​ករណី​ក្មេង​លួច​ផ្លែ​ទុរេន​៖​ការ​បង់លុយ​ត្រូវ​លុបចោល​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​

293
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​ក្រោយពី​តម្រូវឱ្យ​ឪពុកម្តាយ​បង់លុយ​សងជំងឺចិត្ត​ដ៏​ច្រើន​លើសលប់​ពាក់ព័ន្ធ​នឹង​ក្មេងប្រុស​បីនាក់​លួច​បេះ​ទុរេន​មួយ​ផ្លែ​លោកស្នងការ​នគរបាល​ខេត្តកំពត​បាន​បញ្ជា​ដល់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ស្វែងរក​ការពិត​ភ្លាមៗ​។​ជា​លទ្ធផល​សូម្បីតែ​មួយរយ​រៀល​ក៏​មិន​ត្រូវបាន​ចំណាយ​ដោយ​ជំនួស​មកវិញ​នូវ​ការទទួល​យកពាក្យ​អប់រំ​ណែនាំ​ពី​សមត្ថកិច្ច​ដើម្បី​ប្រែក្លាយជា​ក្មេង​ល្អ​ក្នុងសង្គម​។​

​លោក​សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក​កំពង់ត្រាច​បានបញ្ជាក់​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​ឆ្នាំ​២០២០​ថា​ករណី​ចោរកម្ម​ដោយ​លបលួច​បេះ​ផ្លែ​ទុរេន​កាលពី​ម្សិលមិញ​មិនមែន​កើតឡើង​ក្នុង​មូលដ្ឋាន​រដ្ឋបាល​ដែល​លោក​គ្រប់គ្រង​ទេ​។​គឺ​ចម្ការ​ទុរេន​នោះ​ស្ថិតនៅ​ស្រុក​ទឹកឈូ​តែ​អ្នកបង្ក​រស់នៅ​ស្រុក​កំពង់ត្រាច​។​

ក្រោយពី​អ្នក​ចាំចម្ការ​ដេញចាប់បាន​ដល់​លំនៅស្ថាន​ក្នុងភូមិ​កណ្តាល​ទួល​ឃុំ​កំពង់ត្រាច​ខាងលិច​ក៏​នាំខ្លួន​ក្មេង​ទាំងនោះ​ប្រគល់ឱ្យ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​និង​ទាមទារ​សំណង​បួន​លាន​រៀល​។​ដោយ​ការជជែក​ចុះឡើង​ម្ចាស់​ទុរេន​ក៏​ចុះមក​នៅ​ពីរលាន​រៀល​និង​សូមឱ្យ​សមត្ថកិច្ច​ជួយ​អប់រំ​ណែនាំ​ដើម្បី​បញ្ចប់រឿង​។

​លោក​អធិការ​បាន​បន្តថា​តាមរយៈ​របាយការណ៍​ស្តីពី​ទំហំ​ទឹកប្រាក់​ដែល​បានទាមទារ​និង​ការចោទប្រកាន់ថា​ក្មេង​ទាំងនេះ​ធ្លាប់​លួច​ជា​ញឹកញយ​។​ដោយ​បាត់អស់​ទុរេន​ជាច្រើន​ផ្លែ​ទើប​តម្រូវឱ្យ​សង​ពីរលាន​រៀល​នោះ​លោកស្នងការ​ខេត្តកំពត​ក៏​បញ្ជា​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​ផ្ទាល់​។​ជាមួយ​ការពិនិត្យ​ដ៏​ល្អិតល្អន់​ឃើញថា​មិន​ដូច​ការចោទប្រកាន់​ទើប​សមត្ថកិច្ច​សម្របសម្រួល​ជាមួយ​ម្ចាស់​ចម្ការ​ក៏​ឈានដល់​ការលុបចោល​សំណង​ទាំងស្រុង​។

​ប៉ុន្តែ​សមត្ថកិច្ច​បាន​កោះហៅ​ឪពុកម្តាយ​ក្មេងប្រុស​ទាំងបី​មក​ធ្វើ​កិច្ចសន្យា​និង​បន្ត​អប់រំ​ពួកគេ​ដើម្បី​ប្រែក្លាយជា​ក្មេង​ល្អ​នៅក្នុង​សង្គម​បំណង​បញ្ចៀស​នូវ​ទោសទណ្ឌ​នានា​ទៅ​ថ្ងៃក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម