ្លេស រីឆាត ប្រ៊ែនសុន ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន Virgin Orbit ចង់ផ្តល់ជូននូវសេវាកម្មរហ័សនិងមានភាពបត់បែនសម្រាប់ប្រតិបត្តិករនៃផ្កាយរណបតូចៗ ដែលមានទម្ងន់ពី ៣០០ ទៅ ៥០០ គីឡូ ដែលជាទីផ្សារកំពុងផ្ទុះឡើងខ្លាំងនាពេលបច្ចុប្បន្ន។

រ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Orbit ប្រវែង ២១ ម៉ែត្រ ដែលគេដាក់ឈ្មោះថា LauncherOne មិនអាចហោះចេញក្នុងទម្រង់បញ្ឈរបានទេ តែផ្ទុយមកវិញវាត្រូវតោងពីក្រោមយន្តហោះកែច្នៃរបស់ Boeing 747 ឈ្មោះថា Cosmic Girl ដើម្បីហោះទៅដងតារាវិថី៕ ដោយ៖ កញ្ញាដាលីស

រ៉ុក្កែត LauncherOne បរាជ័យមិនអាចហោះទៅដងតារាវិថីបានទេ