សំឡេង​ដែល​ខ្ញុំ​នៅតែ​ចងចាំ​គឺ​ម្តាយ​របស់ខ្ញុំ​សុំ​ជួប​កូនៗ​

328
ចែករម្លែក
មាស សា​បឿន កំពុង​ពរ​ចៅ​។ សព្វថ្ងៃ មាស បឿន រស់នៅ​ភូមិ​ញរ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។
(​អ៊ុន សុដាវី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​សោម ប៊ុនថន​/​ភ្នំពេញៈ​សំឡេង​ដែល​ខ្ញុំ​នៅតែ​ចងចាំ គឺ​សំឡេង​ម្តាយ​របស់ខ្ញុំ ស្រែក​អង្វរ​សុំ​ជួប​កូនៗ មុននឹង​ឈ្លប​សម្លាប់​គាត់​។ ចំណែក​ខ្ញុំ​បាន​រត់គេចខ្លួន​ចេញពី​កន្លែង​ឃុំឃាំង បន្ទាប់ពី​ខ្ញុំ​ដឹងថា​ខ្មែរក្រហម​នឹង​មក​យក​ខ្ញុំ​ទៅ​សម្លាប់​បន្តទៀត​។ កា​រស​ម្រ​ច​ចិត្ត​រត់គេចខ្លួន​របស់ខ្ញុំ​បានធ្វើ​ឲ្យ​ខ្ញុំ​នៅ​រស់រានមានជីវិតរ​ហូត​មកដល់​សព្វថ្ងៃ​។ ប៉ុន្តែ ឪពុក ម្តាយ រួមទាំង​ប្អូនស្រី​របស់ខ្ញុំ​ពីរ​នាក់ មិនមាន​សំណាង​ដូច​ខ្ញុំ​ឡើយ​។ ឪពុកម្តាយ និង​ប្អូនស្រី​របស់ខ្ញុំ​ទាំងពីរ ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ទាំងអស់​។


​ខ្ញុំ​ឈ្មោះ មាស សា​បឿន​។ នៅ​ឆ្នាំ​១៩៧៥ គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ពី​ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្ត​សា្វ​យ​រៀង ទៅ​ខេត្តពោធិ៍សាត់ ក្នុង​ភូមិភាគ​ពាយ័ព្យ​។ ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ​តែប៉ុណ្ណោះ​នៅពេលនោះ​។ គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បែងចែក​ឲ្យ​ទៅ​រស់នៅ​សហករណ៍​មួយ​ក្នុង​ឃុំ​បាក់​ចិ​ញ្ជៀ​ន ស្រុក​ភ្នំក្រវាញ​។ ឪពុក​របស់ខ្ញុំ​បានរស់នៅ​បែក​ពី​ម្តាយ​របស់ខ្ញុំ​។ យើង​បាន​ខិតខំ​ធ្វើ​ការងារ​ផ្សេងៗ​តាម​ការចាត់​តាំងរបស់​ខ្មែរក្រហម​។


​ ​នៅ​ចុងឆ្នាំ​១៩៧៨ គឺ​មុនពេល​កងទ័ព​វៀតណាម​ចូលមក​ដល់​ខេត្តពោធិ៍សាត់ ប្រធាន​សហករណ៍​បានមក​ហៅ​ឪពុក​របស់ខ្ញុំ​ឈ្មោះ មាស សឿន ឲ្យ​ចុះពីលើផ្ទះ នៅពេលដែល​គាត់​កំពុង​សាងសង់​ផ្ទះ​សម្រាប់​ប្រជាជន​នៅក្នុង​កងចល័ត​ស្នាក់នៅ​។ ពេល​ឪពុក​របស់ខ្ញុំ​ចុះមក​ដល់​ដី ប្រធាន​សហករណ៍​បាន​ចាប់ចង​គាត់​។ ឪពុក​របស់ខ្ញុំ​បាន​សួរ​ទៅ​ប្រធាន​សហករណ៍​ថា «​ខ្ញុំ​បានធ្វើ​អ្វី​ខុស​បានជា​ចាប់​ខ្ញុំ​ចង​?» នៅពេលដែល​ប្រធាន​សហករណ៍​នោះ​បណ្តើរ​គាត់​ចេញទៅ ប៉ុន្តែ​ប្រធាន​សហករណ៍​នោះ​មិនបាន​ឆ្លើយតប​ទៅ​ឪពុក​របស់ខ្ញុំ​ឡើយ​។


​រយៈពេល​បី​ថ្ងៃ​ក្រោយមក ប្រធាន​កង​នារី​បានមក​ហៅ​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ប៉ែន យី និង​ប្អូនស្រី​របស់ខ្ញុំ​ពីរ​នាក់​ឈ្មោះ មាស សារឿន និង មាស សាវឿន ទៅទៀត​។ ពេលនោះ​ម្តាយ​របស់ខ្ញុំ​កំពុងមាន​ជំងឺ​ប្រចាំកាយ​។ កងឈ្លប​ប្រុសៗ​បាន​បណ្តើរ​ម្តាយ និង​ប្អូនៗ​របស់ខ្ញុំ​ចេញទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​។ មួយសន្ទុះ​ក្រោយមក ខ្ញុំ​បានឮ​សំឡេង​ម្តាយ​របស់ខ្ញុំ​ស្រែក​អង្វរ​ថា «​ហេតុអ្វី​បានជា​សម្លាប់​ខ្ញុំ​?» និង «​មុន​សម្លាប់​ខ្ញុំ ខ្ញុំ​សុំ​ជួប​កូនៗ​សិន​!» ហើយ​បាត់​ឈឹង​លែង​ឮ​សំឡេង​របស់គាត់​ទៀត​។ នៅពេល​កងឈ្លប​មក​យក​ម្តាយ​របស់ខ្ញុំ ខ្ញុំ​នៅ​កងកុមារ​ស្ថិត​នៅក្បែរនោះ ប៉ុន្តែ​ម្តាយ​របស់ខ្ញុំ​បាន​លាក់​មិន​ឲ្យ​ឈ្លប​ទាំងនោះ​ដឹង​។ ខ្ញុំ​មិនដឹងថា ឈ្លប​ទាំង​នោះបាន​ប្រព្រឹត្ត​អ្វីខ្លះ​មកលើ​ម្តាយ​របស់ខ្ញុំ និង​ប្អូនស្រី​របស់ខ្ញុំ​ទាំងពីរ​នាក់​ទេ​។ បន្ទាប់មក​ខ្មែរក្រហម​បានមក​យក​ខ្ញុំ រួមជាមួយ​កុមារ​ប្រមាណ​ជាង​១០០​នាក់​ផ្សេងទៀត​ទៅ​ឃុំ​ទុក​នៅ​ទីកន្លែង​មួយ ក្នុងស្រុក​ភ្នំក្រវាញ​។ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃមួយ ខ្មែរក្រហម​បានធ្វើ​នំ​បញ្ចុក​ឲ្យ​ខ្ញុំ និង​កុមារ​នោះ​ហូប​។ ខណៈនោះ​ប្រធាន​កង​របស់ខ្ញុំ​ឈ្មោះ សា​វិ​ន មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ដែលមាន​សណ្តាន​ចិត្តល្អ បានមក​លួចខ្សឹប​ប្រាប់​ខ្ញុំ​ឲ្យ​លួច​រត់​ចេញពី​ទីកន្លែង​នោះ បើ​មិន​ដូច្នេះ​ទេ​ខ្ញុំ​នឹងត្រូវ​ឈ្លប​ខ្មែរក្រហម​យកទៅ​សម្លាប់​បន្តទៀត​។​


ខ្ញុំ​បានសម្រេច​ចិត្ត​លួច​រត់គេចខ្លួន និង​បាន​ទៅ​រស់នៅ​ក្នុងព្រៃ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ ក្រោយមក ខ្ញុំ​បាន​ជួប​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​បាន​វិល​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​វិញ​។ ខ្ញុំ​បានក្លាយ​ទៅជា​ក្មេង​កំព្រា ក្រោយពេល​របប​ខ្មែរក្រហម​ដួលរលំ​។ ក្រោយមក ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ សាម៉ុន និង​បានមក​រស់នៅ​ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មកដល់​សព្វថ្ងៃ​។​


​ ​ខ្ញុំ​ធ្លាប់បាន​ចូលរួម​ផ្តិតមេដៃ​ដាក់​ញត្តិ​ប្តឹង​ក្រុមខ្មែរក្រហម​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​រដ្ឋាភិបាល​នៃ​របប​សាធារណ​ប្រជាមានិត​កម្ពុជា នៅក្នុង​ឱកាស​រំឭក​ឡើងវិញ​នូវ​រាល់​ឧក្រិដ្ឋកម្ម​របស់​ក្រុមខ្មែរក្រហម​ប្រព្រឹត្ត​មកលើ​ប្រជាជន​ស្លូតត្រង់ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៨៦ នៅក្នុង​ភូមិ​ញរ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ប៉ុន្តែ​ញត្តិ​របស់ខ្ញុំ និង​ប្រជាជន​ចំនួន​៣៥៩៦​នាក់​ទៀត​នៅក្នុង​ភូមិ​មិន​ត្រូវបាន​យកចិត្តទុកដាក់​ឡើយ​នៅពេលនោះ​។


​នៅពេល​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បង្កើតឡើង ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាក្តី​នេះ​ម្តងទៀត​នៅក្នុង​ឆ្នាំ​២០០៩ ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី​។ ខ្ញុំ​បាន​ស្ងប់ចិត្ត​នៅពេល​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ទទួលស្គាល់​ពី​ការបាត់បង់ និង​ការឈឺចាប់​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិនអាច​បំភ្លេច​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​ក្រុមគ្រួសារ​របស់ខ្ញុំ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ