ចាប់ខ្លួន​បរទេស​បីនាក់ និង​ខ្មែរ​ម្នាក់ ករណី​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​

177
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​នគរបាល​ផែន​អន្តោប្រវេសន៍ខេត្តសៀមរាប បាន​ចាប់ខ្លួន​ជន​បរទេស​៣​នាក់​និង​ខ្មែរ​ម្នាក់ ករណី​ចាប់​មនុស្ស​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ (​ជំរិត​ទារប្រាក់​ចំនួន ៦០០០$)​។​

​ការចាប់ខ្លួន​ជន​ទាំង​៤​នាក់​ខាងលើ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​កំពង់ក្តី​២ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង​ខេត្តសៀមរាប ទទួល​ផែន​អន្តោប្រវេសន៍​បានដឹងថា​ ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស​។ ជន​ខាងលើ​ប្រព្រឹត្តិ​កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​វីឡា​ជួល​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​លោក​បន្តថា ជន​ទាំង​៤​នាក់​នេះ​មានឈ្មោះ​ទី​១ TAN CHOUN CHEAT ភេទ ប្រុស កើត​ថ្ងៃទី​០៣-០៩-១៩៩៩ ជនជាតិ​ម៉ាឡេស៊ី , ទី​២​ឈ្មោះ LING WEIKIAN ភេទ​ប្រុស កើត​ថ្ងៃទី​០៥-០៨-១៩៨៨, ទី​៣ ឈ្មោះ​-TAN KAS CHIM ភេទ ប្រុស កើត​ថ្ងៃទី​២៥-១១-១៩៩៩ ជនជាតិ​ម៉ាឡេស៊ី មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់​ហ្វូ​ឡុង​វ័ង ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ទាំង​៣​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់ ហ្វូ​ឡុង​វ័ង ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ និង​ទី​៤​ឈ្មោះ​- អេ​ល ពូ​ស​ស្តា​ន ភេទ​ប្រុស កើត​ថ្ងៃទី​០៣-០៨-១៩៩៣ ជនជាតិខ្មែរ មុខរបរ​អ្នកបកប្រែ ស្នាក់នៅខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ NG TECK WEE ភេទ​ប្រុស កើត​ថ្ងៃទី​២១-១១-១៩៩៣ ជនជាតិ​ម៉ាឡេស៊ី​។

​លោក​បន្ថែមថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើនេះ ត្រូវបាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​/Ha