ស្ថាប័ន​សុខភាពៈ ថ្នាំជក់​ធ្វើឱ្យ កម្ពុជាស្លាប់ ១៥ ០០០ នាក់ ខាតបង់ ៦៤៩ លាន​ដុល្លារ ក្នុង​១ ឆ្នាំ​

129
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: លទ្ធផល នៃ ការសិក្សា​ស្រាវជ្រាវ របស់​កម្មវិធី​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង លេខាធិការដ្ឋាន នៃ អនុសញ្ញា​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ បង្ហាញ​នូវ​លទ្ធផល​អវិជ្ជមាន ដ៏​គួរឱ្យ​សោកស្តាយ ធ្លាក់​មកលើ​ប្រទេស និង ប្រជាជនកម្ពុជា ដោយសារតែ​ថ្នាំជក់​ថា “​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ធ្វើឱ្យ​ប្រជាជនកម្ពុជា ប្រមាណ​ជា ១៥ ០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ហើយការប្រើប្រាស់​ថ្នាំជក់ បាន​បណ្តាលឱ្យកម្ពុជាខាតបង់​ថវិកា​ប្រមាណ​ជា ៦៤៩​លាន​ដុល្លារ​អាម៉េរិក​ក្នុង​១​ឆ្នាំៗ​“​។​

លោក វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ នៃ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា (រូប៖ មេសា)

​សូមជម្រាបថា ដោយសារតែ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ៣១ ឧសភា ២០២០ កម្ពុជា ( និងប្រទេស​ភាគច្រើន​ក្នុង​ពិភពលោក ) មិន​ធ្វើ​កម្មវិធី​អ្វី​ទេ ប៉ុន្តែ​ស្ថាប័ន​ធ្វើការ​លើ​វិស័យ​សុខភាព សុទ្ធតែ​បាន​បញ្ចេញ​របាយការណ៍​ស្តីពី​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​រៀងៗ​ខ្លួន ដូចដែល​បានលើកឡើង​ខាងលើ​ជាដើម​។​

​ដោយឡែក អង្គការ​សុខភាព​ពិភពលោក បានចេញ​ផ្សាយ​អត្ថបទ​ស្តីពី​កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់ មានដូចជា ការប្រើប្រាស់​រសជាតិ ដើម្បីទាក់ទាញ​យុវជន​, ផ្សព្វផ្សាយ​ថា​ផលិតផល​ថ្នាំជក់​របស់ខ្លួនកាត់បន្ថយ​គ្រោះថ្នាក់ ឬ មាន​អនាម័យ​ជាង បារី​ធម្មតា ដែល​ក្នុង​បរិបទ​នេះ បាន​ដល់បារី​អេឡិចត្រូនិក ឬ Vape ដែល​កំពុង​ក្លាយជា​ក្តីបារម្ភ​យ៉ាងខ្លាំង ដោយសារ​បារី​អេឡិចត្រូនិក ឬ Vape នេះ កំពុង​វាយលុក​យ៉ាងខ្លាំង​នៅក្នុង​ស្រទាប់​យុវវ័យ​, ឧបត្ថម្ភ​ដល់​តារា ជន​មាន​ប្រជាប្រិយ ឬ ជន​មាន​ឥទ្ធិពល ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ម៉ាក​ផលិតផល , លក់​បារី​រាយ​ធ្វើឲ្យ​បារី​មានតម្លៃ​ទាប និង ងាយ​រក​ទិញ​បាន​សម្រាប់​សិស្សសាលា​, កម្មវិធី​ភាពយន្ត និងផ្សាយ​ផ្ទាល់​តាម​អ៊ី​ន​ធើ​ណិត ជាដើម​។​

ទិដ្ឋភាព​មួយចំនួន​ដែល​ក្រុមហ៊ុន​ថ្នាំជក់ នៅតែ​ផ្គើន​បំពាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ផលិត ផល​ថ្នាំជក់

​ចំណែក​លទ្ធផល នៃការសិក្សារបស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្ហាញថា បារី​ប្រមាណ ៣០ ភាគរយ ដាក់តាំង​លក់ ពុំមាន​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង រូបភាព ហើយ​បារី ៥៨ ភាគរយ​ទៀត ពុំមាន​តែមប្រិ៍​ពន្ធ​ទេ​។ ការផ្ដល់​សម្ភារ​ផ្សាយពាណិជ្ជកម្ម និង​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​លក់​បារី ទៅឲ្យ​អ្នកលក់​បារី ខណៈ​ក្រុមហ៊ុន​ថ្នាំជក់​ខ្លះនៅតែ​ផ្គើន បញ្ជូន​បុគ្គលិក​របស់ខ្លួន​ដើរ​លក់​បារី ដែល​សកម្មភាព​ទាំងនេះ​ជាដើម សុទ្ធតែ​ជាការ​បំពារបំពាន​លើ​ច្បាប់​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។​

​ហេតុនេះ លោក វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ នៃអង្គការចលនា ដើម្បី សុខភាព កម្ពុជា ហៅ​កាត់​ថា CMH ផ្តល់​អនុសាសន៍​ថា រាជរដ្ឋាភិបាលកម្ពុជា គួរតែ​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ការអនុវត្ត​ន៍ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ​ផាកពិន័យ​ចំពោះ​នីតិបុគ្គល ដូចជា​ក្រុមហ៊ុន​ថ្នាំជក់​ដែល​នៅតែ​បំពាន​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។​

​គប្បី​រំ​ឮ​កថា ទិវាពិភពលោក គ្មាន​ថ្នាំជក់ ឬ ទិវាពិភពលោក​គ្មាន​ផ្សែង​បារី ត្រូវបាន​ប្រារព្ធដោយ​រដ្ឋ​ជា​សមាជិក នៃ អង្គការ​សុខភាព​ពិភពលោក ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ៣១ ខែ ឩ​សភា ចាប់ពី​ឆ្នាំ ១៩៨៧ ដើម្បី ជំរុញ​ឱ្យ​តម ឬកុំ​ប្រើប្រាស់​ថ្នាំជក់ ២៤ ម៉ោង​ទូទាំង​ពិភពលោក និង ដើម្បីយល់ដឹង​អំពី​ផលប៉ះពាល់​អវិជ្ជមាន នៃការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ទៅលើ​សុខ​ភាព ដែល​បច្ចុប្បន្ន​ថ្នាំជក់​បានសម្លាប់​មនុស្ស​មិនតិចជាង ៦ លាន​នាក់​ក្នុង​មួយឆ្នាំ ហើយ​ក្នុងនោះ​ប្រមាណ​ជា ៦ សែន​នាក់​គឺជា​អ្នករងគ្រោះ​ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ​៕ ល​/Ha