របរ​ចិញ្ចឹមសត្វ​យក​សាច់​របស់​អ្នក​ខេត្តកំពត​សមប្រកប​នា​អំឡុងពេល​ជំងឺ​កូ​វីដ​១៩

168
ចែករម្លែក

ដោយ​: បូកគោ / កំពត​: នា​អំឡុងពេល​នៃ​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​១៩ កើតឡើង​ជា សកល កសិករ​ចិញ្ចឹម​ទាយ​កពង និង​ចិញ្ចឹម​គោ​យក​សាច់​នៅ​ខេត្តកំពត​ហាក់​មាន​ទីផ្សារ​ល្អ​ដោយ​ការលក់​ចេញ​បាន​ថ្លៃ​ជាង​ពេល​ធម្មតា ព្រោះ​មិនមាន​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។

​លោក​សេង តឿ កសិករ​ចិញ្ចឹម​ទា​ក្នុងភូមិព្រែកអម្ពិល ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​បាន​រៀបរាប់​ឱ្យដឹងថា លោក​បាន​ប្រក​បរបរ​ចិញ្ចឹម​ទាយ​កពង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ អាជីព​មួយ​នេះ​បាន​ជួយ​ឱ្យមាន​ជីវភាព​ប្រសើរ​ឡើងជា​លំដាប់​រហូតដល់​ដំណាក់កាល​ចុងក្រោយ​អាច​ចិញ្ចឹម​ទា​បាន​ដល់ទៅ​ជាង​៣.០០០​ក្បាល​។ ក្នុង​មួយថ្ងៃ​លោក​ត្រូវ​ចំណាយ​លើ​ចំណី​អស់​៦០​ម៉ឺន​រៀល ហើយ​ប្រមូល​ពង​ទា​បាន​ជាង​១.៩០០​គ្រាប់​។ កសិករ​ដដែល​បាន​បញ្ជាក់ថា អំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ឈ្មួញ​មក​យក​ពង​ទា​ដល់ផ្ទះ​អស់ៗ ហើយ​បាន​ថ្លៃ​ជាង​មុន​ដោយសារ​មិនមាន​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។

​ចំណែក​លោក ជន តាក់ អ្នក​ចិញ្ចឹម​គោ​បំប៉ន​យក​សាច់​នៅ​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ​បាន​ប្រាប់​ឱ្យដឹងថា ​របរចិញ្ចឹមគោ​បំប៉ន​យក​សាច់​ងាយស្រួល មិន​ហត់ ធ្វើការ​នៅផ្ទះ ហើយ​ទទួលបាន​ចំណូល​គួរសម​ តែ​ត្រូវ​ចំណាយ​ដើមទុន​ទិញ​គោ និង​ចំណី​ច្រើន​បន្តិច​។ លោក​បាន​ដើរ​ប្រមូល​ទិញ​គោ​ស្គមៗ​ពី​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ជា​មធ្យម​គឺ​មួយ​ក្បាល​បី​លាន​រៀល​ទៅ​បួន​លាន​រៀល​។ បន្ទាប់​មកចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ រួច​ចិញ្ចឹម​បំប៉នចំណី​រយៈពេល​បី​ខែ​ទើប​លក់​ចេញ​ក្នុងតម្លៃ​៦​លាន​រៀល​ទៅ​៧​លាន​រៀល​។ កសិករ​ចិញ្ចឹម​គោ​បាន​បញ្ជាក់ថា សព្វថ្ងៃ​លោក​នៅ​គោ​១៩​ក្បាល​ ដោយ​ក្នុង​មួយថ្ងៃ​ត្រូវ​ចំណាយ​លើ​ចំណី​អស់​១០​ម៉ឺន​រៀល​។ រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ លោក​សង្កេតឃើញថា​គោ​សាច់​មិន​ពិបាក​រក​ទីផ្សារ​ទេ ​គឺ​ឈ្មួញ​មក​ទិញ​ដល់​ក្រោល​តែម្តង​។ បើ​ទូទាត់​លើ​ការចំណាយ​ផ្សេងៗ​គឺ​ក្នុង​គោមួយ​ក្បាល​ចំណេញ​យ៉ាងតិច​ក៏​៥០​ម៉ឺន​រៀល​ទៅ​៦០​ម៉ឺន​រៀល​ដែរ​។

​ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​គោ​បំប៉ន​យក​សាច់ លោក​ម៉េង សន្តិភាព ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពត​បានបញ្ជាក់​ថា កា​រិ​យា​ល័យ​មិនទាន់​បានធ្វើ​របាយការណ៍​អំពី​ចំនួន​សត្វ​គោ​ចិញ្ចឹម​បំប៉ន​យក​សាច់​នៅឡើយ​ទេ​។ ប៉ុន្តែ​របាយការណ៍​ពី​បណ្តា​ស្រុក​គឺ​យ៉ាងហោចណាស់​ក៏មាន​កន្លែង​ចិញ្ចឹម​គោ​បំប៉ន​ចំនួន​៥០​នៅ​ទូទាំង​ខេត្ត​។ ក្នុង​មួយកន្លែងៗ​មាន​គោ​លើសពី​១៥​ក្បាល​។

​សូមបញ្ជាក់ថា​ អំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ឱ្យខិត​ខំ​ប្រកប​របរ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ដើម្បី​ធានា​ស្ថិរភាព​ស្បៀង ​ក្នុង​បំណង​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។ ជាមួយ​វិធានការ​នេះ មន្ត្រី​ក​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​បង្កើន​ការចុះ​ជំរុញ​លើកទឹកចិត្ត និង​ជួយផ្តល់​គំនិត ព្រមទាំង​បច្ចេកទេស​ដល់​កសិករ​ឱ្យ​ចេះ​ស្រូបយក​ចំណូល​លើ​ការងារ​កសិកម្ម​ដោយ​ទាញយក​ផល​ចាប់ពី​ជុំវិញ​ផ្ទះ​របស់ខ្លួន​តែម្តង​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ