ស្ត្រីថៃម្នាក់សម្រាលកូននៅកន្លែងត្រួតពិនិត្យកូវីដ១៩

262
ចែករម្លែក

ស្ត្រីម្នាក់បានផ្តល់កំណើតដល់កូនប្រុសម្នាក់នៅឯប៉ុស្តិ៍ត្រួតពិនិត្យកូវីដ១៩ក្នុងស្រុកមួងខេត្តឆៃណាត ខណៈពេលកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅព្រឹកថ្ងៃអង្គារទី២៦ឧសភានេះ។

ស្ត្រីរងគ្រោះ ដែលគេមិនបញ្ចេញឈ្មោះ បានកំពុងពពោះ និងកំពុងត្រូវសាច់ញាតិដឹកយកទៅសម្រាលនៅមន្ទីរពេទ្យឆៃណាតណារិនថន។

ប្រហែលជាម៉ោង ៦ ព្រឹកខណៈកំពុងឆ្លងកាត់ចំណុចត្រួតពិនិត្យនៅខាងមុខឧទ្យានបក្សីឆៃណាត ស្ត្រីរូបនោះនិយាយថា កូនរបស់នាងជិតកើតមកហើយ នាងមិនអាចទប់បានទៀតទេ។ នាងត្រូវបានផ្ទេរចេញពីឡានដាក់ទៅចិញ្ចើមថ្នល់ ហើយគិលានុបដ្ឋាយិកា ដែលគេចាត់ឱ្យទៅប៉ុស្តិ៍ត្រួតពិនិត្យនោះ បានទទួលតួនាទីជាឆ្មបសង្គ្រោះបន្ទាន់។

ស្ត្រីនោះសម្រាលបានកូនប្រុសដែលមានសុខភាពល្អ។ គិលានុបដ្ឋាយិកានិយាយថាទារក “រឹងមាំនិងប្រក្រតីធម្មតា”។

ក្រោយមក ម្តាយនិងកូនប្រុសដែលទើបនឹងកើត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសុវត្ថិភាព៕ ដោយ៖ កញ្ញាដាលីស

ស្ត្រីថៃសម្រាលកូននៅកន្លែងពិនិត្យកូវីដ១៩ក្នុងស្រុកមួងខេត្តឆៃណាត
ទារកដែលបង្កើតដោយគិលានុបដ្ឋាកយិកានៅកន្លែងត្រួតពិនិត្យ
ពេទ្យដឹកស្រ្តីសម្រាលកូនហើយទៅកាន់មន្ទីរពេទ្យ