ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងពេល​កូ​វីដ នឹង​បន្ត​អូសបន្លាយ​

450
ចែករម្លែក

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រកាស​បន្ត​ការអនុគ្រោះ លើកលែង​ពន្ធ ចំពោះ វិស័យ ទេសចរណ៍ និង​អាកាសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន ទីភ្នាក់ងារ​ទេសចរណ៍ ចំនួន​ពីរ​ខែ​បន្ថែមទៀត នៅ​ខែមិថុនា និង​ខែកក្កដា ដើម្បី​រក្សា​លំនឹង អាជីវកម្ម និង​ជីវភាព​កម្មករនិយោជិត​។​
​ ​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជ​ដ្ឋា​ភិ​បាល នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា សម្រាប់​វិស័យ​ទេសចរណ៍ បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គ នាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​។​

​រាជរដ្ឋាភិបាល បន្ត​អនុញ្ញាត​ដល់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ទី​ភ្នា​ក់ ងារ​ទេសចរណ៍ មិន​ឲ្យ​បង់ប្រាក់​ភាគទាន ធានារ៉ាប់រង​របប​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព (​ប​សស​) ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍ គ្រប់​ប្រភេទ នៅក្នុង​វិស័យ​ទេសចរណ៍ សម្រាប់​ឆ្នាំ​២០២១​។​

​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ជួយ​វិស័យ​អាកាសចរណ៍ ក៏ត្រូវ​បាន​លើកលែង​ការបង់ ពន្ធ​អប្បបរមា សម្រាប់​រយៈពេល​ពីរ​ខែ​បន្តទៀត ចាប់ពី​ខែមិថុនា ដល់​ខែកក្កដា ឆ្នាំ​២០២០ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​២៦​ឧសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន ប្រកាស​ពី​ការចាប់ផ្តើម​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ ជាង​បី​ម៉ឺន​នាក់ ដែល​បាន​អនុញ្ញាតអោយ​ព្យួរ​កិច្ចសន្យាការងារ​សម្រាប់​សហគ្រាស​ចំនួន​១១១ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដោយសារតែ​វិបត្តិ​កូ​វីដ​១៩​។​
​ ​
​ទន្ទឹមនេះ​កាលពី​ថ្ងៃទី​២៦ ខែឧសភា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ចេញ​លិខិត​អនុញ្ញាតឱ្យ​សហព័ន្ធ​កីឡា​ជាតិ ដំណើរ​ការហាត់​ហ្វឹកហ្វឺន និង​ប្រកួត លី​គ​របស់ខ្លួន​ឡើងវិញ ជា​ជំហានៗ ប៉ុន្តែ​ត្រូវមាន​ផែនការ​អនុវត្ត​ច្បាស់លាស់ និង​ត្រូវគោរព​តាម លក្ខខណ្ឌ​សុវត្ថិភាព ៩​ចំណុច រួមមាន​៖ រាល់​ការហាត់​ហ្វឹកហ្វឺន​ត្រូវគោរព​តាម​និយាម បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព កីឡាករ កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ត្រូវបាន ពិនិត្យ និង​ថែទាំ​សុខភាព​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ជាប្រចាំ តាម​ការណែនាំ​និង​សហការ​ជាមួយ ក្រសួងសុខាភិបាល ការប្រកួត​លី​គ ត្រូវ​បិទទ្វារ ធានាថា មិនមាន​ទស្សនិកជន ជាដើម​។​
​ ​
​ដើម្បី​បន្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ កូ​វីដ​១៩ ក៏ដូចជា​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​រលក​ទី​២​នៃ​ការឆ្លង​មេរោគ​កូ​វីដ​១៩​អាជ្ញាធរ​រាជធានី ភ្នំពេញ ក៏បាន​ចេញ​លិខិត ប្រកាស បន្ត​ហាមឃាត់​ការប្រមូលផ្តុំ​និង​ការជួបជុំ​តាមបែប​សាសនា ទាំងអស់ រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០​។

​ក្រៅពី​ការបន្ត​ហាមឃាត់​ការប្រមូលផ្តុំ និង​ការជួបជុំ​តាមបែប​សាសនា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​១៤ ត្រូវ​តាមដាន​ដើម្បី​អនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះ អាសន្ន​បន្តទៀត សម្រាប់​ក្លិប​ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប​កំសាន្ត រង្គសាល ខារ៉ាអូខេ ឌី​ស្កូ​តែ​ក បៀរ​ហ្គា​ដិ​ន រួមទាំង​ម៉ាស្សា​សុខភាព និង ស្ប៉ា ជាដើម​។

​ជាមួយគ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តម្រូវអោយ​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន បន្ត​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​រៀបចំ​អោយមាន​អាកុល ឬ​ជែ​ល​សម្រាប់ លាងដៃ នៅមុខ​ច្រកចេញចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ​ទាំងអស់ មុននឹង​អនុញ្ញាត​ឲ្យ​ចូល​នៅក្នុង​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន​។ ក្នុងករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន មិន​អនុវត្តតាម​ការណែនាំ​ខាងលើ​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ វិធានការ​ដោយ​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។​

​បន្ថែម​លើសពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​១៤​ចុះ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ ដែល​ទើប​អញ្ជើញ​មកពី​ក្រៅប្រទេស និង​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន សុខភាព​ផ្ទាល់ខ្លួន​ជា​ចាំបាច់ ក្នុង​រយៈពេល ១៤​ថ្ងៃ ហើយ​ក្នុងករណី​សង្ស័យ ឬ​មាន​អាកា​រៈ មិន​ស្រួលខ្លួន ដូចជា​ក្ដៅខ្លួន ក្អក ឈឺបំពង់ក ឬ​ពិបាក​ដកដង្ហើម ត្រូវ​ទៅពិនិត្យ​ព្យាបាល​ជំងឺ​នៅ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​ជាបន្ទាន់ ឬ​ត្រូវ​ទំនាក់ទំនង តាម​ទូរ​សព្ទ ទៅ​លេខ ១១៥​។

​ក្នុង​កាលៈទេសៈ​ពេលនេះ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​រាជធានី ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ខណៈដែល​កូ​វីដ​នឹង​បន្ត​អូសបន្លាយ​យ៉ាងហោច ណាស់ ក៏​ដល់​ខែកញ្ញា​ដែរ​។ ដូច្នេះ​យើង​ក៏​បន្ត​អនុវត្ត​វិធានការ​ការពារ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល រួមមាន​៖ ការបន្ត​អនាម័យ លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ ពាក់​ម៉ាស ប្រើ​ក្រមា និង​រក្សា​គម្លាត​សង្គម ជាដើម​។ ការជួបជុំ​មិត្តភក្តិ និង​ពិធី​ជួបជុំ​នានា ក៏​គួរតែ​ពន្យារពេល​សិន ដើម្បី​ជៀស​ឲ្យ​ឆ្ងាញ​ពី​ជំងឺ​ឆ្លងផ្លូវ ដង្ហើម​ដ៏​កាច​សាហាវ​នេះ ខណៈដែល​ពិភពលោក នៅ​មិនទាន់​ធូរស្បើយ នៅឡើយ​៕ ដោយ​: ម៉េង​ឆៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ