មេដឹកនាំ​ក្រុង​ហុងកុង​និយាយថា ច្បាប់​សន្តិសុខ​នឹងមិន​ប៉ះពាល់​សិទ្ធិ​និង​សេរីភាព​របស់​ហុងកុង​ទេ​

131
ចែករម្លែក

​លោកស្រី​ការី ឡាំ មេដឹកនាំ​ក្រុង​ហុងកុង នៅ​ថ្ងៃ​អង្គារ​ទី ២៦​ខែ​ឧសភា​នេះ​បាន​ធានា​បន្ថែម​លើ​ការធានា​របស់​មន្ត្រី​ក្នុង​ក្រុង​និង​មន្ត្រី​ក្រុង​ប៉េកាំង​ដែល​ថា​ច្បាប់​សន្តិសុខ​ជាតិ នឹង​មិន​ធ្វើឱ្យ​ប៉ះពាល់​​ដល់​សិទ្ធិ​និង​សេរីភាព​របស់​ទីក្រុង​នោះ​ទេ​។​ការលើកឡើង​បែប​នេះ កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​។​

​លោកស្រី បាន​និយាយថា “​សេរីភាព​របស់​ក្រុង​ហុងកុង​នឹង​ត្រូវបាន​ការពារ​និង​គុណ​តម្លៃ​ស្នូល​របស់​ក្រុង​ហុងកុង​ដែល​ទាក់ទង​នឹង​នីតិរដ្ឋ ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ សិទ្ធិ​និង​សេរីភាព​ផ្សេងៗ​​ដែល​ប្រជាជន​មាន​ការពេញចិត្ត​នោះ នឹង​នៅតែ​បន្ត​មាន​”​។​

​ការី ឡាំ បាន​និយាយថា​អ្នក​ដែល​ពាក់ព័ន្ធ​និង​ព្រួយបារម្ភ ចាំបាច់​ត្រូវ​រង់ចាំ​សេចក្តីលម្អិត​នៃ​ច្បាប់ ដែល​បាន​ស្នើឡើង​នេះ​។​លោកស្រី បាន​និយាយថា “​ការធានា​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅក្នុង​​ពង្រាង​ច្បាប់​នេះ​និង​មាន​ការពន្យល់​ដែល​ធ្វើឡើង​ដោយ​ក្រុម​មេដឹកនាំ​សភា​ប្រជាជន​ជាតិ​។ មិនចាំបាច់​យើង​ព្រួយបារម្ភ​ទេ ។ ច្បាប់​នេះ​គឺ​សំដៅ​ទៅលើ​មនុស្ស​មួយចំនួន​ដែល​ដែល​រំលោភ​ច្បាប់​ដោយ​​រៀបចំ​និង​ចូលរួម​ក្នុង​សកម្មភាព​ភេរវកម្ម​ដើម្បី​បំផ្លាញ​រដ្ឋអំណាច ។​ហុងកុង​ត្រូវការ​ច្បាប់​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ហុងកុង​ភាគច្រើន​”​។​

​ការអត្ថាធិប្បាយ​របស់​លោក ការី ឡាំ បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បង្ហាញ​ផែនការ​កាលពី​សប្តាហ៍​មុន​អំពី​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង​ដើម្បី​ដោះស្រាយ​និង​ទប់​​ស្កាត់​ការធ្វើ​អបគមន៍​ការ ធ្វើ​វិទ្ធង្សនា​និង​សកម្មភាព​ភេរវកម្ម​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី ការី ឡាំ មេដឹកនាំ​ក្រុង​ហុងកុង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ