បុរសស្បែកខ្មៅម្នាក់ស្លាប់ ក្រោយប៉ូលិសអាម៉េរិកចាប់វ៉ៃខ្នោះរួចយកជង្គង់សង្កត់ករហូតដាច់ខ្យល់, ប៉ូលិស៤នាក់ត្រូវបណ្តេញចេញពីការងារ

242
ចែករម្លែក

វីដេអូថតដោយទូរស័ព្ទដែលទើបលេចឡើងថ្មីៗនេះបានជំរុញឱ្យមន្រ្តីអនុវត្តច្បាប់របស់រដ្ឋមីនីសូតានិងទីភ្នាក់ងារ FBI ចាប់ផ្តើមស៊ើបអង្កេតលើការចាប់ខ្លួនមួយកាលពីថ្ងៃចន្ទទី២៥ឧសភា ដែលបណ្តាលឱ្យបុរសក្នុងស្រុកម្នាក់ឈ្មោះ ចច ផ្លយ ស្លាប់ បន្ទាប់ពីមន្ត្រីមកពីនាយកដ្ឋានប៉ូលិសរដ្ឋមីនីសូតាបានបដិសេធមិនដកជង្គង់ចេញពីករបស់ផ្លយ។ មន្រ្តីចំនួនបួននាក់នៅនាយកដ្ឋាននេះត្រូវបានបណ្តេញចេញ។

យោងតាមកាសែត Fox9 បានឱ្យដឹងថា ការចូលរួមពាក់ព័ន្ធរបស់ FBI ក្នុងការស៊ើបអង្កេតដែលកំពុងបន្តនេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី២៦ឧសភាដោយប្រធាននាយកដ្ឋានប៉ូលិសរដ្ឋមីនីសូតា លោក មេដារៀ អារ៉ាដុនដូ ដែលបានប្រាប់អ្នកយកព័ត៌មានថា ទីភ្នាក់ងារនេះបានទទួលតម្រុយដើម្បីស៊ើបអង្កេតលទ្ធភាពរំលោភសិទ្ធិស៊ីវិល។

វីដេអូនៃការចាប់ខ្លួនដ៏គួរឱ្យខឹង ដែលថតដោយអ្នកស្រុកឈ្មោះ ដានែលឡា ហ្វ្រាហ្ស័រ បានចាប់ផ្តើមជាមួយមន្រ្តីពីរនាក់កំពុងធ្វើការរារាំងផ្លយ ខណៈគាត់ក្រាបចុះផ្កាប់មុខនឹងថ្នល់ក្បែរនឹងរថយន្ត SUV របស់ប៉ូលិស។ មន្រ្តីទីបីត្រូវបានគេឃើញឈរនៅចំហៀងដើម្បីបើកផ្លូវសម្រាប់ប៉ូលិសទីបួនសង្កត់កផ្លយ។

មន្រ្តីបានមកចាប់ផ្លយ បន្ទាប់ពីទទួលបានដំណឹងថាបុរសម្នាក់បានព្យាយាមប្រើឯកសារក្លែងបន្លំនៅហាងលក់គ្រឿងទេស Cup Foods។ យោងតាមនាយកដ្ឋានប៉ូលិសនេះបានឱ្យដឹងថា ការទាស់ទែងគ្នាជាមួយមន្រ្តីប៉ូលិសបានផ្ទុះឡើងនៅពេលដែលផ្លយជំទាស់នឹងការចាប់ខ្លួន។

ទោះបីមិនអាចមើលឃើញវគ្គដំបូង ៣០ វិនាទីនៃវីដេអូក៏ដោយ ក៏ប៉ុន្តែការថតនោះនៅទីបំផុតអាចចាប់បានមន្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ដាក់ជង្គង់ឆ្វេងរបស់គាត់នៅពីខាងក្រោយករបស់ផ្លយ បើទោះបីជាផ្លយនិយាយច្រើនដងថា គាត់មិនអាចដកដង្ហើមបានក៏ដោយ។

ក្រោយមកគេអាចស្តាប់ឮផ្លយនិយាយថា លោកប៉ូលិសនឹងសម្លាប់គាត់ ខណៈអ្នកស្រុកច្រើនឡើងបាននាំគ្នាចោមរោមមើល ដោយមនុស្សជាច្រើនស្រែកស្តីបន្ទោសលើអាកប្បករិយាឃោរឃៅរបស់ប៉ូលិស។ អ្នកស្រុកម្នាក់បានស្រែកដាក់ប៉ូលិសដែលយកជង្គង់សង្កត់កផ្លយថា លោកឯងកំពុងខ្ទប់ដង្ហើមគេហើយ៕ ដោយ៖ កញ្ញាដាលីស

បុរសឈ្មោះ ចច ផ្លយ ស្លាប់ក្រោយប៉ូលិសសង្កត់កជាប់ដកដង្ហើមមិនបាននៅរដ្ឋមីនីសូតា

ទីតាំងផ្សាយពាណិជ្ជកម្ម