២៦ថ្ងៃៈ ប៉ូលិស ផាកពិន័យ យានយន្តប្រមាណជិត ៤ម៉ឺនគ្រឿង

183
ចែករម្លែក
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ យានយន្តប្រមាណជិត ៤ម៉ឺនគ្រឿង ត្រូវបានផាកពិន័យ នៅក្នុងការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ២៦ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ខែឧសភា  ។ចំណែកគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២៦ថ្ងៃ (១-២៦ ឧសភា) បានបណ្តាលឲ្យមនុស្សស្លាប់ ៩៨នាក់ និងរបួសចំនួន២៥៣នាក់។ 

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ថា លទ្ធផលរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល២៦ថ្ងៃ គិតពីថ្ងៃទី១ដល់ថ្ងៃទី២៦ ខែឧសភា  យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន៣៨.១៨៩គ្រឿង ក្នុងនោះម៉ូតូមានចំនួន ២៧.៨១២គ្រឿង និងរថយន្តមានចំនួន ១០.៣៣៧គ្រឿង(រថយន្តតូចចំនួន ៨.៧៩៨គ្រឿង និងរថយន្តធំចំនួន ១.៥៧៩គ្រឿង)។

អ្នកនាំពាក្យ ដដែលបានបន្តថាដោយឡែក ថ្ងៃទី២៦ ខែឧសភា សមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ១.៣៩០គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១.០៣០គ្រឿង និងរថយន្តមានចំនួន ៣៦០គ្រឿង (រថយន្តតូចចំនួន ៣០៧គ្រឿង និងរថយន្តធំចំនួន ៥៣គ្រឿង)។បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា លើសចំណុះ ស្រវឹង អត់ផ្លាកលេខនិងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ លើសចំណុះ គ្មានផ្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។

លោកបានបន្តទៀតថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍រយៈ២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែឧសភា  កើតឡើង ១៧៩លើក ស្លាប់ ៩៨នាក់ របួស ២៥៣នាក់ ក្នុងនោះរបួសធ្ងន់ ១៥៩នាក់។សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែឧសភា កើតឡើង ៦លើក ស្លាប់ ២នាក់ និងរបួស ១១នាក់ក្នុងនោះរបួសធ្ងន់ចំនួន ៦នាក់។

គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២១ថ្ងៃ (បីសប្តាហ៍) (១-២១ ឧសភា) បើប្រៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៩២លើក ស្មើនឹង ៣៩ភាគរយគឺ១៤៣លើកលើ២៣៥លើក ស្លាប់ថយចុះ ២៧នាក់ ស្មើនឹង ២៦ភាគរយ គឺ៧៧លើកលើ១០៤លើក និងរបួសថយ ១៣៧នាក់ គឺ២០២លើ៣៣៩លើក ថយចុះ ៤០ភាគរយ។ តែបើប្រៀបធៀបរយៈពេលនេះ ទៅនឹងរយៈពេលដូចគ្នានៃខែមេសា ឆ្នាំ២០២០ ឃើញថា គ្រោះថ្នាក់ថយចុះ ៤០លើក គឺ១៣៤លើ១៨៣លើក ថយចុះ ៣៩ភាគរយ ស្លាប់ថយពី៩០នាក់ មកនៅ៧៧នាក់ថយ១៣នាក់ ស្មើនឹង១៤ភាគរយ របួសថយ៩៧នាក់ គឺ២០២លើ២៩៩លើក ថយ៣២ភាគរយ៕សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ