មន្ត្រីសុខាភិបាលៈ ការឆ្លងកូវីដ ១៩ ចំនួន២ករណីចុងក្រោយ មិនមែនជារលកទី២ ទេ

216
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់អំពីស្ថានភាព នៃ ជំងឺកូវីដ ១៩ នៅកម្ពុជា ថា “ ការរកឃើញការឆ្លងជំងឺកូវីដ ១៩ ចំនួន ២ ករណីចុងក្រោយនេះ មិនមែនជារលកទី ២ នៃ ជំងឺកូវីដ ១៩ វាយប្រហារមកលើប្រទេស កម្ពុជា ទេ ! មិនមែនជារលកទី ២ ដោយហេតុថា ទាំង ២ ករណីនេះ គឺសុទ្ធតែករណីនាំចូលពីក្រៅប្រទេស “។

គប្បីរំឭកថា គិតចាប់ពីខែ មករា ឆ្នាំ ២០២០ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវដី ១៩ សរុប ១២២ នាក់ ដោយបានព្យាបាលឱ្យជាសះស្បើយអស់ទាំង ១២២ នាក់ នៅត្រឹមថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដោយពុំមានករណីស្លាប់ឡើយ ។

បន្ទាប់មកនៅថ្ងៃទី ២១ និង ២២ ខែ ឧសភា នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២ ករណីទៀត ដែលម្នាក់ជាបុរសជនជាតិខ្មែរ វិលមកពីប្រទេស កូរ៉េ និង ម្នាក់ទៀតគឺជាស្ត្រីជនជាតិខ្មែរ វិលមកពី សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នអ្នកទាំង ២ នាក់នោះ កំពុងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរស្ស៊ី ក្នុងរាជធានីភ្នំពេញ ដែលប្រការនេះធ្វើឱ្យអ្នកដែលត្រូវបានរកឃើញឆ្លងជំងឺកូវដី ១៩ នៅកម្ពុជា សរុប ១២៤ នាក់ ហើយប៉ុន្មានថ្ងៃមកនេះ កម្ពុជា ក៏នៅតែមិនបានរកឃើញការឆ្លងថ្មី នៃ ជំងឺកូវីដ ១៩ នេះឡើយ ។

ទោះយ៉ាងណា ក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធអះអាងថា កម្ពុជា នៅតែមិនបន្ធូរបន្ថយដៃ ដូចជានៅតែពិនិត្យតាមដានអ្នកដំណើរ និង ធ្វើតេស្តជាបន្តបន្ទាប់ជាដើម ហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក តែងតែអំពាវនាវ និង សំណូមពរយ៉ាងទទូចឱ្យសាធារណជននៅកម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្តឱ្យបានខ្ជាប់​ខ្ជួននូវការណែនាំនានា ជាអ្វីដែលក្រសួងសុខាភិបាល ហៅថា សភាពធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅ កម្ពុជា ដូចជា អនាម័យដៃស្អាត ពាក់ម៉ាស់ ( ក្នុងករណីចាំបាច់ ) គម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល ឱ្យបាន ១ ទៅ ២ ម៉ែត្រ ចៀសវាងការជួបជុំដែលមានគ្នាច្រើន ។ ល ។ ពោលគឺ សាធារណ​ជន កម្ពុជា ត្រូវតែប្រុងប្រយ័ត្នតទៅទៀត ពុំនោះទេ កម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ដែលអាចជារលកខ្លាំងក្លាជាងអ្វីដែល កម្ពុជា បានរងនាពេលនេះ ប្រសិនបើគ្រប់គ្នានៅកម្ពុជា ហ៊ានធ្វេសប្រហែស៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម