វៀតណាម​សម្លាប់​ជ្រូក​៤​ពាន់​ក្បាល​ចោល ក្រោយ​កើត​ប៉េស្តិ៍​ជ្រូក​អាហ្វ្រិក​ជាថ្មី​

154
ចែករម្លែក

​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម​បាន​និយាយថា ជំងឺប៉េស្តិ៍​ជ្រូក​អាហ្វ្រិកបាន​ចម្លង​ទៅដល់​១៥៥​សហគមន៍​នៅ​ក្រុង​ហាណូយ​និ​ង១៩​ខេត្ត​ ហើយ​អាច​នឹង​រាលដាល​ទ្រង់ទ្រាយ​ធំ​។​ជា​វិធាន​ការបង្ការ ​អាជ្ញាធរ​បាន​សម្លាប់​ជ្រូក​កើត​ជំងឺ​នេះ​ជាង​៤.០០០​ក្បាល​ចោល​នៅ​ឆ្នាំ​នេះ ក្រោយ​ពី​ប៉េស្តិ៍​ជ្រូក​អាហ្វ្រិក​កើតមាន​ជា​ថ្មី​នៅ​វៀតណាម​។​

​ក្រសួង​បន្ទោស​ការ​កើត​មាន​ឡើង​វិញ​នេះ​លើ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​តូចៗ ដែល​ទិញ​ជ្រូក​មកពី​ប្រភព​មិន​ស្គាល់ កសិដ្ឋាន​មិន​គោរព​តាម​បទដ្ឋាន​អនាម័យ និង​ការខ្វះខាត​វិធានការ​ជីវ​សន្តិសុខ​។​

​ក្រសួង​បាន​បន្ថែមថា ក្រៅពី​ពួកកសិករ​មិន​បាន​រាយការណ៍​ទៅ​កាន់​ពេទ្យសត្វ​នៅពេល​ជ្រូក​របស់​គេ​ចាប់ផ្តើម​ចេញ​រោគសញ្ញា ពួកគេ​បែរជា​ប្រញាប់ប្រញាល់​លក់​ជ្រូក​ឈឺ​ទៅឲ្យ​កន្លែង​កាប់សាច់​។​

​ប៉េស្តិ៍​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រកឃើញ​នៅ​វៀតណាម​ដំបូង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ និង​រាលដាល​ទៅកាន់​៦៣​ខេត្ត​ក្រុង​ក្នុង​រយៈពេល​តែ​៧​ខែ ដោយ​បង្ខំ​ឲ្យ​អាជ្ញាធរ​សម្លាប់ចោល​ជ្រូក​ប្រមាណ​៦​លាន​ក្បាល​​នៅ​ឆ្នាំ​មុន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

វៀតណាម​ជា​ប្រទេស​ចិញ្ចឹម​ជ្រូក​ធំ​បំផុត​ទី​៧​ក្នុង​លោក និង​ជា​អ្នក​ផលិត​សាច់ជ្រូក​ច្រើនជាងគេ​ទី​៦