ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិ​លេខ៥ ជា​ច្រក​សេដ្ឋ​កិច្ចដ៍សំខាន់ ត្រូវ​តែ​រឹងមាំ ជាប់បានយូរ

214
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ ផ្លូវជាតិលេខ៥ ត្រូវតែស្ថាបនាឱ្យមានគុណភាពល្អ រឹងមាំ ជាប់បានយូរ ព្រោះវា​ជាហាយវ៉េអាស៊ាននិងច្រកសេដ្ឋកិច្ចដ៏សំខាន់​ដែលមានសកម្មភាពដឹកជញ្ជូនទំនិញច្រើនមិន​ត្រឹម​តែក្នុងប្រទេសទេតែវាភ្ជាប់ពីចិន មីយ៉ាន់ម៉ា ថៃ រួចមកម្ពុជា។ដូច្នេះហើយផ្លូវដែលមាន​ប្រវែង​ជាង​៣០០គីឡូម៉ែត្រនិងគ្រោងចំណាយថវិកាជាង៥០០លានដុល្លារនេះក្រាលកៅស៊ូ AC កម្រាស់​​១៥សង់ទីម៉ែត្រ ដែលក្រាស់អាចធន់នឹងការដឹកជញ្ជូនទំនិញច្រើន។

នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការនិង​ដឹក​ជញ្ជូនក្នុងពេលដឹកនាំគណៈប្រតិភូចុះពិនិត្យមើលគុណភាពនៃការសាងសង់ពង្រី​កផ្លូវ​ជាតិ​លេខ​៥ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធតំណាងក្រុមហ៊ុនសាងសង់តំណា​ង​ក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និង ភាគីពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការនិង​ដឹក​ជញ្ជូនដឹកនាំ​គណៈ​ប្រតិភូចុះពិនិត្យយមើលគុណភាពនៃការសាងសង់ពង្រី​កផ្លូវ​ជាតិ​លេខ​៥

ការចុះពិនិត្យផ្លូវនាថ្ងៃទី២៧ខែឧសភានេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាមបទដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណាដើ​ម្បី​​ធានាដល់ការប្រើប្រាស់បានយូរអង្វែងតាមរយៈការប្រើប្រាស់ម៉ាស៊ីនខួង​ពិនិត្យមើល​ស្រទា​ប់​គ្រឹះ​

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា៖ផ្លូវនេះជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ងាយស្រួលជាងមុន ចំណេញពេលវេលា កាត់​បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

ទេសរដ្ឋមន្ត្រីបានបន្ថែមថាដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងមានការរីកចម្រើន យើងត្រូវ​មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អដែលអាចទាក់ទាញអ្នកវិនិយោគបង្កើតការងារឲ្យប្រជាពល រដ្ឋយើងធ្វើបង្កើនប្រាក់ចំណូលគ្រួសារនិងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន​។

ទាក់ទងនឹងវឌ្ឍនភាពនៃការសសាងសង់ផ្លូវជាតិលេខ៥នេះលោករដ្ឋមន្ត្រីក្រសួងសា​ធា​​រណ​ការ​និងដឹកជញ្ជូនបានឱ្យដឹងថា៖គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ចែ​ក​​ចេញជាបី​គឺ​ភាគខាងជើង ភាគកណ្តាលនិងភាគខាងត្បូង។ការអនុវត្តគម្រោងធ្វើឱ្យ​ប្រសើ​រ​ឡើ​ង​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លាន ដុល្លារអាមេរិក ត្រូវបានសម្ភោធ​បើកការដ្ឋាន​សាង​សង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៧០,០៥%ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ពី២គន្លង​ទៅ​៤គន្លងក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តា​ល គ្រោង​ចំណាយទឹកប្រាក់ សរុបចំនួន១៦១,៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤២ខែ គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ សម្រេចបាន១៥,៦៥%ហើយ។

ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូងមានប្រវែងសរុប ១៣៥​​,២៥ គីឡូ ម៉ែត្រ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី២​គន្លងទៅ៤គន្លង ក្រាលកៅ ស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន២៤៦,៣៥លានដុល្លារអាមេរិកហើយការស្ថាបនាមាន​រយៈ​ពេល ប្រមាណ៤៨ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ២៦,២៦%ហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ក្រោយពីការចុះត្រួតពិនិត្យ​ការដ្ឋាន​សាង​សង់ផ្លូវជាតិលេខ៥មួយចំនួន ដោយមិនបានជូនដំណឹងក្រុមហ៊ុន សាងសង់ដឹងជាមុន (Spot check)លទ្ធផលបានបង្ហាញថា៖គុណភាពសំណង់​ឋិតក្នុងកម្រិតស្តង់ដារ​មួយល្អ​អាច​ទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការ ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុងការថែទាំជួសជួល។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពល​រដ្ឋ ក៏ដូចជា​អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមាន​គ្រោះថ្នាក់ចរាចរណ៍”។

គួរកត់សម្គាល់ថា៖ ម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥​គឺជាគម្រោងក្រោម​កម្ចី​ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិ​​ជប៉ុន​ប្រចាំ​កម្ពុជាដែលផ្តើម​សាង​សង់ចេញពីព្រែកក្តាមរហូតដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្ត​កណ្តាល កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបងនិងខេត្តបន្ទាយមានជ័យមានប្រវែងសរុប៣៦៦​គីឡូម៉ែត្រ​គ្រោង​ចំណាយថវិកា​ប្រមា​ណ ៥០០លានដុល្លារអាមេរិកហើយការស្ថាបនា​ត្រូវបាន​បែងចែកជាបី​ផ្នែក​ធំៗគឺ៖ភាគខាង​ជើង ភាគខាងត្បូងនិងភាគកណ្តាលដែលនឹងសាងសង់ហើយ​នៅឆ្នាំ​២០​២​២៕

ទីតាំងផ្សាយពាណិជ្ជកម្ម