ភាគហ៊ុន Facebook កើនខ្ពស់ ជួយរុញឱ្យម៉ាកហ្សាក់ឃើបឺឡើងមកជាមហាសេដ្ឋីលំដាប់លេខ៣នៅសហរដ្ឋអាម៉េរិក

281
ចែករម្លែក

ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើបឺក បាននាំមុខលើលោក វ៉ារិន បាហ្វហ្វិត ក្លាយជាមហាសេដ្ឋីទី ៣ របស់អាម៉េរិក។

នាយកប្រតិបត្តិហ្សាក់ឃើបឺកបានឃើញទ្រព្យសម្បត្តិរបស់គាត់កើនពី ៥៤,៧ ពាន់លានដុល្លារដល់ ៨០ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបានកើនឡើងជិត ៤៨ ភាគរយក្នុងរយៈពេលពីរខែ រវាងខែមីនានិងឧសភា។

ការណ៍នេះបានធ្វើឱ្យគាត់នាំមុខមហាសេដ្ឋីនិងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក វ៉ារិន បាហ្វហ្វិត ដែលឃើញទ្រព្យសម្បត្តិរបស់គាត់កើនឡើងត្រឹម ០,៨ ភាគរយ។

លោកបាហ្វហ្វិតក៏បានផ្តល់ជំនួយសប្បុរសធម៌ចំនួន ១៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៤ និង ២០១៨ ផងដែរ។ លោកហ្សាក់ឃើបឺ និងភរិយាឈ្មោះ ព្រីស៊ីឡា​ ចាន់ បានបរិច្ចាគប្រាក់ចំនួន ១ ពាន់លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស នៅតែជាអ្នកមានបំផុតដដែល បន្ទាប់ពីទ្រព្យសម្បត្តិសុទ្ធរបស់គាត់លោតពី ១១៣ ពាន់លានដុល្លារទៅ ១៤៧,៦ ពាន់លានដុល្លារ។ លោកប៊ីល ហ្គេត ស្ថាបនិកក្រុមហ៊ុន Microsoft ស្ថិតនៅលំដាប់ទី ២ ដដែល៕ ដោយ៖ កញ្ញាដាលីស

លោកហ្សាក់ឃើបឺកក្លាយជាមហាសេដ្ឋីលំដាប់ទីពីរបន្ទាប់ពីបេហ្សូសនិងប៊ីលហ្គេត