ខ្លា​ចាស់ ហ៊ា ចាន់ថន និង ន​ន់ ជំនិត ជួបគ្នា​ជម្រះបញ្ជី​

127
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ជើងចាស់ សម័យ​អេ​ភូ​ថង គឺ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ និង ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ នឹង​ជួបគ្នា​ជម្រះបញ្ជី នា​រសៀល​ថ្ងៃទី​៣០ ឧសភា ខាងមុខនេះ លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍​។​

​ពួកគេ ជា​អ្នក​ប្រដាល់ ដែលមាន​ប្រវត្តិ​ប្រកួត ដ៍​អស្ចារ្យ​ដូចគ្នា គ្រាន់តែ​កាលពី​ពួកគេ នៅមាន​ឈ្មោះ បោះ​សម្លេង គេ​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ។ ហ៊ា ចាន់ថន ដែល​គេ​ទទួលស្គាល់ ឈ្មោះ​ដើម​ថា សារឹម វ៉ាន់​ថន នោះ គឺជា​សិស្ស​សំណព្វចិត្ត របស់​គ្រូបង្វឹក​ជើងចាស់ ឈ្មោះ ឈិ​ត សារឹម ។ ចំពោះ ន​ន់ ជំនិត គេ​ជា​សិស្ស​សំណព្វចិត្ត របស់លោក ម៉ៃ ទី ដែល​សព្វថ្ងៃ រស់នៅ​សហរដ្ឋអាមេរិក​។​

ន​ន់ ជំនិត និង ហ៊ា ចាន់ថន​

​កាលពី​ប៉ុន្មាន​ខែ​មុន ពួកគេ​ទាំង ២ រូប ធ្លាប់​ជួប​ប្រកួត​គ្នា ម្ដង​ហើយ ដែល​កាលនោះ គេ​ចាញ់ឈ្នះ​គ្នា ដោយ​ពិន្ទុ​គឺ ហ៊ា ចាន់ថន ជា​អ្នកឈ្នះ ជំនិត ទាំង​ប្រផិតប្រផើយ ។ ពួកគេ​សុទ្ធតែ​លាចាក សង្វៀន​ប្រដាល់​រាប់​ឆ្នាំ​ដូចគ្នា ហើយ​ពេលនេះ គេ​ទើបតែ​វិល​មកវិញ បាន ៤ ឬ ៥ ប្រកួត​ដូចគ្នា តែប៉ុណ្ណោះ ។​

​អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ គេ​ប្រកួត​គ្នា ដោយ​មិន​ប្រើ​កម្លាំង​បាយឡើយ​។ គេ​ចូលចិត្ត​ប្រើ​ក្បាច់​ប្រកួត​គ្នា ដើម្បី​បង្ហាញ​ពី​ស្នៀត​ប្រដាល់​គុន​ខ្មែរ ដល់​អ្នកជំនាន់ក្រោយ គឺ​បង្ហាញ​ទាំង​ក្បាច់​វាយលុក និង​ស្នៀត​ការពារ ។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ពួកគេ​វាយ​គ្នា ដោយ​អស់ពី​សមត្ថភាព​ដូចគ្នា ។​

​ជំនួប​រវាង​អ្នក​ប្រដាល់ ទាំង​២​រូបនេះ មិនដឹងថា នរណា ជា​អ្នកឈ្នះ នរណា ជា​អ្នកចាញ់​នោះទេ តែ​រវាង​អ្នកចាញ់ និង អ្នកឈ្នះ គេ​ជឿថា នឹង​ទ្រមខ្លួន​ដូចគ្នា ។

អ្នកខ្លាំង ដែល​ត្រូវ​ប្រកួត​គ្នា

​អ្នកខ្លាំង​ជំនាន់​ថ្មី សឿន ឆ្នើម ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ រិ​ទ្ធ ប៊ុន​ម៉ៅ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។

​រិ​ទ្ធ ប៊ុន​ម៉ៅ មិនសូវមាន​នរណា​ស្គាល់​នោះទេ តែ​សម្រាប់ សឿន ឆ្នើម គឺជា​អ្នក​ប្រដាល់​ជើង​ថ្មី មួយរូប កំពុងតែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​គេ ជា​អ្នក​ប្រដាល់ ក្លាហាន មាន​កម្លាំង​ល្អ និង​មាន​កលល្បិច​វ៉ៃ អស្ចារ្យ​ណាស់ ។ ប៊ុន​ម៉ៅ ទំនងជា​មិន​ខ្សោយ​នោះទេ ទើប​គេ​ហ៊ាន​ដាក់​ឲ្យ​ប្រកួត ជាមួយ សឿន ឆ្នើម បែបនេះ ។​

​បើតាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា ប៊ុន​ម៉ៅ ជា​អ្នក​ប្រយុទ្ធ ខាង​យុទ្ធ​គុន​ចម្រុះ យ៉ាង​អស្ចារ្យ តែ​ពេលនេះ គេ​មក​ប្រកួត​គុន​ខ្មែរ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះទេ ។ សម្រាប់ សឿន ឆ្នើម គេ​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ ដ៍​អស្ចារ្យ​មួយរូប ដែលមាន​ប្រវត្តិ យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ បាន​មិនតិច​នាក់​ឡើយ ។ នរណា នឹង​ឈ្នះ ក្នុងជំនួប​មួយ​នេះ ? ។​

​សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់ ទាំង​២​រូបនេះ ជួប​ប្រកួត​គ្នា ។ ពួកគេ​ជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​ចេញ​ធ្ងន់ ដូចគ្នា តែ ថន ភឿ​ត ចាញ់​ប្រឿ​ប​កំពស់ របស់​ចៅ​ជូត បន្តិច ។ អ្នក​ប្រយុទ្ធ​ខេត្តសៀមរាប និង​អ្នក​ប្រយុទ្ធ​ខេត្តពោធិ៍សាត់ នរណា ជា​អ្នកឈ្នះ ? ។​

​ឡុង ពិសិដ្ឋ ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ធន វិស្ណុរ ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ ប៉ិល សេង​ហេង ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ពេជ្រ ប៊ុនហេង ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v