ក្រសួង​ប្រគល់​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​០១​គ្រឿង ជូន​ដល់​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប​

185
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៧​ខែឧសភា​នេះ បានប្រគល់​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​មួយគ្រឿង ជូន​ដល់​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​នាយកដ្ឋាន​រង្វាន់ និង​លើកទឹកចិត្ត នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ព័ត៌មាន​បរិស្ថាន និង​លោកនាយក លោកនាយ​ករង លោកគ្រូ និង​អ្នកគ្រូ នៃ​វិទ្យាស្ថាន​កសិកម្ម​ព្រែកលៀប​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួងបរិស្ថាន​។​

​នា​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​កោតសរសើរ​ដល់​គណ​:​គ្រប់គ្រង​វិទ្យាស្ថាន ដែល​បានគិត​គូរ​ដល់​សុវត្ថិភាព និង​សុខភាព​បុគ្គលិក តាមរយៈ​ការផ្តល់​ទឹកស្អាត​សម្រាប់​បរិភោគ ការចូលរួម​ថែរក្សា​បរិស្ថាន និង​ការចំណាយ​របស់​បុគ្គលិក សាស្ត្រាចារ្យ និង​សិស្ស​និ​សិ​ត្ស ទៅលើ​ការទិញ​ទឹក​បរិភោគ​។​

​ទន្ទឹមនឹងនោះ លោកនាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មូលនិធិ​បរិស្ថាន​និង​សង្គម តាមរយៈ​ក្រសួងបរិស្ថាន ពិសេស​លោក រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បានផ្តល់​ធុង​ចម្រោះ​ទឹកស្អាត​នេះ​ដល់​វិទ្យាស្ថាន​។

​លោក​បាន​បញ្ជាក់ថា​ធុង​ចម្រោះ​ទឹកស្អាត​នេះ​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិទ្យាស្ថាន​ដូចជា​៖
១. កាត់បន្ថយ​ការចំណាយ​ថវិកា​ក្នុង​ការទិញ​ទឹក​របស់​បុគ្គលិក សាស្ត្រាចារ្យ និង​សិស្ស​និស្សិត​។​
២. ចូលរួម​ថែរក្សា​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​
៣. បុគ្គលិក សាស្ត្រាចារ្យ និង​សិស្ស និស្សិត ទទួលបាន​ទឹកស្អាត​មាន​សុវត្ថិភាព សម្រាប់​បរិភោគ​។​
៤. មាន​សុខ​ភាពល្អ​។​

​គួរ​បញ្ជាក់ដែរថា នេះ​ជា​ធុង​ចម្រោះ​ទឹក​មួយ ក្នុងចំណោម​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​១១​គ្រឿង ដែល​ត្រូវបាន​ប្រគល់ជូន​ដល់​សាកលវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និង​វត្ត​អារាម​ផង ដោយ​មូលនិធិ​បរិស្ថាន​និង​សង្គម តាមរយៈ​ក្រសួងបរិស្ថាន​៕ ល​