វ៉ាក់សាំង​កូរ៉ូណា​៖ អូស្ត្រាលី​ចាប់ផ្តើម​ពិសោធន៍​លើ​មនុស្ស ថៃ​ពិសោធន៍​លើ​ស្វា​

278
ចែករម្លែក

​ការសាកល្បង​លើ​មនុស្ស​សំរាប់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​បាន​ចាប់ផ្តើម​នៅ​អូស្ត្រាលី នៅ​ពេល​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​អាម៉េរិក​មួយ​ឈ្មោះ​Novavax​សង្ឃឹមថា​នឹង​បញ្ចេញ​វ៉ាក់សាំង​សំរាប់​ចាក់​លើ​មនុស្ស​​នៅ​ឆ្នាំ​នេះ​។​

​ក្រុមហ៊ុន​បាន​និយាយថា អ្នកស្ម័គ្រចិត្ត​១៣១​នាក់​នៅ​ក្រុង​មែ​ល​ប៊ឹន​និង​ប្រ៊ីស​បេន កំពុង​ចូលរួម​ធ្វើ​ការសាកល្បង​វ៉ាក់សាំង​ដើម្បី​ដឹង​អំពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។​

​ការសាកល្បង​លើ​សត្វ​បង្ហាញថា​វា​មាន​ប្រសិទ្ធភាព​។​Novavax អាច​ផលិត​វ៉ាក់សាំង​យ៉ាងតិច​១០០​លាន​ដូ​សនៅ​ឆ្នាំនេះ និង​១,៥​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២០២១ នេះ​បើ​តាម​ការបញ្ជាក់​អះអាង​ពី​លោក ​ហ្ក្រេ​ហ្គ័ររី គ្លេ​ន នាយក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​។​

​លោក​បាន​បន្ថែមថា ការផលិត​វ៉ាក់សាំង​ឈ្មោះ NVX-CoV2373​កំពុង​ត្រូវ​បង្កើន​លឿន​ជាមួយ​នឹង​ប្រាក់​វិនិយោគ​១៨៨​លាន​ដុល្លារ​។​

​ការពិសោធន៍​បានចាប់ផ្តើម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​លើ​អ្នកស្ម័គ្រចិត្ត​៦​នាក់ នៅ​ក្រុង​មែ​ល​ប៊ឹន កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា ហើយ​លទ្ធផល​នៃ​ការ​សាក​ពិសោធន៍​ដំណាក់កាល​ទី​១​នេះ​នឹង​ដឹង​នៅ​ខែ​​កក្កដា មុន​មនុស្ស​រាប់ពាន់​នាក់​ទៀត​នឹងចូលរួម​ដំណាក់កាល​ទី​២​។​

​សូមបញ្ជាក់​ថា វ៉ាក់សាំង​ជាច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍​ដំបូង​ឬ​ទើបនឹង​ចាប់ផ្តើម ភាគច្រើន​នៅក្នុង​ប្រទេស​ចិន អាម៉េរិក និង​អឺរ៉ុប​។​ថៃ កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា បានចាប់ផ្តើម​សាក​​ល្បង​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​របស់​ខ្លួន​លើ​សត្វ​ស្វា បន្ទាប់​ពី​ផ្តល់​លទ្ធផល​ល្អ​លើ​សត្វ​កណ្តុរ​។​

​រដ្ឋមន្ត្រី​អប់រំ វិទ្យាសាស្ត្រ ការសិក្សា​ស្រាវជ្រាវ​និង​នវានុវត្តន៍​ថៃ លោក ស៊ូ​វីត មែ​ស៊ីន​ស៊ី បាន​និយាយថា ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​បន្ត​ទៅ​ពិសោធន៍​លើ​ស្វា និង​រំពឹងថា​នឹង​ទទួល​លទ្ធផល​ច្បាស់លាស់​ជាង​មុន​​អំពី​ប្រសិទ្ធភាព​របស់​វា​នៅ​យ៉ាងយូរ​ត្រឹម​ខែកញ្ញា​៕​ប្រែ​សម្រួល​៖​វាសនា​

ការពិសោធន៍​បានចាប់ផ្តើម​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​លើ​អ្នកស្ម័គ្រចិត្ត​៦​នាក់ នៅ​ក្រុង​មែ​ល​ប៊ឹន កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ឧសភា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ