រដ្ឋបាល​រាជធានី​នឹង​អនុវត្ត​នូវ​វិធានការ​៣​ចំណុច ចំពោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ក្នុងដំណាក់កាល​អន្តរកាល​នេះ​

282
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​នូវ​វិធានការ​ចំនួន​៣​ចំណុច ចំពោះ​អ្នក​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ក្នុងដំណាក់កាល​អន្តរកាល​នេះ ដោយ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ការកត់ត្រា​ជា​បំណុល​ឲ្យ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម​ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន​និងការអនុវត្ត​ន៍វិធានការ​ផ្សេងៗ​ទៀត​ទៅតាម​ការចាំបាច់​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី​ការជំរុញ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ក្នុងដំណាក់កាល​អន្តរកាល របស់​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​អ្នកព័ត៌មាន​យើង​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៥ ឧសភា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា ៖


​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​និង​ស្ថាប័នឯកជន​ទាំងអស់​ដែល​ប្រើប្រាស់​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា ៖ ក្រោយពី​បានចាប់ផ្ដើម​អនុវត្ត​ទទួល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ក្នុងដំណាក់កាល​អន្តរកាល តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក​រហូតមក​ដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​រួចហើយ ប៉ុន្តែ​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នេះ​នៅឡើយ​ទេ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​សូម​រួសរាន់​មក​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ឱ្យបាន​ទាន់ពេលវេលា ។ បើ​ពុំ​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម ៖

១. បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​
២. កត់ត្រា​ជា​បំណុល​ឲ្យ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម​ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន ។​
៣. អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​និង​ស្ថាប័នឯកជន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម