​ចាក់ដី​ទំនាប​មាត់​ស្ទឹង​មង្គល​បូរី​និង​អូរ​ជាប់​តំបន់​អភិរក្ស​ត្រី​ធ្វើ​ផ្សារ​និង​ជួល​ឱ្យ​អាជីវករ

188
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​លោក​មេឃុំ​បត់​ត្រង់​និង​ដៃគូ​រកស៊ី​របស់ខ្លួន​បាន​នឹង​កំពុង​ចាក់ដី​បំពេញ​ទំនាប​មាត់​ស្ទឹង​មង្គល​បូរី​និង​អូរ​ជាប់​តំបន់​អភិរក្ស​ត្រី​វត្ត​អន្លង់​ថ្ងាន់​ជា​របស់​រដ្ឋ​ស្ថិតនៅ​ភូមិ​អន្លង់​ថ្ងាន់​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើ​ផ្សារ​និង​ជួល​ដី​ឱ្យ​អាជីវករ​ត្រៀម​លក់ដូរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​ថ្ងាន់​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២០​ថា​៖​ដី​រដ្ឋ​ទំនាប​ស្ទឹង​និង​អូរ​ជាប់​តំបន់​អភិ​រក្សា​ត្រី​វត្ត​អន្លង់​ថ្ងាន់​ហើយ​និង​ស្ពាន​អន្លង់​ថ្ងាន់​នោះ​មាន​ទំហំ​ជាង​២​រ៉ៃ​ប្រមាណ​២.០០០​ប្លាយ​ម៉ែត្រការ៉េ​។​ត្រូវ​លោក​សៃ​ឡៅ​មេឃុំ​បត់​ត្រង់​និង​ដៃគូ​រកស៊ី​របស់លោក​ចាក់ដី​បំពេញ​យក​ធ្វើ​ផ្សារ​និង​អង្កន់​ដី​ល្វែង​រាប់សិប​ប្លង់​លក់​ឬ​ជួល​ឱ្យ​អាជីវករ​និង​ពលរដ្ឋ​។​

​ពលរដ្ឋ​បាន​បន្តថា​៖​នោះ​ជា​ដីស្ទឹង​បឹងបួរ​អូរ​ធម្មជាតិ​របស់​រដ្ឋ​មិនមែន​របស់​ភូមិ​ឃុំ​និង​របស់​ឯកជន​ហើយ​អាច​ចាត់ចែង​លក់ដូរ​ស្រេច​នឹង​អំពើ​ចិត្ត​ឡើយ​។​លោក​ឃុំ​ដា​ជា​ដៃគូ​រកស៊ី​របស់លោក​មេ​ឃុំ​សៃ​ឡៅ​បានឱ្យដឹងថា​៖​ដី​មាន​ទំហំ​ជាង​២​រ៉ៃ​នោះ​ពី​ដើមឡើយ​ជា​ដី​ផ្លូវ​ទឹកដី​ទំនាប​ស្ទឹង​អូរ​។​តែ​ឃុំ​គ្រប់គ្រង​ហើយ​ពេលនេះ​ឃុំ​និង​លោក​បានធ្វើ​ដៃគូ​រកស៊ី​ដោយបាន​ចាក់ដី​អស់​រយៈពេល​១​ខែ​មកហើយ​។​

​គឺ​ចាក់ដី​ធ្វើ​គម្រោង​ផ្សារ​សហគមន៍​របស់​ឃុំ​ជំនួស​ផ្សារ​ឬ​ផ្ទះ​តៀម​នៅតាម​ដងផ្លូវ​ខេត្ត​ដែល​ចង្អៀត​និង​រង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ។ ផ្សារ​នេះ បាន​សង់រោង​កណ្តាល​ដំបូង ទំហំ​១២​ម​គុណ​២០​ម និង​ដី​ល្វែង​ជុំវិញ​ជាច្រើន​ឡូ​តិ៍​សម្រាប់​ជួល​ក្នុង​កុងត្រា​៣០​ឆ្នាំ​។​គឺមាន​ឡូ​តិ៍​តូច​ទំហំ​៤​ម​គុណ​១០​ម​ជួល​តម្លៃ​១.៤០០​ឆ្នាំ​។​ដី​ឡូ​តិ៍​ធំ​ទំហំ​១០​ម​គុណ​១០​ម​តម្លៃ​៣.២០០​ដុល្លារ​។​មកទល់ពេលនេះ​បាន​បញ្ចេញ​អស់ហើយ ។​


​ចំណែក​លោក​សៃ​ឡៅ​មេឃុំ​បត់​ត្រង់​បានឱ្យដឹង​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០​ថា​៖​គម្រោង​ផ្សារ​សហគមន៍​របស់​ឃុំ​នេះ​ទទួលបាន​ការឯកភាព​ពី​អាជ្ញារ​ស្រុក​ហើយ​ធ្វើ​លើដី​បម្រុង​របស់​ឃុំ​ដែល​ត្រូវ​ចុះកិច្ចសន្យា​នឹង​អាជីវករ​ឬ​ពលរដ្ឋ​លក់ដូរ​រយៈពេល​៣០​ឆ្នាំ​សម្រាប់​អ្នក​ជួល​ឬ​ទិញ​ដី​ឡូ​តិ៍​តូច​និង​ដី​ឡូ​តិ៍​ធំ​។​លោក​សៃ​ឡៅ​បន្តថាៈ​ដី​ជាប់មាត់​ស្ទឹង​និង​អូរ​ក្បែរ​តំបន់​អភិរក្ស​ពូជ​ត្រី​វត្ត​អន្លង់​ថ្ងាន់​ដោយ​លោក​និង​ដៃគូ​ទើប​មានលទ្ធភាព​ស្តារ​អូរ​មួយកន្លែង​យក​ដី​ចំនួន​៤.៧៣០​ឡាន​បែន​មកចាក់​បំពេញ​ដើម្បី​ធ្វើ​ផ្សារ​ថ្មី​នេះ ។​

​លោក​សេង​ធូ​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​មង្គល​បូរី​បានឱ្យដឹង​ថ្ងៃទី​២៦​ខែឧសភា​ថា​៖​ដី​ទំនាប់​មាត់​ស្ទឹង​និង​អូរ​ដែល​ឃុំ​បត់​ត្រង់​ចាក់ដី​បំពេញ​ធ្វើការ​អភិវឌ្ឍន៍​នោះ​នៅមុខ​តំបន់​អភិរក្ស​ពូជ​ត្រី​វត្ត​អន្លង់​ថ្ងាន់​មែន តែ​តួ​តំបន់​អភិរក្ស​នៅ​ខាងក្រោយ​វត្ត​ឯណោះ​ទេ ៕S/

​រូបថត​៖​ចាក់ដី​យក​ដី​ទំនាប​មាត់​ស្ទឹង​មង្គល​បូរី​និង​អូរ​ជាប់​តំបន់​អភិរក្ស​ត្រី​អន្លង់​ថ្ងាន់​ធ្វើ​ផ្សារ​និង​ជួល​ដី​អោយ​អាជីវករ (​រូប​៖ ប​.​ជ័យ​)​