ឪពុកម្ដាយ​ស្លាប់ចោល​កូនៗ​៧​នាក់​គ្មាន​ដី​និង​ផ្ទះ ដង្ហោយ​សុំ​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​សប្បុរសជន​ជួយឧបត្ថម្ភ​

176
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: គ្រួសារ​ទុរគត​មួយ​គ្រួសារ​មានកូន​៧​នាក់​(​ប្រុស​ម្នាក់​) ក្នុងបន្ទុក​ ​គ្មាន​ដី​ គ្មាន​ផ្ទះសម្បែង ​រស់នៅក្រោម​សំ​យាប​ដើមឈើ​ដោយ​គ្រប​តង់​ជា​ដំបូល រស់នៅ​ភូមិ​ស្រែ​ស្តៅ ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ត្រូវ​ឪពុក​ស្លាប់ចោល​ជាង​២​ឆ្នាំ ដោយ​រោគ​សង្គម ​ហើយ​ឆ្លង​មក​ម្តាយ​ឈឺ​រ៉ាំរ៉ៃ ហើយ​បាន​ស្លាប់​កាលពី​ម៉ោង​៥​និង​៥០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២០ នៅពេល​ដឹក​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​ បន្សល់ទុក​កូនកំព្រា​ចំនួន​៧​នាក់ កំពុង​ដង្ហោយ​រក​ជំនួយ ដោយ​ស្នើសុំ​ការជួយឧបត្ថម្ភ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន និង​សប្បុរសជន​ជួយ​ឲ្យ​បាន​រស់រានមានជីវិត​ផង​។​

​លោក នន សំណាង មេ​ប៉ុស្តិ៍​រដ្ឋបាល​មានជ័យ​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ស្ត្រី​មេម៉ាយ​ដែល​ស្លាប់​មានឈ្មោះ ឌុល មុំ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ ជា​គ្រួសារ​មួយ​មាន​ជីវភាព​ក្រី​ក្រ​ខ្លាំងជាងគេ ហើយ​មានកូន​ច្រើន​ទៀត​រហូតដល់​៧​នាក់​(​ប្រុស​ម្នាក់​)​។ កូនស្រី​ច្បង​២​នាក់​មាន​ប្តី​ហើយ​ទៅ​រស់នៅ​ខាង​ប្តី ក៏មាន​ជីវភាព​ខ្វះខាត​ដែរ មិនមាន​លទ្ធភាព​ធានា​ចិញ្ចឹម​ប្អូនៗ​កំព្រា​ទាំង​៥​នាក់​បានទេ​។​

​លោក​មេ​ប៉ុស្តិ៍​បាន​បន្តថា ឪ​ពុត​ជា​អ​តី​យុទ្ធជន​មាន​ជំ​ងឹ​សង្គម​(​អេដស៍​) បាន​ស្លាប់ចោល​ប្រពន្ធ និង​កូនប្រុស​ស្រី​នាក់​នៅក្នុង​បន្ទុក​៧​នាក់ ព្រមទាំង​ចម្លង​មេរោគ​នេះ​មក​ប្រពន្ធ​។​

​លោក កោ ស៊ិន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​វេទនា​របស់​ស​ព​ស្ត្រី​នេះ ខាង​សមាគម​អ​តី​យុទ្ធជន​បាន​នាំយក​ថវិកា​ចំនួន​៤​លាន​រៀល​ទៅ​ជួយ និង​អ្នកភូមិ​ជិតខាង​បាន​ជួយ​ជា​អង្ករ​និង​ថវិកា​បន្តិចបន្តួច ដើម្បី​ជួយ​ធ្វើបុណ្យ​ឲ្យ​បាន​សមរម្យ​តាម​ប្រពៃណី​។​

​លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា កូនកំព្រា​ប្រុស​ស្រី​ទាំង​៥​នាក់ ត្រូវបាន​បងស្រី​ច្បង​យកទៅ​ចិញ្ចឹម​មួយរយៈ​។ កូនៗ​កំព្រា​ទាំងអស់​សំណូមពរ​សុំ​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន និង​សប្បុរសជន​ជួយឧបត្ថម្ភ​ជា​អង្ករ និង​គ្រឿង​ឧបភោគបរិភោគ​ដើម្បី​ចិញ្ចឹមជីវិត​។ បើ​អង្គការ​មនុស្សធម៌​ណា​មានលទ្ធភាព​អាច​យក​ក្មេង​កំព្រា​ទៅ​ចិញ្ចឹម និង​ឲ្យ​រៀនសូត្រ​ផង ព្រោះ​ពួកគេ​មិនបាន​ចូលរៀន​សូត្រ​ដូច​កូន​អ្នកដទៃ​ទេ​៕ ល/Ha​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ