រូបភាពពី​ផ្កាយរណប​បង្ហាញ ចិន​ពង្រីក​មូលដ្ឋាន​អាកាស​នៅ​ទី​បេតិ៍​នៅ​ជិត​ព្រំដែន​ឥណ្ឌា​

220
ចែករម្លែក

​រូបថត​ផ្កាយរណប​ដែល​ទទួល​បាន​ដោយ​ទូរទស្សន៍​ក្រុង​ញូវដេលី​ឥណ្ឌា (NDTV) បានបង្ហាញ​គម្រោង​សាងសង់​ដ៏​ធំ​មួយ​នៅ​អាកាសយានដ្ឋាន Ngari Gunsa នៅ​ភាគ​ខាងលិច​តំបន់​ទី​បេតិ៍​ ចម្ងាយ​ប្រហែល​២៤០​គីឡូម៉ែត្រ​ពី​តំបន់​Pangong Lake នៅ​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា​ជា​ទី​ដែល​កងកម្លាំង​ចិន​និង​កងកម្លាំង​ឥណ្ឌា​បាន​ប៉ះទង្គិច​គ្នា​កាលពី​ដើមខែ​នេះ​។​

​តាមរយៈ​រូបថត​ផ្កាយរណប​ទីមួយ​ដែល​បាន​ថត​កាលពី​ថ្ងៃទី​៦​ខែ​មេសា គេ​ឃើញ​វាល​យន្តហោះ​មួយ​ជាមួយ​នឹង​កន្លែង​ទីវាល​តូច​មួយ ដែល​គេ​អាច​មើលឃើញ ប៉ុន្តែ វា​មិនមែន​ជា​ផ្លូវ​យន្តហោះ​ធំ​ដែល​គេ​​អាច​មើលឃើញ​ច្បាស់​នោះទេ​។ ប៉ុន្តែ​រូបថត​ទី​២​ដែល​បាន​ថត​កាលពី​ថ្ងៃទី​២១​ខែ​ឧសភា ទំហំ​នៃ​មូលដ្ឋាន​នោះ​បាន​រីក​ធំ​ជាង​ទ្វេដង​។ វា​មិន​ត្រឹមតែ​មាន​គម្រោង​សាងសង់​ថ្មី​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​​ទីវាល​នោះ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ ក៏​ជា​អ្វី​ដែល​មើល​ទៅ​ដូច​ជា​ផ្លូវ​យន្តហោះ​ធំ​មួយ​ឬ​ក៏​ជា​ទីវាល​ទី ២ ដែល​កំពុង​សាងសង់​ផងដែរ​។

​អាកាសយានដ្ឋាន​នេះ​គឺជា​អាកាសយានដ្ឋាន​ប្រើ​បាន​ទាំង​២ គឺ​ទាំង​សម្រាប់​ការហោះហើរ​ស៊ីវិល​និង​តម្រូវការ​របស់​កងទ័ព​អាកាស​រំដោះប្រជាជន (PLAAF) ។ នេះ​បើ​យោង​តាម​វេបសាយ​sputniknews​កាលពី​ថ្ងៃទី​២៦​ខែ​ឧសភា​ឆ្នាំ​២០២០​។​

​ការស្ថាបនា​នេះ​កើតឡើង​ចំពេល​មានការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​បន្ទាត់​ព្រំដែន​ត្រួតពិនិត្យ​ជាក់ស្តែង​ដែល​ជា​ព្រំដែន​រវាង​តំបន់​ចាំ​មុយ និង​តំបន់​កា​ស្មៀ ដែល​អះអាង​កាន់កាប់​ដោយ​ឥណ្ឌា​និង​ចិន​៕ ​ប្រែ​សម្រួល​៖​សុខា​/sn

យន្តហោះ​ចម្បាំង​ចិន​មួយ ចុះរ​ត់​នៅលើ​ផ្លូវ​បន្ទាប់​ពី​ហ្វឹកហាត់​ហោះហើ​រ​(​រូប​ឯកសា​ឆ្នាំ​២០១៥)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ