​លោក ស សុខា​៖ សហព័ន្ធ​កីឡា​ជាតិ អាច​ដំណើរការ ហាត់​ហ្វឹកហ្វឺន និង​បើក​ប្រកួត របស់ខ្លួន​ឡើងវិញ ជា​ជំហានៗ​

152
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន នី​ង​កីឡា លោក ស សុខា បាន​អញ្ជើញ​ចូលរួម ជួប​សំណេះសំណាល នី​ង​ប្រកាស​ជា​ផ្លូវការ ស្តីពី​ការអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព ហាត់​ហ្វឹកហ្វឺន និង​ការប្រកួត​លី​គ​ឡើងវិញ ជា​ជំហានៗ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ចំនួន ៣៤ នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​។​

លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន នី​ង​កីឡា

​លោក ស សុខា បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន នី​ង​កីឡា នឹង​អនុញ្ញាត​ឲ្យ សហព័ន្ធ​កីឡា​ជាតិ បើក​ដំណើរ​ការហាត់​ហ្វឹកហ្វឺន និង​ការប្រកួត​លី​គ របស់ខ្លួន​ឡើងវិញ ជា​ជំហានៗ ប៉ុន្តែ​ត្រូវមាន​ផែនការ អនុវត្ត​ច្បាស់លាស់ ព្រមទាំង​គោរព​តាម លក្ខខណ្ឌ​សុវត្ថិភាព ជាពិសេស​ការប្រកួត​ទាំងនេះ មិន​អនុញ្ញាត​ឲ្យ​មាន អ្នកទស្សនា​ឡើយ គឺ​ការប្រកួត​បិទទ្វារ​។​

​លោក​បាន​បន្តថា ការប្រកួត​លី​គ ក៏​មិនត្រូវ​ឲ្យ​មាន​ចំនួន កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​លើសពី ១០០ នាក់​ឡើយ មានន័យថា ការប្រកួត​តម្រូវ​ឲ្យ​មាន តែ​កីឡាករ -​កីឡាការិនី នី​ង​មន្ត្រី​បច្ចេកទេស តែប៉ុណ្ណោះ ទោះបី​មាន​កីឡាករ កីឡាការិនី នី​ង​មន្ត្រី​មិន​គ្រប់ ១០០ នាក់ ក៏​មិន​អនុញ្ញាត​ទស្សនិកជន ចូល​ទស្សនា ការប្រកួត​ឡើយ​។​

ទិដ្ឋភាព​ជួប​សំណេះសំណាល​

​ចំពោះ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ត្រូវ​ឲ្យ​ក្រុម​កីឡាករ -​កីឡាការិនី ជម្រើសជាតិ ចូល​ហ្វឹកហាត់ ព្រមទាំង​ស្នាក់នៅ ដូច​ធម្មជាតិ ក្រោម​ការត្រួតពិនិត្យ និង​ថែទាំ​សុខភាព ត្រឹមត្រូវ ហើយ​ម៉ឹងម៉ាត់​ជាប្រចាំ តាម​ការណែនាំ ដោយ​សហការ​ជាមួយ ក្រសួងសុខាភិបាល​។ ចំពោះ​ការហូបចុក ក្រុម​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ ទាំង​ឈុត​ធំ និង​ឈុត​តូច ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​។​

​យោងតាម​សារ​ជា​សំឡេង​ដើម របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាល​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ នេះ បាន​មានប្រសាសន៍ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា និង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា គប្បី​ធ្វើការ​ពិភាក្សាគ្នា ដើម្បី​បើក​ឲ្យ​មាន ការប្រកួត​កីឡា មួយចំនួន​ឡើងវិញ​៕v

ទិដ្ឋភាព​ជួប​សំណេះសំណាល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ