គំរោងមួយស្តីអំពីបញ្ហាប្រឈមនៃសង្គមរបស់កម្ពុជាទទួលបានជំនួយ ហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសំរាប់ការប្រយុទ្ធប្រឆាំង COVID-19

216
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ដោយបានចូលរួមប្រកួតប្រជែងជាមួយគំរោងប្រមាណជិត២០០០ដែលស្នើឡើងដោយប្រទេសចំនួន៧៩ មានគំរោងមួយស្តីអំពីបញ្ហាប្រឈមនៃសង្គមរបស់ប្រទេសកម្ពុជាត្រូវបាន ជ្រើសរើសដើម្បីទទួលបាននូវជំនួយហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសំរាប់ការប្រយុទ្ធប្រឆាំង COVID-19 ។

គំរោងនេះដឹកនាំដោយក្រុមសាស្ត្រាចារ្យ និស្សិតនិងអ្នកស្រាវជ្រាវវ័យក្មេងនៃសាកលវិទ្យាល័យ បាត់ដំបង ដោយមានអង្គការអន្តរជាតិមួយជាដៃគូ ។ គំរោងនេះធ្វើការសិក្សាស្វែងយល់អំពី ស្ថានភាពបច្ចុប្បន្នរបស់កសិករខ្នាតតូចតាមបណ្តាខេត្តនានានៅតាមបណ្តោយព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងកំណត់អត្ថសញ្ញាណរកដំណោះស្រាយនិង មធ្យោបាយក្នុង និងក្រោយ ពេលមានការរាតត្បាតនៃមេរោគកូវីត។

ទិន្នន័យដែលប្រមូលបានទាំងអស់អាចឱ្យអាជ្ញាធរមានទស្សនៈវិស័យច្បាស់លាស់លើបរិបទ តាមមូលដ្ឋាន ដើម្បីចាត់វិធានការណ៏ឱ្យ បានសមស្រប។គំរោងនៃសាកលវិទ្យាល័យបាត់ដំបង ត្រូវបានលើកទឹកចិត្តក្នុងក្របខ័ណ្ឌនៃការឆ្លើយតបនឹងការផ្តល់ជូនជាលក្ខណៈអន្តរជាតិដែល បានផ្សព្វផ្សាយដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)ដើម្បីគាំទ្រគំនិតផ្តួច ផ្តើមរបស់និស្សិត សិស្សវិស្វករ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងឡាយដែល ពាក់ព័ន្ធនឹង ការរាត ត្បាតនៃកូវីត១៩។

គោលបំណងនៃការផ្តល់ជូននេះគឺជួយជ្រោមជ្រែងការឆ្លើយតបដល់សហគមន៍សាកលវិទ្យាល័យល័យចំពោះការរាត្បាត និងគំាទ្រការអភិវឌ្ឍន៍រកដំណោះស្រាយបញ្ហាប្រឈមផ្នែក​បច្ចេក​ទេស និង/ឬ សង្គមជាបន្ទាន់ ដើម្បីជួយប្រព័ន្ធសុខាភិបាលនិងប្រជាជន ប្រឈមនឹង​វិបត្តិសុខ​ភាព​ដែលមិនធ្លាប់មាន។ការផ្តួចផ្តើមទាំងឡាយដែលត្រូវបានជ្រើសរើស​ត្រូវតែផ្សារ​ភ្ជាប់​បញ្ ប្រឈមផ្នែកបច្ចេកទេសសេដ្ឋកិច្ចនិង/ឬ សង្គមដែលអាច​វាយតម្លៃបាន​ក្នុងរយៈ​ពេល​យ៉ាងខ្លី។ ឧទាហរណ៏ គំរោងទាំងឡាយដែលផ្តល់ដំណោះស្រាយគំរូភាពដែលមាន​លក្ខណៈ​សមស្រប​តាមបញ្ញាតិជាតិនិងគំរោងដែលដឹកនាំដោយស្ត្រីត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ។

លោកស្រី Ouidad Tebbaa នាយិកាតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ AUF បានអះអាងថា៖ « ការផ្តល់ជូនគំរោង Covid-19 របស់AUFនេះ បានរំលេចឡើងនូវសមត្ថភាពទាំងអស់នៃសា កលវិទ្យាល័យជាសមាជិករបស់យើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការផ្តួចផ្តើមនិងឆ្លើយតប ចំពោះ​តម្រូវការជាចាំបាច់នៃសង្គមក្នុងអំឡុងពេលរាត្បាត ។ យើងមានតែកោត​សរសើរនិង​លើក​ទឹកចិត្តអ្នកស្រាវជ្រាវតាមមធ្យោបាយនេះ ដោយយល់ថាការផ្តល់ជូនរបស់ AUF បាន​រំលេចនូវតួនាទីយ៉ាងសំខាន់នៃសាកលវិទ្យាល័យទាំងឡាយក្នុងការអភិវឌ្ឍន៍សង្គម និងក្នុង​ការ​ឆ្លើយតបនឹងការលំបាកចម្បងៗទាំងឡាយរបស់ខ្លួនផងដែរ »។

លោកបណ្ទិត សេង រដ្ខា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត និង អភិវឌ្ឈសហគមន៏ តំណាងសាកលវិទ្យាល័យបាត់ដំបងបានឱ្យដឹងថា៖ « គម្រោងនេះ នឹងផ្តោតសំខាន់គ្រូសារ​កសិករខ្នាតតូច នៅតាមបណ្តោយព្រំដែនភាគពាយ័ព្យកម្ពុជា ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង ស្វែងរកដំណោះស្រាយលើកកម្ពស់សេដ្ខកិច្ច​គ្រួសារគាត់ក្រោយ​ពេលមានការរាត​ត្បាតនៃ​មេរោគកូវីត ។យើងចង់លើកទឹកចិត្តអោយមានការស្រាវជ្រាវជាលក្ខណ:វិទ្សាសាស្រ្ត ដើម្បីជួយ​រៀបចំផែនការឆ្លើយតបទៅនឹងវិបត្តិនេះ ។ គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្ត និង សាមគ្គីភាព​របស់សាកលវិទ្យាល័យបាត់ដំបង និង សហគមន៏ដែលងាយរងគ្រោះដែលពឹង​ពាក់ភាគ​ច្រើន​លើការប្រកបរបរកសិកម្ម និង ចំណាកស្រុក និងសង្ឃឹមថានឹងប្រើប្រាស់គម្រូនៃការស្រាវ​ជ្រាវ​នេះនៅតំបន់ផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជាយើង » ។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) គឺជាបណ្តាញសាកលវិទ្យាល័យទី១​ក្នុង​ពិភពលោកដែលមានសាកលវិទ្យាល័យចំនួន៩៩០គ្រឹះស្ថានជាសមាជិកមានវត្តមាននៅក្នុងប្រទេសចំនួន១១៨ និងមានទីស្នាក់ការចំនួន៥៩នៅលើទ្វីបទាំង៥ ។ ជាប្រតិបត្តិករជំនាញ​ផ្នែក​ស្រាវជ្រាវនិងចំណេះដឹងនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែល​បង្កើត​ឡើងជិត៦០ឆ្នាំមកហើយ AUFធ្វើអន្តរាគមន៍លើគ្រប់វិស័យដូចជាការបណ្តុះបណ្តាល ការស្រាវជ្រាវ ប្រព័ន្ធឌីជីថល អភិបាលកិច្ចសាកលវិទ្យាល័យ សហគ្រិនភាព និងភាព​ទទួល​បាន​ការងារនៃនិស្សិត និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ