បារាំងបញ្ចេញប្រាក់ ៨,៨ ពាន់លានដុល្លារជួយសង្គ្រោះ ឧស្សាហកម្មរថយន្ត

136
ចែករម្លែក

រដ្ឋាភិបាលបារាំងកំពុងចាក់បញ្ចូលទឹកប្រាក់ជាង ៨ ពាន់លានអឺរ៉ូ (៨,៨ ពាន់លាន ដុល្លារ) ដើម្បីជួយឧស្សាហកម្មរថយន្តរបស់ប្រទេសពីការខាតបង់ដ៏ធំធេង ដែលបង្កឡើងដោយការបិទទ្វារប្រទេសទប់ស្កាត់កូវីដ១៩និងចង់ប្រើវិបត្តិនេះដើម្បីធ្វើឱ្យបារាំងក្លាយជាអ្នកផលិតរថយន្តអគ្គិសនីលេខ ១ នៅអឺរ៉ុប។

ចាប់ផ្តើមនៅសប្តាហ៍ក្រោយ អតិថិជនអាចទទួលបានរហូតដល់ទៅ ១២.០០០ អឺរ៉ូពីរដ្ឋាភិបាលសម្រាប់ការទិញរថយន្តអគ្គិសនីក្រោមផែនការ “ប្រវត្តិសាស្រ្ត” ដែលបានបង្ហាញកាលពីថ្ងៃអង្គារទី២៦ឧសភា ដោយប្រធានាធិបតីបារាំង លោកអេមម៉ានូអែល ម៉ាក្រុង។

លោកម៉ាក្រុងនិយាយថា “ប្រទេសរបស់យើងនឹងមិនដូចពីមុនទេ បើគ្មានម៉ាកយីហោ ដ៏អស្ចារ្យរបស់ខ្លួន ដូចជា Renault, Peugeot, Citroen” ដោយលើកឡើងថា “វិបត្តិដែលមិនធ្លាប់មាន” សម្រាប់ឧស្សាហកម្មរថយន្តបានធ្វើឱ្យផលិតកម្មធ្លាក់ចុះជាង ៩០ ភាគរយតែនៅក្នុងប្រទេសបារាំងមួយ។

ក្រុមហ៊ុនផលិតរថយន្តនិងរដ្ឋាភិបាលនៅជុំវិញពិភពលោកក៏កំពុងដោះស្រាយជាមួយ នឹងការខាតបង់ស្រដៀងគ្នានេះដែរ។ អ្នកនយោបាយបានខ្វែងគំនិតគ្នាជុំវិញរបៀបជួយ ឧបត្ថម្ភដល់ឧស្សាហកម្មរថយន្ត ដែលបានទទួលទឹកប្រាក់រាប់ពាន់លានដុល្លារ រួចទៅហើយក្នុងការគាំទ្រពីរដ្ឋាភិបាលកាលពីមួយទសវត្សរ៍មុនបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ហើយឧស្សាហកម្មនេះកំពុងប្រឈមនឹងការចំណាយថ្មីនិងការរំខាន យ៉ាងខ្លាំងរួចទៅហើយជាមួយនឹងតម្រូវការកើនឡើងខ្ពស់សម្រាប់រថយន្តស្វ័យប្រវត្តិ និងរថយន្តការពារបរិស្ថាន។

ផែនការ ៨ ពាន់លានអឺរ៉ូរបស់លោកម៉ាក្រុងរួមបញ្ចូលទាំងការធានាបានប្រាក់កម្ចី របស់រដ្ឋាភិបាលបារាំង ដែលមានទឹកប្រាក់ ៥ ពាន់លានអឺរ៉ូក្រោមការពិភាក្សាសម្រាប់ ក្រុមហ៊ុនផលិតរថយន្តបារាំង Renault ប៉ុន្តែមិនមែនប្រាក់រាប់រយលានដែល រដ្ឋាភិបាល បានចំណាយលើការបង់ប្រាក់សម្រាប់ភាពគ្មានការងារធ្វើ បណ្តោះអាសន្នដល់កម្មកររថយន្ត ដែលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់មេរោគនោះទេ។

ផែនការថ្មីនេះរួមបញ្ចូលទាំងការឧបត្ថម្ភរបស់រដ្ឋាភិបាលដើម្បីលើកទឹកចិត្តអតិថិជនឱ្យបោះបង់រថយន្តចាស់ៗរបស់ពួកគេរួចទិញរថយន្តថ្មីការពារបរិស្ថាននិងការវិនិយោគ រយៈពេលវែងនៅក្នុងបច្ចេកវិជ្ជាច្នៃប្រឌិតថ្មី។ លោកម៉ាក្រុងបានកំណត់គោលដៅ ផលិតរថយន្តអគ្គិសនី ១ លានគ្រឿងនៅបារាំងនៅត្រឹមឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស/Ha

លោកម៉ាក្រុងដាក់ផែនការផលិតរថយន្តអគ្គិសនីឱ្យបាន១លានគ្រឿងក្នុងពេល៥ឆ្នាំទៀត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ