ប្រធាន​សមាគម​៖​សមាគម​អាចជួយ​សម្របសម្រួល​ខ្ចីប្រាក់​សម្រាប់​កសិករ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​

121
ចែករម្លែក

​ដោយៈ​មេសា​/​ភ្នំពេញៈ​លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​អះអាង​ជួយ​ដល់​កសិករ​ដែល​ត្រូវការ​ថវិកា​យកទៅ​ចិញ្ចឹមសត្វ​ថា​“ គឺជា​ដំណឹង​ល្អ​សម្រាប់​កសិករ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ​នៅ កម្ពុជា​។​រាជរដ្ឋាភិបាល កម្ពុជា បាន​បញ្ចេញ ថវិកា​ចំនួន​៥០​លាន​ដុល្លារ​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

ហេតុនេះ កសិករ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស មិន​ថា ជាការ​ចិញ្ចឹមសត្វ ជ្រូក មាន់ ទា គោក្របី​ឬ​ត្រី​ឡើយ​ដែល​ត្រូវការ​ទុន​យកទៅ​ប្រើប្រាស់​ក្នុងការ​ចិញ្ចឹមសត្វ​រប​ស់​ខ្លួន​អាច​ទំនាក់ទំនង​មក​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​,​សមាគម​នឹង​ជួយ​សម្របសម្រួល​ជូន​ក្នុងការ​ខ្ចីប្រាក់​យកទៅ​ប្រើប្រាស់ ដោយ​អត្រា​ការប្រាក់​ទាប​បំផុត ហើយ​កសិករ​មួយ​គ្រួសារ​ឬមួយ​កសិដ្ឋាន​អាច​ខ្ចីប្រាក់​ដល់​រាប់ម៉ឺន​ដុល្លារ អាស្រ័យ​លើ​ភាពជាក់ស្តែង​របស់​ពួកគាត់ “​។

​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ទាំង សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា និង អ្នកពាក់ព័ន្ធ សុទ្ធតែ​យល់ឃើញថា ខណៈ​ប្រទេសជិតខាង​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​វា​គឺជា​ឱកាសល្អ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​។​

ដោយ​រួមទាំង​ការចិញ្ចឹម​ជ្រូក​មាន់​ទា​ត្រី​សាច់​ផង​ក្នុងការ​ពង្រីង​សមត្ថភាព​របស់ខ្លួន​ដោយ​មិន​គ្រាន់តែ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​នៅពេល​បើក​ព្រំដែន​ឡើងវិញ​ក៏​ថែមទាំង​ត្រូវមាន​សមត្ថភាព​នាំចេញ​ទៅ​ក្រៅប្រទេស​ទៀតផង​ព្រោះ​កូ​វីដ​១៩​ធ្វើឱ្យ​ពិភពលោក​ខ្វះ​ស្បៀងអាហារ ។​

បច្ចុប្បន្ន កម្ពុជា មាន​សត្វ​មាន់​លើសពី​តម្រូវការ​ក្នុងស្រុក ប៉ុន្តែ​ក្នុង ១ ថ្ងៃ កម្ពុជា ខ្វះ​ជ្រូក ប្រមាណ​ជា ៣ ពាន់​ក្បាល​។​ករណី​លើស​និង​ខ្វះ​តម្រូវការ​នេះ​ត្រូវ​លោក​ស្រ៊ុន​ពៅ​ពន្យល់ថា​ដោយសារ​កសិករ​មិនបាន​ចែករំលែក​ព័ត៌មាន​គ្នា​អំពី​តម្រូវការ​។​នេះ​គឺជា​កត្តា​នាំឱ្យ​មានការ​ហក់​ឡើង​និង​ធ្លាក់ចុះ​តម្លៃ​សត្វ​ចិញ្ចឹម ធ្វើឱ្យ​កសិករ​អ្នក​ចិញ្ចឹមសត្វ​ជួប​ក្តី​លំបាក អាច​ឈានដល់​ខ្ស័យធន ។

​ហេតុនេះ​លោក​ស្រ៊ុន​ពៅ​ក៏​ដូច​លោក​តាន់​ផាន់​ណា​រ៉ា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គ​នាក​ដ្ឋា​ន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​ពន្យល់​យ៉ាង​ទទូចថា​កសិករ​ចិញ្ចឹមសត្វ​ទាំងអស់​គប្បី​ចងក្រង​គ្នា​ជា​ក្រុម​ជាមួយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​។​ដែល​នៅទីនេះ​កសិករ​អាច​ចែករំលែក​ព័ត៌មាន​គ្នា​អំពី​ថា​តើ​អ្នកណា​ចិញ្ចឹមសត្វ​អ្វី​ក្នុង​ចំនួន​ប៉ុន្មាន​?​និង​លក់​នៅទីណា​ជាដើម​គឺ​ចិញ្ចឹម​តាម​ផែនការ​មិនមែន​ជាការ​ចិញ្ចឹម​តាម​ការយល់ឃើញ​រៀងៗ​ខ្លួន​ដែលជា​ការចិញ្ចឹម​ដោយ​ប្រថុយប្រថាន​ឡើយ​។​មានតែ​វិធី​នេះ​ទេ​ទើប​កសិករ​អាច​គេច​ផុតពី​ការ​ប្រឈម​ទាំងឡាយ​បាន​ដូចជា​អាច​គេច​ផុតពី​ការខាតបង់​ដោយសារតែ​បញ្ហា​ឡើង​ចុះ នៃ តម្លៃ​សត្វ​ដែល​ចិញ្ចឹម​បានជា​ដើម ៕S/

​ចំណងជើង​រូបៈ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា ( ស្រ៊ុន ពៅ​)- រូបៈ មេសា​

-​អ្នកពាក់ព័ន្ធ​ទាំងឡាយ​មើលឃើញថា​ដំណាក់កាល​នេះ​គឺជា​ឱកាសល្អ​សម្រាប់​កសិករ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ប៉ុន្តែ​គប្បី​ចងក្រង​គ្នា​ជា​ក្រុម ( ជ្រូក​, មាន់ )- រូបៈ ឯកសារ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ