ចិនជាអ្នកឈ្នះ មិនថានរណាប្រជែងបង្កើតវ៉ាក់សាំងកូវីដ១៩បានមុនគេនោះឡើយ

804
ចែករម្លែក

ការគ្រប់គ្រងរបស់ចិនលើគ្រឿងផ្សំមូលដ្ឋានដើម្បីផលិតឱសថបានផ្តល់អានុភាពដ៏ធំដល់ប្រទេសយក្សអាស៊ីមួយនេះលើការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនថាអ្នកណាឈ្នះការប្រជែងបង្កើតវ៉ាក់សាំងលើពិភពលោកនោះឡើយ។

ប្រទេសជាច្រើនរួមមានសហរដ្ឋអាម៉េរិកចក្រភពអង់គ្លេសបារាំងនិងអូស្ត្រាលីសូម្បីសិង្ហបុរីនិងម៉ាឡេស៊ីក៏កំពុងស្វែងរកវ៉ាក់សាំងដើម្បីបញ្ចប់ជំងឺរាតត្បាតដែលចម្លងដល់មនុស្សជិត ៦ លាននាក់និងសម្លាប់មនុស្សជាង ៣៥០.០០០ នាក់ដែរ ចាប់តាំងពីវាត្រូវបានរកឃើញដំបូងនៅទីក្រុងវូហានភាគកណ្តាលប្រទេសចិនក្នុងខែធ្នូ។

ទីប្រឹក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវជីវគីមី Hastings Center ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក លោកស្រី រ៉ូសេម៉ារី ហ្គីបសុន បានប្រាប់កាសែត Straits Times ថា ខណៈមិនមានទិន្នន័យជាក់លាក់ស្តីពីចំណែកទីផ្សាររបស់ចិននៃសមាសធាតុស្នូលដែលប្រើក្នុងវិស័យឱសថ ចិនបានគ្រប់គ្រងផលិតកម្មវត្ថុធាតុដើមនិងគីមី ៨០ ភាគរយលើសកលលោក ដែលត្រូវការចាំបាច់សម្រាប់ផលិតឱសថទូទៅ។

ប្រការនេះអាចផ្តល់ឱ្យប៉េកាំងនូវប្រៀបឈ្នះសូម្បីកំពុងមានភាពតានតឹងជាមួយវ៉ាស៊ីនតោនកាន់តែខ្លាំងឡើងក្នុងអំឡុងពេលនៃការផ្ទុះកូវីដ១៩ ចំពេលកំពុងមានល្បែងស្តីបន្ទោសគ្នាអំពីប្រភពដើមនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យមនុស្សជាតិជាងពាក់កណ្តាលផែនដីធ្លាក់ចូលក្នុងកម្រិតផ្សេងៗនៃការបិទទ្វារប្រទេស។

លោកស្រីហ្គីបសុនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណេតកាលពីព្រឹកថ្ងៃពុធ ទី២៧ ឧសភាអំពីខ្សែសង្វាក់ផ្គត់ផ្គត់ឱសថដោយមូលនិធិសារព័ត៌មានជាតិ (NPF) នៅវ៉ាស៊ីនតោន យ៉ាងដូច្នេះថា “ពិតណាស់នោះនឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍និងជំហរផ្តាច់មុខប្រកបដោយសក្តានុពលលើការផលិតវ៉ាក់សាំង”។

លោកស្រីបានបន្ថែមថា វាជាបញ្ហាដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក ព្រោះក្រៅពីបញ្ហាវ៉ាក់សាំងកូវីដ១៩ សហរដ្ឋអាម៉េរិកមិនអាចបង្កើតថ្នាំអង់ទីប៊ីយោទិចបានទៀតទេសម្រាប់ជំងឺទាក់ទងផ្លូវដង្ហើមដូចជាជំងឺរលាកសួតនិងជំងឺរលាកទងសួត។

លោកស្រីនិយាយថា “យើងពឹងផ្អែកភាគច្រើនលើចិនចំពោះសារធាតុគីមីសំខាន់ៗទាំងនោះក៏ដូចជាពិភពលោកទាំងមូលផងដែរ”។

នៅលើក្រដាស ចិនមានតែ ១៣ ភាគរយប៉ុណ្ណោះនៃរោងចក្រផលិតគ្រឿងផ្សំឱសថសកម្ម (API) លើពិភពលោក ដែលត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតជាឱសថសម្រេច។ ខណៈនេះមានចំនួនតិចជាងចំណែករបស់អាម៉េរិកពាក់កណ្តាល លោកឆាក់ ក្រាសស្លី ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាអាម៉េរិកបានសរសេរកាលពីឆ្នាំមុនថា API ៨០ ភាគរយដែលប្រើក្នុងឱសថផលិតដោយអាម៉េរិកគឺនាំចូល ដែលភាគច្រើនគឺនាំចូលពីចិននិងឥណ្ឌា។

ចិនក៏កាន់កាប់ស្ទើរតែផ្តាច់មុខលើវត្ថុធាតុដើមសំខាន់ៗរាប់ពាន់ទៀតដែរដូចជាអន្តរការីគីមីនិងគ្រឿងផ្សំពីរុក្ខជាតិចំហុយ អង់ទីប៊ីយ៉ូទិក និងជ្រូក។ ឧស្សាហកម្មឱសថរបស់ប្រទេសមហាអំណាចអាស៊ីមួយនេះបានទទួលអត្ថប្រយោជន៍ពីអតីតកាលក្នុងការរាំងខ្ទប់បណ្តាញផ្គត់ផ្គង់ដទៃទៀត ដោយបង្កើនសមត្ថភាពផលិតកម្ម និង អ្វីដែលលោកស្រីហ្គីបសុននិយាយជាការអនុវត្តដូចក្រុមជើងកាងគ្រឿងញៀន ដូចជាការកំណត់តម្លៃជាដើម។

សហរដ្ឋអាម៉េរិកឈប់ផលិតថ្នាំ Penicillin ក្នុងឆ្នាំ ២០០៤ ព្រោះចិនបានឈ្នះសង្គ្រាមតម្លៃ ដែលលោកស្រីហ្គីបសុននិយាយថាត្រូវបានជួយឧបត្ថម្ភដោយរដ្ឋាភិបាលចិន។ ចិនបានគ្រប់គ្រងលើការផលិតថ្នាំ Penicillin ចំនួន ២ ភាគ ៣ ក្នុងឆ្នាំ ២០០៦ មុនពេលដំឡើងថ្លៃថ្នាំនេះទ្វេដងក្នុងឆ្នាំ ២០០៧។

ឥណ្ឌាអាចជាអ្នកផ្គត់ផ្គង់ជំនួសមួយសម្រាប់អាម៉េរិក ប៉ុន្តែសូម្បីឧស្សាហកម្មឱសថធំៗរបស់ឥណ្ឌាក៏ពឹងលើចិនសម្រាប់វត្ថុធាតុដើមប្រមាណ ៦៩ ភាគរយដែរ។

ទោះយ៉ាងណា ឥឡូវនេះគេមានការព្រួយបារម្ភថាចិនអាចនឹងចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំងលើតម្លៃទំនិញទាក់ទងផ្នែកវេជ្ជសាស្ត្រ ដែលប្រើដើម្បីប្រយុទ្ធនឹងកូវីដ១៩។

អ្នកវិភាគគោលនយោបាយពាណិជ្ជកម្មជាន់ខ្ពស់លោក សេបាស្ទាន មីរ៉ូដុត នៃអង្គការសម្រាប់សហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បាននិយាយថា ក្នុងអំឡុងពេលមានជំងឺរាតត្បាត ពុំមានកង្វះខាតផ្នែកឱសថ ដូចកង្វះខាតទំនិញដទៃទៀតដូចជា ឧបករណ៍ការពារ ឧបករណ៍ធ្វើតេស្ត ឧបករណ៍លាងសម្អាតមេរោគ និង ម៉ាស៊ីនដកដង្ហើម នោះទេ។

ទិន្នន័យរបស់អង្គការ OECD បានបង្ហាញថា គ្មានប្រទេសណាមួយក្នុងឆ្នាំ ២០១៨ មានចំណែកច្រើនជាង ១៥ ភាគរយនៃការនាំចេញឧបករណ៍ទាំងនេះទេ។ សិង្ហបុរីឈរនៅលំដាប់ទី ១៣ និងម៉ាឡេស៊ីឈរនៅលេខរៀងទី ១៧ នៅពីក្រោយប្រទេសអាល្លឺម៉ង់។

អង្គការបាននិយាយនៅក្នុងរបាយការណ៍ថ្ងៃទី៥ឧសភា ដោយបង្ហាញអាម៉េរិកនិងចិនជាប់ចំណាត់ថ្នាក់កំពូលទាំង៤លើលោកទាំងការនាំចូលនិងការនាំចេញឧបករណ៍វេជ្ជសាស្ត្រចាំបាច់អំឡុងពេលផ្ទុះកូវីដ១៩ យ៉ាងដូច្នេះថា “ពិតណាស់ខណៈសហរដ្ឋអាម៉េរិកនិងអាល្លឺម៉ង់មានជំនាញក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ ចិននិងម៉ាឡេស៊ីគឺមានជំនាញខ្លាំងបំផុតខាងផលិតសម្លៀកបំពាក់ការពារ”។

លោកមីរ៉ូដុតបានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មាន NPF ថា “ប្រទេសនីមួយៗមានឯកទេសផ្សេងគ្នាលើទំនិញទាក់ទងនឹងកូវីដ១៩ ហើយត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក”។

លោកបាននិយាយថា “អ្នកនាំចេញម៉ាស់ខ្ពស់ជាងគេគឺចិនប៉ុន្តែប្រសិនបើយើងក្រឡេកមើលឧបករណ៍ទុយោស៊កវិញ អ្នកនាំចេញធំជាងគេគឺសហរដ្ឋអាម៉េរិក ប្រសិនបើយើងក្រឡេកមើលស្រោមដៃវះកាត់វាគឺម៉ាឡេស៊ី។ នេះជាពិភពលោកមួយដែលពឹងពាក់លើគ្នាទៅវិញទៅមកខាងពាណិជ្ជកម្ម”៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងកូវីដ១៩កំពុងត្រូវបានស្រាវជ្រាវនៅប៉េកាំង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ