ខ្យល់មូសុង​បង្កើន​ឥទ្ធិពល​ខ្លាំង​ធ្វើឱ្យមាន​ភ្លៀង​ច្រើន​ថ្ងៃ

236
ចែករម្លែក
នៅ​ថ្ងៃទី​២៧ ខែឧសភា រសៀល មាន​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម នៅ​ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​(​រូប​ក្រសួង​ធនធានទឹក​)

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​របប​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល ធ្វើឱ្យ​ស្ថានភាព​ភ្លៀង​ធ្លាក់​នៅក្នុង​ប្រទេស​កម្ពុជា​រ៉ា​យ​ប៉ាយ​ច្រើន​មកវិញ​និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំងនៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​អំឡុង​ពីថ្ងៃ​ទី​២៧​ដល់​ថ្ងៃទី​៣០​ខែឧសភា ព្រម​ពេល​ជាមួយគ្នានេះ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ) អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង ប្រទេស​វៀតណាម ​បាន​ទៅ​ចាប់​ជាប់​នឹង​សម្ពាធ​ទាប​ក្នុង​ឈូង​សមុទ្រ​តុងកឹង ធ្វើឱ្យមាន​ភ្លៀង​ចាប់ផ្តើម​ធ្លា​ក់នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​។​


​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​ថា ចាប់ពី​ថ្ងៃទី​២៧​ដល់ ថ្ងៃទី​៣០​ខែឧសភា នៅក្នុង​ប្រទេស​កម្ពុជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ត្រឡប់មកវិញ ដោយសារ​របប​ខ្យល់មូសុង​និរតី​បាន​បង្កើន​ឥទ្ធិពល​ខ្លាំង ជាពិសេស​នៅ​តំបន់​ទំនាប កណ្តាល​ភាគ​ពាយ័ព្យ​។​


​ ​ព្រម​ពេល​ជាមួយនឹង​របប​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​ខ្លាំង​នេះ លោក​ចាន់​យុ​ត្ថា​បានបញ្ជាក់​ថា ​នៅលើ​ភាគ​ខាងជើង​ប្រទេស​ថៃ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​( ITCZ)​អូស​កាត់​រហូតដល់​ប្រទេស​ឡាវ​និង​វៀតណាម​ទៅ​ចាប់​ជាប់​នឹង​សម្ពាធ​ទាប​មួយ​នៅក្នុង​ឈូង​សមុទ្រ​តុងកឹង​ នឹង​ធ្វើឱ្យ​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​ច្រើននៅ​តំបន់​អាង​ទន្លេមេគង្គ​លើ ។ តែ​ប្រព័ន្ធ​ទាប​នេះ ពុំមាន​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ទេ​។​ក្នុងប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​ខ្លាំង​។​


​ ​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ថា ខ្យល់មូសុង​និរតី​នឹង​បក់​ខ្លាំង​មកលើ​ប្រទេស​កម្ពុជា​ស្ថានភាព​បែបនេះ​ធ្វើឱ្យ​ចាប់ពី​ថ្ងៃទី​២៧​ខែឧសភា​ដល់​ថ្ងៃទី​០២​ខែមិថុនា​ឆ្នាំ​២០២០ ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥​ទៅ​២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៦​អង្សា​សេ​។​
​ ​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់​ឦសាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣​ទៅ​២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣២​ទៅ​៣៥​អង្សា​សេ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៦​ទៅ​២៨​អង្សា​សេ​ សី​តុណ្ហ​ភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​


​ ​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ចាប់ពី​ថ្ងៃទី​២៧​ខែឧសភា​ដល់​ថ្ងៃទី​២​ខែមិថុនា ​នៅ​តំបន់​វាលទំនាប​កណ្តាល អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​ភាគ​ពាយ័ព្យ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ តែ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា វៀតណាម មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម និង តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​


​ ​ព្រម​ពេល​ជាមួយនឹង​ការ​មាន​ភ្លៀង​ធ្លាក់​ច្រើន ខ្លាំង​នៅ​ភាគ​ពាយព្យ​នេះ​ក្នុង​សេចក្តីជូនដំណឹង​បាន​អំពាវនាវ​ឱ្យមាន​ការ​ប្រុង​ប្រ​យ័​ត្នចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ដែល​នៅតែ​អាច​កើតមាន​ជាយថាហេតុ​៕srn/Ha

​នៅ​ថ្ងៃទី​២៧ ខែឧសភា រសៀល មាន​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម នៅ​ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​(​រូប​ក្រសួង​ធនធានទឹក​)

ទីតាំងផ្សាយពាណិជ្ជកម្ម