​រថយន្ត​ធ្លាក់​ចំណោត​បុក​ធ្លាយ​ផ្ទះ​អ្នកស្រុក​ផ្អើល​ព្រលឹងចុងសក់​

158
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​រថយន្ត​ធុន​ធំ​១​គ្រឿង​ខណៈ​ឡើង​ចំណោត​ស្រាប់តែ​រអិល​ធ្លាក់​ថយក្រោយ​ជ្រុល​បុក​ចូល​ផ្ទះ​អ្នកស្រុក​ម្ចាស់​រត់ចេញ​ព្រលឹងចុងសក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ស្ថិតនៅ​ចំណុច​ផ្លូវ​ចុះ​ទួល​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង​សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​។​

សាក្សី​បាន​ប្រាប់​ឱ្យដឹងថា​៖​មុន​កើតហេតុ​បុរស​ម្ចាស់​រថយន្ត​បាន​ដឹក​ត្រី​យកទៅលក់​ឱ្យ​ម៉ូយ​នៅក្នុង​ផ្សា​រលុះ​ទម្លាក់​ត្រី​រួចរាល់​ម្ចាស់​ក៏​បើករថយន្ត​ឡើង​ទួល​ដើម្បី​ចត​សម្រួល​។​ភ្លាមៗ​ស្រាប់តែ​រលត់​ម៉ាស៊ីនរថយន្ត​ដាក់​លេខ​អត់​ចូល​និង​ជាន់​ហ្វ្រាំង​ក៏​មិន​ស៊ី​បណ្តាលឱ្យ​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​។​ក្នុងនោះ​មានការ​ខូចខាត​ជាមួយនិង​រថយន្ត​១​គ្រឿង​ទៀត​ដែល​ចត​ទុក​នៅក្នុង​ផ្ទះកើតហេតុ​។​

​ដោយឡែក​ម្ចាស់ផ្ទះ​រងគ្រោះ​នៅក្នុងពេល​ជាមួយគ្នា​ក៏​កំពុង​ស្ថិតនៅ​ខាងក្នុង​ផ្ទះ​ដែរ​ភ័យ​ស្លន់ស្លោ​នាំគ្នា​រត់គេច​ចេញ​ទាំង​ព្រលឹងចុងសក់​តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​រងរបួស​នោះទេ​។​

​ប្រភព​ដដែល​បាន​បន្តថា​៖​ជនបង្ក​មានឈ្មោះ​បារាំង ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​អាជីវ​ករលក់​ត្រី បើកបរ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ប៉ៃលិន​៣A៣៨៣៩​រថយន្ត​រង​ការខូចខាត​មួយចំនួន​នៅ​ផ្នែក​កំណាត់​ក្រោយ​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ទូច​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ប៉ះពាល់​ធ្លុះធ្លាយ​ផ្ទះមួយ​កំណាត់​មុខ​និង​ខូចខាត​រថយន្ត​១​គ្រឿង​ផងដែរ​ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AM-៩៩៧៤​។​

បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​ក្រុង​ចុះ​ទៅដល់​ក្នុង​គោលបំណង​ពិនិត្យ​វ៉ា​ស់វែង​ម្ចាស់​រថយន្ត​បង្ក​បាន​បើកបរ​រថយន្ត​ចេញពី​កន្លែងកើតហេតុ​ហើយ​ចូលខ្លួន​មក​សង​ថ្លៃ​ខូចខាត​ផ្ទះ​ព្រមទាំង​រថយន្ត​ដល់​ម្ចាស់ផ្ទះ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅក្រៅ​ប្រព័ន្ធ​ច្បាប់​៕S/

​រូបថត​:​រថយន្ត​ដឹក​ត្រី​រអិល​ធ្លាក់​ថយក្រោយ​ពេញទំហឹង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​(​រូប​:​ភ្នំ​ខៀវ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ