នាយកប្រតិបត្តិជាន់ខ្ពស់ Huawei លោកស្រី ម៉េង វ៉ាងចូវ ចាញ់ក្តីដ៏សំខាន់នៅតុលាការ​កាណាដា ដូច្នេះចៀសមិនផុតពី​ធ្វើបត្យាប័នទៅអាម៉េរិក

389
ចែករម្លែក

ចៅក្រមកាណាដាបានសម្រេចកាលពីថ្ងៃពុធទី២៧ឧសភាថា ករណីបត្យាប័នទៅអាម៉េរិកប្រឆាំងនឹងនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei អាចបន្តទៅដំណាក់កាលបន្ទាប់ទៀតបាន ដែលនេះជាការសម្រេចចិត្តមួយ​រំពឹងបង្កអន្តរាយដល់ទំនាក់ទំនងរវាងចិននិងកាណាដាបន្ថែមទៀត។

កាណាដាបានចាប់ខ្លួនជនជាតិចិនឈ្មោះ ម៉េង វ៉ាងចូវ អាយុ ៤៨ ឆ្នាំ ជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei នៅអាកាសយានដ្ឋានវ៉ាន់ខូវើ កាលពីចុងឆ្នាំ ២០១៨។

សហរដ្ឋអាម៉េរិកចង់ឱ្យធ្វើបត្យាប័នលោកស្រីដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទឆបោក។ ការចាប់ខ្លួនលោកស្រីបានធ្វើឱ្យក្រុងប៉េកាំងខឹងយ៉ាងខ្លាំង ដែលគេមើលឃើញ​ថា​ករណីរបស់លោកស្រីជាចំណាត់ការនយោបាយដែលគេរៀបចំឡើង​ដើម្បីទប់កុំឱ្យចិនឡើងកូដ។

អនុប្រធានយុត្តិធម៌ លោកស្រី ហ៊ីដឌ័រ ហូលម៉េស និយាយនៅក្នុងសេចក្តីសម្រេចចិត្ត​របស់លោកស្រីថា ការចោទប្រកាន់ប្រឆាំងនឹងលោកស្រីម៉េងអាចចាត់ទុកជា​បទឧក្រិដ្ឋមួយនៅក្នុងប្រទេសកាណាដាហើយការធ្វើបត្យាប័នអាចធ្វើទៅបាន។

សហរដ្ឋអាម៉េរិកចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៅហុងកុងដើម្បីលក់ឧបករណ៍នានាឱ្យទៅអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មរបស់​សហរដ្ឋអាម៉េរិក។

លោកស្រីម៉េងត្រូវបានចោទពីបទឆបោកដោយបញ្ឆោតធនាគារ HSBC អំពីកិច្ចការជំនួញរបស់ក្រុមហ៊ុន Huawei ជាមួយអ៊ីរ៉ង់។

ក្រុមមេធាវីរបស់លោកស្រីម៉េង​ បានតវ៉ាអំឡុងសវនាការកាលពីខែមករាថា ករណីនេះច្បាស់ណាស់គឺនិយាយអំពីទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ មិនមែនជាករណី​ឆបោកទេ។

ពួកមេធាវីលើកឡើងថា ដោយហេតុថាកាណាដាគ្មានទណ្ឌកម្មស្រដៀងនេះលើអ៊ីរ៉ង់ ដូច្នេះគ្មានករណីឆបោកកើតឡើងនៅក្រោមច្បាប់របស់កាណាដាទេ៕ ដោយ៖ កញ្ញាដាលីស/hA

លោកស្រីម៉េងប្រឈមបត្យាប័នទៅសហរដ្ឋអាម៉េរិកក្រោយចាញ់ក្តីនៅតុលាការកាណាដា​ កាលពីថ្ងៃពុធ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ