ក្រឡាន​ខ្មែរលើ​នៅ​ខេត្តស្ទឹងត្រែង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​

123
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ពលរដ្ឋ​ខ្មែរលើ​រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​បន្ត​ប្រពៃណី​ដុត​ក្រឡាន​តាំងពី​ដូនតា​រហូតមក​ទល់នឹង​សព្វថ្ងៃ​។

ទោះបីជា​មិន​ល្បី​ដូច​នៅ​ខេត្តក្រចេះ​ក្តី​ក៏​ក្រឡាន​ខេត្តស្ទឹងត្រែង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​បើសិនជា​បាន​ភ្លក្ស​។​អ្នកភូមិ​បាន​និយាយថា​នៅ​ភូមិ​ហាង​ខូ​បាន​កាលពីមុន​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួសារ​ប្រកបមុខរបរ​ធ្វើ​ក្រឡាន​លក់​។​តែ​ក្រោយមក​មាន​ជីវភាព​ធូរធា​ក៏​ឈប់​ខ្លះ​អស់​ទៅ​។​

​អ្នកស្រី​ប៉​ហេង​អ្នកធ្វើ​ក្រឡាន​លក់​នៅ​ភូមិ​ហាង​ខូ​បាន​បាន​រៀបរាប់ថា​មុននឹង​ធ្វើ​ក្រឡាន​គេ​កាប់​ដើម​ឬ​ស្សី​ព្រៃ​នៅ​ខ្ចី​មក​កាត់​ជា​កង់​ខ្លី​។​ហើយ​យក​អង្ករដំណើប​ទៅ​លាង​ទឹក​រួច​ទុក​ឲ្យ​ស្ងួត​ដាច់ទឹក ទើប​យកមក​លាយ​ជាមួយ សណ្ដែក អង្គុយ​។​

​បន្ទាប់មក​យក​អង្ករ​ច្រកចូល​ក្នុង​បំពង់​ឫស្សី​ដែល​កាត់​ជា​កំណាត់​ប្រវែង​៣​ទៅ​៤​តឹក​។​រួច​ច្រក​ទឹកខ្ទិះ​ដូង​ក្នុង​បំពង់​ឫស្សី​និង​យក​កាកដូង​ដែល​សល់​ពី​ច្របាច់​ខ្ទិះ​រួចមក​បិទមាត់​បំពង់​ឫស្សី​ពេល​ដុត​កុំ​ឲ្យ​ហូរ​ខ្ទិះ​ចេញ​។​

​តាម​ការរៀបរាប់​ប្រាប់​ឲ​ដឹងថា​ក្រឡាន​ខេត្តស្ទឹងត្រែង​ខុសពី​ខេត្តក្រចេះ​ខេត្តកំពង់ចាម​និង​ខេត្ត​ដទៃទៀត​ពីព្រោះ​របៀប​ធ្វើ​ក៏​ខុសគ្នា​ដែរ​។

​គ្រួសារ​ធ្វើ​ក្រឡាន​លក់បាន​និយាយថា ដោយសារ​ធ្លាប់ធ្វើ​តាំងពី​ដូនតា​មក​ក៏​ធ្វើ​លក់​ក្នុងភូមិ​និង​ដឹក​ទៅ​លក់​នៅ​ផ្សារ​ស្ទឹងត្រែង​។ មានពេលខ្លះ ក៏មាន​អាណិកជន​ខ្មែរ មកពី​ក្រៅប្រទេស បាន​កម្មង់​ឱ្យ​គាត់​ដុត​ក្រឡាន តាម​ដែល​គេ​ត្រូវការ​។​

​សូមបញ្ជាក់ថា​របៀប​ដុត​ក្រឡាន​គេ​ដាក់​បញ្ឈរ រួច​ដុត​ឲ្យ​ឆ្អិន​ឬ​ស្សី​រោល​ឆេះ​ប្រែជា​ខ្មៅ ទើប​យកមក​ទទួលទាន​បាន​៕ ល​/សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ