អាម៉េរិកស្នើកម្ពុជាស្វែងរកចាប់ ឧក្រិដ្ឋជន ដែល សម្លាប់ពលរដ្ឋ ខ្លួនលើកោះរ៉ុង

214
ចែករម្លែក
សម្តេចក្រឡាហោម ស ខេង ជួប ពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតអាមេរិក (រូបថតៈ មុនី រ័ត្ន)

ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលបានសម្លាប់ជនជាតិអាម៉េរិកាំងនៅលើកោះរ៉ុងខេត្តព្រះសីហនុ កាលពីអំឡុង ឆ្នាំ២០១៣ ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋ អាម៉េរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយគ្នាផ្តោតសំខាន់ទៅលើកិច្ចសហ ប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងបញ្ហានបាយ មួយចំនួនផងដែរ។

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាម៉េរិកបានស្នើដល់អាជ្ញាធរកម្ពុជាជួយស្វែងរក ចាប់ ខ្លួនឧក្រិដ្ឋជនមួយរូបដែលបានធ្វើឃាតលើពលរដ្ឋអាម៉េរិកមួយរូបនៅលើកោះរ៉ុងកាលពី ឆ្នាំ២០១៣កន្លងទៅ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

ជនជាតិអាម៉េរិកដែលត្រូវ បានសម្លាប់នៅលើកោះរ៉ុងឈ្មោះ Katherine Grgich (ខាធើរីនហ្គ្រិច) ភេទស្រី អាយុ ៥៥ឆ្នាំ។ ស្ត្រីរូបនេះ បានចេញពីផ្ទះសំណាក់នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០១៣ និងបានប្រទះឃើញសាកសពនៅព្រឹកបន្ទាប់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៣។

ជនសង្ស័យឈ្មោះ យ៉ាន យឿន បានរត់គេចខ្លួនទៅប្រទេសថៃ។ សាលាដំបូងខេត្តព្រះសីហនុបានចេញដីកាចាប់ខ្លួនឈ្មោះ យ៉ាន យឿន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សម្តេចទទួលយកសំណូមពរនេះ នឹងបន្តស្វែងរកចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនចេញពីកម្ពុជា ដើម្បីយកមកផ្តន្ទាទោសពាក់ព័ន្ធទៅនឹងការធ្វើឃាតទៅលើជនជាតិអាម៉េរិក នៅលើកោះរ៉ុង នាពេលកន្លងទៅនេះ។

ទាក់ទងជំនួបពិភាក្សា សម្តេចក្រឡាហោម ស ខេង  បានមានប្រសាសន៍ថា ចាប់តាំងពីលោកPatrick Murphy ទទួលបេសកកម្មក្នុងខណៈជា​ឯកអគ្គរដ្ឋទូត វិសា មញ្ញនិងពេញសមត្ថភាពនៅកម្ពុជា អាចវាយតម្លៃបានថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-អាម៉េរិក) កាន់តែត្រូវបានកែលំអ និងលើកស្ទួយជាបន្តបន្ទាប់។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា “យើងបានកាត់បន្ថយនូវបញ្ហាដែលយល់ខុស​ទៅវិញទៅមកជាច្រើន សង្ឃឹមថា អនាគតកាន់តែធ្វើឲ្យទំនាក់ទំនងល្អប្រសើររឹងមាំងស្ថិតស្ថេរ”។

ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានអបអរសាទរចំពោះកិច្ចសន្ទនាតាមទូរស័ព្ទ​រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក នាពេលកន្លងមកនេះ ពិតជាបានបង្ហាញនូវលទ្ធផលវិជ្ជមាន ល្អប្រសើរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត អាម៉េរិក បានឯកភាពចំពោះការវាយតម្លៃរបស់សម្តេចក្រឡា ហោមស ខេង ទៅលើទំនាក់ទំនង ជារួមរវាង ប្រទេសទាំង ពីរ។ លោកក៏បាន កត់សម្គាល់ឃើញកិច្ចសហ ប្រតិបត្តិការល្អទៅលើចំណុចពីរ ទី១. កិច្ចសហប្រតិបត្តិរវាង ស្ថាប័នអនុវត្តច្បាប់ និងទី២. សុខភាពសាធារណៈ។ ហើយកិច្ចសហប្រតិបត្តិរវាង ស្ថាប័នអនុវត្តច្បាប់កម្ពុជា ជាមួយ FBI អាម៉េរិក ដែលបានសហការគ្នាទប់ស្កាត់ ឬក៏បង្ក្រាបចាប់ខ្លួនជនល្មើសមួយចំនួន ពាក់ព័ន្ធ បទល្មើសផ្លូវភេទលើកុមារបានបញ្ជូន ទៅសហរដ្ឋអាម៉េរិកវិញ។ ចំពោះសុខភាពសាធារណៈ គឺអាម៉េរិកបន្តជួយគាំទ្រដល់កម្ពុជា។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បាន ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាម៉េរិកទោះបីជាស្ថិត នៅក្នុង ស្ថានការណ៍លំបាក នៃការរីករាលដាល នៃជំងឺកូវីដ ១៩ ក៏សហរដ្ឋអាម៉េរិកនៅបន្តជួយឧបត្ថម្ភគាំទ្រដល់បណ្តាប្រទេសមួយចំនួន នៅក្នុងអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ សម្តេចបានឯកភាពចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកនូវទំនាក់ទំនង រវាងកម្លាំង អនុវត្តច្បាប់រវាង ប្រទេសទាំងពីរ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុង តែរៀបចំសេចក្តីព្រាងច្បាប់ចំនួនពីរ ទី១.សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការ​រីកសាយភាយអាវុធមហាប្រល័យ និងទី២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម។ហើយច្បាប់ទាំង ពីរនេះមានសារសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ទៅលើការខិតខំ ជំរុញពន្លឿនច្បាប់នេះឲ្យចប់សព្វគ្រប់ក្នុងពេល ឆាប់ៗខាងមុខនេះ។

ចំណែកឯកអគ្គរដ្ឋទូតអាម៉េរិកបានអបអរសាទរចំពោះវិឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងច្បាប់ចំនួនពីរនេះ៕Ha

សម្តេចក្រឡាហោម ស ខេង ជួប ពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតអាមេរិក (រូបថតៈ មុនី រ័ត្ន)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ