បញ្ចប់​មន្ទិល​លើ​ករណី​បាញ់​ទន្សោង​និង​ឡាន​ពាក់​ផ្លាក លេខ ខ​.​ម​

730
ចែករម្លែក
បញ្ចប់​មន្ទិល​លើ​ករណី​បាញ់​ទន្សោង​និង​ឡាន​ពាក់​ផ្លាកលេខ ខ​.​ម​

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ក្រសួងបរិស្ថាន​បានបញ្ចប់​ការស៊ើបអង្កេត​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ចោទប្រកាន់ថា​អ្នកជិះ រថយន្ត​ពាក់​ផ្លាកលេខ ខ​.​ម​.២៩៤០៤​ចូល​បាញ់​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​។​ការបញ្ចប់​នេះ​ដោយមាន​ការចូល​មក​បំ​ភ្លឺ រួមគ្នា​រវាង​ព្រះសង្ឃ​ដែល​បាន​ផ្សព្វផ្សាយ​សារ​ចោទប្រកាន់ និង​បុគ្គល​ដែល​ត្រូវ​រង​ការចោទប្រកាន់​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ នា​ទីស្តីការក្រសួង​។​

​ប្រភព​ក្រសួងបរិស្ថាន​បានធ្វើការ​បញ្ជាក់ថា​លោក​ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ការស៊ើបអង្កេត​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ថ្នាក់ដឹកនាំ ព្រះ សង្ឃ​នៃ​សហគមន៍ សង្ឃ​រុក្ខ​វ័​ន្ត កាលពី​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៧ ខែឧសភា​។

​នៅ​ចំពោះមុខ​ភាគី​ពាក់ព័ន្ធ​នានា​លោក​ស្រ៊ុន ដា​រិ​ទ្ធ បាន​លើក ទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ និង​សហគមន៍​មូលដ្ឋាន​បន្ត​ពង្រឹង​ការការពារ និង​អភិរក្ស​ធន ធាន​ធម្មជាតិ ដើម្បី​ការរស់នៅ​ដោយ​ចីរភាព​។ លោក​បាន​បញ្ជាក់ថា​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា​ដែល​មានចែង​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ ជីវៈចម្រុះ​ឱ្យបាន​គង់វង្ស​សម្រាប់​ត​កូនចៅ​គ្រប់​ជំនាន់​។​


ព្រះ​តេជគុណ ព្រហ្ម ប៊ុន​រិ​ទ្ធ ជា​មន្ត្រី​សង្ឃ​គង់នៅ​វត្ត​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅក្នុងពេល​ចូលមក​ស្រាយ​បំភ្លឺ​ករណី​បាញ់​សត្វព្រៃ ក្នុង​ដែន​ជម្រក​
​សត្វព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត មាន​សង្ឃដីកា​ថា​ជា ការភាន់ច្រឡំ​ប៉ុណ្ណោះ មិនមាន​ការបាញ់​សត្វព្រៃ​ដូច​ការ​ចោទ​​ប្រកាន់​នោះទេ ក្រោយពី​បាន​ឃាត់​រថយន្ត​ត្រួតពិនិត្យ និង​ធ្វើការ​ស៊ើបអង្កេត​រួចមក ហើយ​រូបថត​ដែល ភ្ជាប់​រថយន្ត​ពណ៌​ត្រីអ៊ី និង​សត្វ​ទន្សោង​ដែល​បាន​បាញ់​ស្លាប់​ជាហេតុ​ការណ៍​ពីរ​ផ្សេងគ្នា​។
​ព្រះ​ភិក្ខុ ព្រហ្ម ប៊ុន​រិ​ទ្ធ បន្តថា​ករណី​បាញ់​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​
​សង្ឃ​រុក្ខ​វ័​ន្ត​ដែលមាន​រថយន្ត​មន្ត្រី​យោធា​នោះ ជា​រឿង​សង្ស័យ ហើយ​មានការ​យល់ច្រឡំ ព្រោះ​ព្រះអង្គ​​បានឃើញ​ពី​ចម្ងាយ ហើយ​រថយន្ត​មិនបាន​ឈប់​នៅពេល​បាន​ជួប​ក្រុមព្រះ​អង្គ​ដែលជា​អ្នក​អភិរក្ស​នៃ​​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ទ ដែល​កំពុង​បំពេញការងារ​នៅ​ទីនោះ​។ ព្រះអង្គ ព្រហ្ម ប៊ុន​រិ​ទ្ធ មាន​សង្ឃដីកា​
​ដែរ​ថា ម្ចាស់​ហ្វេ​ស​ប៊ុ​ក Vadthanak Preap ចុះផ្សាយ​ដោយ​ស្រង់​សង្ឃដីកា​របស់​ព្រះអង្គ ហើយ​បន្ទាប់​​មក​បន្ថែម​ខ្លឹមសារ​ខុសពី​ការពិត​។ ទី​១. គណនី​នេះ បាន​ថែម​ខ្លឹមសារ​លើ​ខ្លឹមសារ​ដើម​របស់​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ​។ ទី​២. គាត់​បាន​ផុស​ថា ករណី​សង្ស័យ​បាញ់​សត្វ ដោយ​ភ្ជាប់​រូបភាព​រថយន្ត និង​សត្វ​​ទន្សោង​ពីរ​ក្បាល ដែល​បាន​ស្លាប់​ពីរ​ថ្ងៃមុន​ការចុះផ្សាយ​នោះ​ថា នៅឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ តាមពិត​
​ទន្សោង ២ ក្បាល​នោះ ត្រូវបាន​បាញ់​ស្លាប់​នៅក្នុង​ខេត្តមណ្ឌលគិរី មិនមែន​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ឡើយ​។ នេះ​ជា​ករណី​ដាច់ដោយឡែក និង​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ព្រះសង្ឃ​យល់ថា មាន​ចេតនា​បំពុលសង្គម​៕សរន

បញ្ចប់​មន្ទិល​លើ​ករណី​បាញ់​ទន្សោង​ជាមួយនឹង​ឡាន​ពាក់​ផ្លាកលេខ ខ​.​ម​(​រូប​ក្រសួងបរិស្ថាន​)

ទីតាំងផ្សាយពាណិជ្ជកម្ម