ក្រុមហ៊ុន Boeing កាត់បន្ថយការងារជាង ១២.០០០ និងបន្តការផលិតយន្តហោះដែលគេផ្អាកដំណើរការ

149
ចែករម្លែក

ក្រុមហ៊ុន Boeing នឹងកាត់បន្ថយការងារជាង ១២.០០០ នៅសហរដ្ឋអាម៉េរិក តាមរយៈការបញ្ឈប់ពីការងារនិងការទិញផ្តាច់កុងត្រាការងារ ខណៈពេលដែល ជំងឺរាតត្បាតកូវីដ១៩វាយសង្គ្រប់ទាំងស្រុងលើឧស្សាហកម្មទេសចរណ៍។ ហើយក្រុមហ៊ុនផលិតយន្ដហោះនេះនិយាយថាការកាត់បន្ថយការងារច្រើនទៀតនឹងមកដល់ឆាប់ៗ។

ភ្លាមៗបន្ទាប់ពីលាតត្រដាងពីការកាត់បន្ថយការងារ ក្រុមហ៊ុន Boeing បានប្រកាសកាលពីថ្ងៃពុធទី២៧ឧសភាថា ខ្លួនបានចាប់ផ្តើមផលិត យន្តហោះដឹកអ្នកដំណើរធុន 737 Max ដែលបានផ្អាកលែងហោះហើរ។ ការធ្លាក់យន្តហោះធុន Max ចំនួន ២ លើក បានរុញច្រានក្រុមហ៊ុន Boeing ឱ្យធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ មុនពេលជំងឺកូវីដក្តោបក្តាប់ទាំងស្រុងលើ ការធ្វើដំណើរតាមផ្លូវអាកាសជាសកល។

ក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់អាម៉េរិក បាននិយាយថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៦.៧៧០ នាក់នៅសប្តាហ៍នេះ ហើយកម្មករ ៥.៥២០ នាក់ផ្សេងទៀតកំពុងទទួលយកការទិញផ្តាច់កុងត្រា ដើម្បីចាកចេញពីការងារដោយស្ម័គ្រចិត្តនៅប៉ុន្មានសប្តាហ៍ខាងមុខ។

ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងកាត់បន្ថយកម្លាំងពលកម្ម ១០ ភាគរយ ក្នុងចំណោមបុគ្គលិកសរុបរបស់ខ្លួនប្រហែល ១៦០.០០០ នាក់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Boeing បាននិយាយថា សកម្មភាពកាលពីថ្ងៃពុធ តំណាងឱ្យការកាត់បន្ថយការងារក្នុងចំនួនច្រើនបំផុត ប៉ុន្តែចំនួនការងាររាប់ពាន់ទៀត នឹងត្រូវកាត់ចោលដែរក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ការបញ្ឈប់និងការទិញផ្តាច់កុងត្រាការងារជិត ១០.០០០ គឺធ្វើឡើងនៅក្នុងតំបន់ ស៊ីអាថល ដែលជាកន្លែងអាជីវកម្មយន្តហោះរបស់ Boeing ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសកាត់បន្ថយបុគ្គលិកជាង ៦០០ នាក់នៅក្នុងប្រទេសកាណាដា និងអូស្ត្រាលី។

ក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ បានកាត់បន្ថយអត្រា ផលិតកម្មលើម៉ូដែលយន្តហោះជាច្រើនដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះតម្រូវការ។ ផ្នែកការពារជាតិនិងអវកាសរបស់ក្រុមហ៊ុននៅតែមានស្ថិរភាពដដែលទេ ដោយជួយ ផាត់ទាត់ការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសនិងតម្រូវការយន្តហោះដឹកអ្នកដំណើរ៕ ដោយ៖ កញ្ញាដាលីស/Ha

បុគ្គលិក១២.០០០នាក់នឹងត្រូវបាត់បង់ការងារពីក្រុមហ៊ុន Boeing