មេ​ប៉ូលិស បញ្ជា​ឲ្យ​ស្នងការ​នគរបាលរាជធានី ខេត្ត ដក​ប៉ា​រាស់ នៅលើ​ដងផ្លូវ​ឲ្យ​អស់​

627
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល រាជធានី ខេត្ត បញ្ឈប់​ការដាក់​ប៉ា​រាស់នៅលើ​ដងផ្លូវ ក្នុង​ការហៅ​រថយន្តត្រួតពិនិត្យ​ការ​រឹតបន្តឹងច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​រាជធានី ខេត្ត​ណានៅតែមាន​ការដាក់​ប៉ា​រាស់ និង​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។​

​ការបញ្ជា​ឲ្យ​ដក​ប៉ា​រាស់ នៅលើ​ដងផ្លូវ ដើម្បី​ត្រួតពិនិត្យការអនុវត្ត​ន៍ការ​រឹតបន្តឹងច្បាប់​ចរាចរណ៍​ផ្លូវគោក បានធ្វើ​ឡើងនៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ នេះ គឺ​បន្ទាប់ពី​មាន​បាតុភាពកើតឡើងនៅតាម​បណ្តា​ខេត្ត មួយចំនួន រឿង​មន្ត្រីនគរបាល ហៅ​រថយន្ត​ត្រួតពិនិត្យច្បាប់​ចរាចរណ៍ ពេល​កំពុងតែ​ធ្វើដំណើរលើ​ដងផ្លូវ ខណៈពេលដែល​រថយន្ត​នោះមិនមាន​ល្មើសច្បាប់​ចរាចរណ៍​នោះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ជាតិ

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែងថា ស្នងការ​នគរបាលរាជធានី ខេត្ត ឈប់​ដាក់​ប៉ា​រាស់តាមផ្លូវ ពីព្រោះ​បាន​និយាយ​ច្បាស់ ជាមួយគ្នា​ហើយ​ថា ទាល់តែ​យានយន្ត​ល្មើសបាន​ហៅ ហើយ​មាន​គេរាយការណ៍​មក​ថា នៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ មណ្ឌល​គិរី គឺ​រថយន្ត​អត់​មាន​ល្មើស ក៏​ហៅ​គេ​ដែរ​។​

​អគ្គស្នងការ​នគរ​​បាល​ជាតិ បាន​សង្កត់ធ្ងន់ថា​៖ ” ឥឡូវនេះ ម៉ោង​ហ្នឹង ព្រឹក​ហ្នឹង ( ព្រឹក​ថ្ងៃទី​២៦ ឧសភា ) ដក​ប៉ា​រាស់ឲ្យ​អស់​គ្រប់​ផ្លូវជាតិ​ទាំងអស់ គ្រប់​ខេត្ត ស្នងការ លោក​ឯង​ដើរ​មើល តែមាន​ទៀត ទទួលខុសត្រូវ​មុខ​ច្បាប់ ទី​១. លុប​ប៉ា​រាស់​ចោល ទី​២. ឡាន​អត់​ល្មើស អត់​ហៅ​គេ​ដាច់ខាត ធ្វើ​ប៉ុណ្ណឹង​បានទេ ឥឡូវ​ហ្នឹង ” ។​

សូមជម្រាបថា នៅក្នុង​ការអនុវត្ត​ន៍ការ​រឹតបន្តឹងច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ២៥ ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ យានយន្ត​ប្រមាណ​ជាង ៣៦.០០០ គ្រឿង និង​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ២៥ ថ្ងៃ (១-២៤ ឧសភា​) បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​ជិត ១០០ នាក់ និង​របួស​ជាង ២៤០ នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​២៥ ខែឧសភា​ថា លទ្ធផល​រឹតបន្តឹងការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ២៥ ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៣៦.៧៩៩ នាក់ ក្នុងនោះ​ម៉ូតូ​មាន ចំនួន ២៦.៧៨២ គ្រឿង និង​រថយន្ត មាន​ចំនួន ១០.០១៧ គ្រឿង ក្នុងនោះ​រថយន្ត​តូច ចំនួន ៨.៤៩១ គ្រឿង និង​រថយន្ត​ធំ ចំនួន ១.៥២៦ គ្រឿង​។​

​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បន្តថា សម្រាប់​ការអនុវត្តន៍ការ​រឹតបន្តឹង​ច្បាប់​​ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត ចំនួន ១.០១២ គ្រឿង ក្នុងនោះ​ម៉ូតូ មាន​ចំនួន ៧៣៨ គ្រឿង និង​រថយន្ត​មាន​ចំនួន ២៧៤ គ្រឿង ក្នុងនោះ រថយន្ត​តូច​ចំនួន ២៥២ គ្រឿង និង​រថយន្ត​ធំ ចំនួន ២២ គ្រឿង​។ បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា លើស​ចំណុះ ស្រវឹង អត់​ផ្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​។ សម្រាប់​រថយន្ត ភាគច្រើន គឺ​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ពាក់​ខ្សែក្រវាត់ លើស​ទម្ងន់ គ្មាន​ផ្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​។​

​លោក​បាន​បន្តទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ២៥ ថ្ងៃ ពីថ្ងៃ​ទី​១-២៥ ខែឧសភា ឆ្នាំ​២០២០ លើកឡើង ១៧៣ លើក ស្លាប់ ៩៦ នាក់ របួស ២៤២ នាក់ ក្នុងនោះ របួសធ្ងន់ ១៥៣ នាក់ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ កើតឡើង ៩ លើក ស្លាប់ ៦ នាក់ និង​របួស ១០​នាក់ ក្នុងនោះ​របួសធ្ងន់ ចំនួន ៧ នាក់ ៕v​/ha

ទីតាំងផ្សាយពាណិជ្ជកម្ម