ជប៉ុនបង្ហាញថវិកាជំរុញសេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសដែលរងគ្រោះដោយកូវីដ១៩

192
ចែករម្លែក

ជប៉ុនបានប្រកាសអំពីផែនការជំរុញសេដ្ឋកិច្ចថ្មីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារកាលពីថ្ងៃពុធទី២៧ឧសភា ដើម្បីបង្កើនសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩បានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

ការចំណាយរបស់អ្នកប្រើប្រាស់បានថយចុះដល់កម្រិតទាបបំផុត បើទោះបីជាមានចំនួនអ្នកឆ្លងនិងចំនួនអ្នកស្លាប់ទាបពីជំងឺនេះក៏ដោយ ដោយជំរុញឱ្យមានវិបត្តិសេដ្ឋកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥។

ជាការឆ្លើយតប គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បានយល់ព្រមថវិកាពិសេសលើកទី ២ ចំនួន ៣១,៩១ លានលានយ៉េន (២៩៦ ពាន់លានដុល្លារ) រួមទាំងការឧបត្ថម្ភធនសម្រាប់អាជីវកម្មខ្នាតតូច និងការប្រគល់សាច់ប្រាក់សុទ្ធដល់ដៃបុគ្គលិកពេទ្យ។

សាច់ប្រាក់ ដែលត្រូវរៃអង្គាសដោយការបោះមូលបត្របំណុលនេះ ក៏នឹងត្រូវប្រើ ដើម្បីជួយដល់កម្មវិធីជួយសង្គ្រោះនិងប្រាក់កម្ចីសម្រាប់អាជីវកម្មដែលកំពុងជួបការលំបាកផងដែរ ដែលមានតម្លៃ ១១៧ លានលានយ៉េន។

រួមគ្នាជាមួយនឹងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចលើកដំបូងដែលបានអនុម័តកាលពីខែមុន វិធានការសរុបរបស់ជប៉ុនមានចំនួន ២៣០ លានលានយ៉េន នៅពេលគ្រោងការប្រាក់កម្ចីត្រូវបានរាប់បញ្ចូល។

លោកអាបេបាននិយាយកាលពីថ្ងៃពុធថា “ជាមួយនឹងកញ្ចប់ថវិកាធំបំផុត នៅលើពិភពលោកដែលស្មើនឹង ៤០ ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់យើង យើងនឹងការពារសេដ្ឋកិច្ចជប៉ុនឆ្លងកាត់វិបត្ដិដែលកើតឡើងម្តងក្នុងមួយសតវត្សរ៍នេះ”។

លោកនិយាយថា “វាមានសារសំខាន់បំផុតដែលយើងផ្តល់ជំនួយដល់ប្រជាជន ក្នុងស្ថានភាពលំបាកបែបនេះ” ដោយជំរុញឱ្យសមាជិកសភាទាំងអស់អនុម័តវិធានការ នេះឱ្យបានលឿនតាមរយៈសភា។

ផ្នែកនៃកញ្ចប់ជំនួយនេះគឺទាក់ទងនឹងការផ្តល់ប្រាក់សុទ្ធចំនួន ១០ ម៉ឺនយ៉េន (៩៣០ ដុល្លារ) ដល់មនុស្សពេញវ័យនិងកុមារគ្រប់រូបនៅក្នុងប្រទេស។

វិធានការជួយសង្គ្រោះផ្សេងទៀតរួមមានប្រាក់ឧបត្ថម្ភដើម្បីជួយក្រុមហ៊ុនតូចៗបង់ថ្លៃជួល ផ្តល់ប្រាក់សុទ្ធដល់បុគ្គលិកពេទ្យនិងផ្តល់ជំនួយដើម្បីជួយអភិវឌ្ឍថ្នាំនិងវ៉ាក់សាំង៕ ដោយ៖ កញ្ញាដាលីស/Ha

ជប៉ុននឹងបញ្ចេញសាច់ប្រាក់បន្ថែម ៣០០ លានលានយ៉េនជួយជំរុញសេដ្ឋកិច្ច

ទីតាំងផ្សាយពាណិជ្ជកម្ម