កាកបាទក្រហមកម្ពុជា ថ្វាយថវិកា ១លានដុល្លារ ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌

137
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល បានទូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជានិងក្រាបថ្វាយតង្វាយជាថវិកាចំនួន ៥០ម៉ឺនដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និង ៥០ម៉ឺនដុល្លារ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាជាប្រវត្តិសាស្រ្តនៃព្រះអង្គទាំងទ្វេ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសនោះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ស្តេចសព្វព្រះរាជហឫទ័យប្រោសប្រទាននូវសាប៊ូដុំចំនួន៣០កេស(ស្មើនឹង២,១៦០ដុំ) ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនដល់ប្រជារាស្ត្រងាយរងគ្រោះបំផុត នៅក្នុងស្ថានភាពជំងឺកូវីដ-១៩នេះផងដែរ៕/B