​ក្រសួង​ប្រៃសណីយ៍​បញ្ជាក់​ពី​ការពង្រឹង​សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​

173
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានបង្ហាញ​ពី​ការពង្រឹង​នូវ​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​ឡើងវិញ​បន្ទាប់ពី​មាន​បញ្ហា​ខ្លះៗ​កើតឡើង​ដែលនាំឱ្យ​ការប្រើប្រាស់​រអាក់រអួល​និង​មានការ​រិះគន់​ពី​សាធារណជន​មួយចំនួន​រួចមក​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កាលពី​ព្រលប់​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២០​បានបញ្ជាក់​ដល់​សាធារណជន​ឱ្យបាន​ជ្រាប​ពាក់ព័ន្ធ​ទៅនឹង​ភាពរអាក់រអួល​នៃ​សេវា​ទូរស័ព្ទ​ចល័ត​នៅតាម​តំបន់​មួយចំនួន​នោះ ក្រសួង​កំពុង​ចាត់​ឱ្យ​ក្រុមការងារ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC)​ចុះ​ត្រួតពិនិត្យ​គុណភាព​សេវា​ទូរ​សព្ទ​ឡើងវិញ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​បានឱ្យដឹង​ដែរ​ថា​តាមរយៈ​ការពង្រឹង​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត​នេះ​ក្រសួង​ជំ​រុញឱ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​ពង្រឹងគុណភាព​សេវា​របស់ខ្លួន​ឱ្យបាន​ល្អ​តាមរយៈ​ការបំពាក់​ឧបករណ៍​និង​ការសាងសង់​បង្គោល​អង់​តែ​ន​បន្ថែមទៀត​។​
ទោះបីយ៉ាងណា​ក្តី​ក្រសួង​មួយ​នេះ​បានលើកឡើង​ដែរ​ថា​នា​កន្លងមក​ការ​តម្លើង​បង្គោល​អង់​តែ​ន​ក៏​ជួប​នូវ​ឧបសគ្គ​មួយចំនួន​ផងដែរ​ដោយសារ​ថា​សាធារណជន​ខ្លះ​ព្រួយបារម្ភ​ទៅលើ​ផលប៉ះពាល់​នានា​ដូចជា ការបាក់​រលំ​។​ជាពិសេស​ការព្រួយបារម្ភ​លើ​ផលប៉ះពាល់​សុខភាព​ពី​ការ​សាយភាយ​រលកអាកាស​វិទ្យុ​ដោយ​យល់ច្រឡំ​ថា​ជា​ប្រភេទ​រលក​វិទ្យុសកម្ម​ទៅវិញ​។​

ដោយសារ​ផ្អើ​ម​ចេញពី​បញ្ហា​ខាងលើនេះ​និង​ព្រម​ជាមួយគ្នា​ដោយសារ​សភាពការណ៍​ប​ច្ចុ​ប្បន្ន​ប្រជាពលរដ្ឋ​មាន​តម្រូវការ​សេវា​ទូរស័ព្ទ​និង​សេវា​អ៊ីនធឺណិត​កាន់តែខ្លាំង​។​ជាពិសេស​ជាមួយនឹង​ការរៀន​តាម​អន​ឡាញ​(Online)​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆាប់រហ័ស​ដែល​ធានា​គុណភាព​ដើម្បី​បម្រើឱ្យ​គោលដៅ​នៃ​ការអភិវឌ្ឍ​ចំពោះមុខ​។​

ក្នុងន័យនេះ​ក្រសួង​ប្រៃសណីយ៍​បាន​អំពាវនាវ​ដូចខាងក្រោម​៖១,​ប្រតិបត្តិ​ករ​ទូ​រគ​នាគ​មន៍​ចល័ត​ទាំងអស់​ត្រូវ​ពង្រឹងគុណភាព​សេវា​ទូរស័ព្ទ​របស់ខ្លួន​នៅ​គ្រប់កន្លែង​ជាពិសេស​នៅតាម​ទីប្រជុំជន​និង​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ដោយ​បំពាក់​ឧបករណ៍​ផ្តល់​សេវា​ឬ​សាងសង់​បង្គោល​អង់​តែ​ន​បន្ថែមទៀត​ជា​កំហិត​។​

​ក្រសួង​សូមបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា​ប្រតិបត្តិ​ករ​ទូរ​គ​នាគ​មន៍​ត្រូវ​ធានា​លើ​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​ជូន​អ្នកប្រើប្រាស់​ស្របតាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ​របស់ខ្លួន​។​រាល់​ការផ្តល់សេវា​ទូរស័ព្ទ​ចល័ត​ដែល​មិនមាន​គុណភាព​គឺជា​អំពើ​មិន​សុចរិត​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។​២,​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​គ្រប់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ទាំងអស់​បាន​ប្រើប្រាស់​ឧបករណ៍​ស្របតាម​ស្តង់ដា​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​(ITU)​ហើយ​។​

​បច្ចុប្បន្ននេះ​អង្គការ​សុខភាព​ពិភពលោក​(WHO)​មិនមាន​ការរកឃើញ​ផលប៉ះពាល់​ជាក់លាក់​ណាមួយ​ដល់​សុខភាព​ដែល​បណ្តាលមកពី​ស្ថាន​នី​យ៍​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​ពីព្រោះ​រលកអាកាស​វិទ្យុ​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​មិនមែនជា​ប្រភេទ​រលក​វិទ្យុសកម្ម​ទេ​។​បន្ថែម​លើ​នេះ​ទៀត​នៅលើ​បង្គោល​នីមួយៗ​ក៏មាន​ភ្ជាប់​នូវ​ឧបករណ៍​ការពារ​រន្ទះ​ផងដែរ​។​

​ក្នុងន័យនេះ​ក្រសួង​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មេត្តា​ផ្តល់​កិច្ចសហការ​ក្នុងការ​សាងសង់​បង្គោល​អង់​តែ​ន​នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។​ទ​ន្ទឺ​ម​នឹង​នេះ​ក្រសួង​នឹង​ជំរុញ​ឱ្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បន្ត​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ​ខ្ពស់បំផុត​ដើម្បី​ធានាថា​សេវា​ទូរស័ព្ទ​មានគុណ​ភាព និង ឧបករណ៍​ទាំងអស់​ស្របតាម​ស្តង់ដា​បច្ចេកទេស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម