បរិយាយ​លេខ​នេះ​៖ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ មិន​រាថយ តែ​ប៉ូលិស ត្រូវ​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​

386
ចែករម្លែក

កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាស ជាថ្មី​ថា សម្តេច នឹង​បន្ត​ដឹកនាំ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​មិន​រាថយ ព្រោះ​បញ្ហា​ចរាចរណ៍ នៅ​កម្ពុជា នឹង​ដើរ​ដល់​របត់​ថ្មី​មួយ ជា​វិជ្ជមាន បន្ទាប់ពី​បានឃើញ​លទ្ធផល​ល្អជា​បន្តបន្ទាប់ នា​រយៈពេល​ជិត ១ ខែ​មកនេះ​។​

​ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ចរាចរណ៍ បានចាប់ផ្តើម​វិធានការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ច្បាប់​ថ្មី បាន​បង្កើន ប្រាក់​ផាកពិន័យ ៣ ទៅ ៤ ដង ចំពោះ​អ្នកធ្វើដំណើរ​តាម​យានយន្ត ដែល​លើ្ម​ស ច្បាប់​។​
​ ​
​របាយការណ៍ បង្ហាញថា រយៈពេល ២៦ ថ្ងៃ កន្លងមក បើ​ធៀប​នឹង រយៈ ពេល​ដូចគ្នា ឆ្នាំ​២០១៩ គឺ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ ១១២ លើក ស្មើនឹង ៣៨ ភាគរយ​, អ្នកស្លាប់​បាន​ថយចុះ ៣៤​នាក់ ស្មើនឹង ២៦ ភាគរយ អ្នករបួស ថយចុះ ១៦៥ នាក់ ស្មើនឹង ៣១ ភាគរយ​។​

​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ខែមេសា​កន្លងទៅ មាន​អ្នកស្លាប់ ថយចុះ ៧ នាក់ និង​របួស បា​n​ថយចុះ​រហូតដល់​៨២​នាក់​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា «​នេះ​គឺជា​លទ្ធផល​ដែល យើង​ទទួលបាន​ពី​ការ អនុវត្ត​នេះ​។ អីចឹង​ហើយ បានជា​ខ្ញុំ សូម​អំពាវនាវ ដល់ សមត្ថកិច្ច​របស់​យើង​ថា​គោលការណ៍ នេះ យើង​អត់​ដកថយ​ទេ​! យើង​ត្រូវ​បន្តធ្វើ ហើយ​សូម​ឲ្យ​យកចិត្តទុកដាក់ គឺ​សមត្ថកិច្ច​របស់​យើង គោរព​សីលធម៌​វិជ្ជាជីវៈ ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​! នេះ​ជា​រឿង​សំខាន់​ណាស់ ដើម្បី​បានការ​គាំទ្រ និង​ការចូល រួម​ពី​ប្រជាពលរដ្ឋ​។ ធ្វើ​យូរៗ​ទៅ គឺថា អាច​នឹង​ទៅជា​របត់​មួយ​ហើយ​។ ទាំង អស់ គ្នា នាំគ្នា​គោរព​ទៅ វា​នឹង​ទៅជា​សណ្តាប់ធ្នាប់​។ កុំ​ឲ្យ​ថា គេ​ចូលមក​ប្រទេស​យើង ពី​ក្រៅ​មក ចូលមក​ដល់​ឃើញ គេ​វ៉ៃ​តម្លៃ ដោយ​គ្រាន់តែ​ចេញពី​ពោធិ៍ចិនតុង​មក គេ​ដឹងថា ស្រុក​ហ្នឹង វា​អត់​មាន​របៀបរបប​»​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ អគ្គស្នងការ​នគរបាល ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​ចេញ បទបញ្ជា​ផ្ទាល់មាត់​ទៅកាន់​ស្នងការ នគរបាល រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ឈប់​ដាក់​បា​រ៉ា​ស់​លើ​ដងផ្លូវ និង​មិនត្រូវ​ហៅ​ឃាត់​គ្រប់ យានយន្ត ដែល​ចរាចរណ៍​ឆ្លងកាត់​កន្លែង​ប៉ូលិស ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះឡើយ​។​

​ការឃាត់​ស្ទាក់ ឆែកឆេរ​យានយន្ត ពិសេស​រថយន្ត ដែល​មិន​ល្មើសច្បាប់​ចរាចរណ៍​នាំ​ឲ្យ​មាន ប្រតិកម្ម​ពី​មហាជន ដែល​ឈានដល់​អគ្គស្នងការ​នគ​របាល​ជាតិ ចេញ​បញ្ជា​ផ្ទាល់មាត់​ឈប់​ឲ្យ ប៉ូលិស​ចរាចរណ៍ ដាក់​បា​រ៉ា​ស់ លើផ្លូវ​តទៅទៀត​។​

​ជាការ​ពិត ចាប់តាំងពី​អនុវត្ត​វិធានការ​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ មកដល់ពេលនេះ ជាទូទៅ អ្នកធ្វើដំណើរ​តាម​យានយន្ត ពិសេស​តាម​ម៉ូតូ នៅ​ភ្នំពេញ បាន​គោរព​ច្បាប់ ដោយ​ពាក់មួក​សុវត្ថិភាព​ស្ទើរតែ​ទាំងអស់ និង​មិន​រំលោភ​ភ្លើង​សញ្ញា ជាដើម​។ មូលហេតុ ដោយសារតែ​ពេល​ប៉ូលិស ហៅ​ចាប់​ផាក គឺ​ត្រូវអស់​លុយ​ច្រើន ដែល​ម៉ូតូ ទាប​បំផុត ៦ ម៉ឺន​រៀល និង​ឡាន​ផាក​ទាប​បំផុត ៧៥.០០០ រៀល​។​

​នៅតាម​បណ្តា​ខេត្ត​នានា ក៏​ដូចគ្នា​។ អ្នកធ្វើដំណើរ ភាគច្រើន បាន​គោរព​ច្បាប់​និង​បង្កើន​ការ​ប្រុង ប្រយ័ត្ន មិន​បើក​លឿនៗ ដូច​មុន ព្រោះ​បើសិនជា​ប៉ូលិស​ឆ្មក់​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាមផ្លូវ​ចាប់ ល្បឿន នោះ​គឺ​បើ​យានយន្ត បើក​លើស​ល្បឿន​កំណត់ នឹងត្រូវ​ផាក​អស់​លុយ​កាន់ តែ​ច្រើន​។​

​យ៉ាងណាក៏ដោយ អំឡុងពេល​អនុវត្ត​ច្បាប់​នេះ ប៉ូលិស​មួយចំនួន ក៏​គួរតែ​គោរព​បទបញ្ជា ថ្នាក់ដឹកនាំ ដោយ​មិនត្រូវ​អនុវត្ត​លើស​បទបញ្ជា តាម​ទំនើងចិត្ត រហូត​បង្កបញ្ហា​ដូច​ករណី​នៅ ខេត្តស្វាយរៀង ដែល​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​លក់​ពូក ដែល​មិនមាន​ប័ណ្ណបើកបរ និង​មិន​បង់ប្រាក់​ពិន័យ​នោះឡើយ​។ ការបង្ក​បញ្ហា​តូច ទៅជា​ធំ រហូត​មានការ​តវ៉ា ពី​មហាជន ហើយ​ចុងក្រោយ ប៉ូលិស ក៏ត្រូវ​ចេញមុខ​សុំទោស​មហាជន ទម្រាំ​តែ​សម្របសម្រួល​គ្នា​ត្រូវ​។​

​ច្បាប់ គឺ​ច្បាប់​ហើយ តែ​ការអនុវត្ត​ក៏ត្រូវ​បត់បែន និង​តាម​សភាពការណ៍​ជាក់ស្តែង​ដែរ​។ រីឯ​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ ក៏​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចូលរួម​គោរព អនុវត្ត​ច្បាប់ ព្រោះ​ប៉ូលិស​រឹតបន្តឹង​ច្បាប់ ចេញ​ឈរ ស្ទាក់ចាប់​កណ្តាលផ្លូវ​នោះ​ក៏​ដើម្បី​តែ​ការពារ​សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ​យើង​នេះឯង​៕ ដោយ​៖ ម៉េង​ឆៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ