យុវជន២ក្រុមបង្ក​ហិង្សា​វាយ​សម្លាប់​គ្នា​ដណ្តើម​ដាក់​បទ​ចម្រៀង​ក្នុង​ហាង​ខារ៉ាអូខេ

147
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជ​នស​ង្ស័យនៃ​អំពើហិង្សា​ក្នុង​ហាង​ខារ៉ាអូខេ ម្នាក់​ក្នុងចំណោម​បក្ខ​ពួកគេ​៥​នាក់ និង​វត្ថុតាង​(​ដំបង​ដែក​) ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០ បន្ទាប់ពី​ចាប់ខ្លួនបាន​ក្នុង​បទល្មើស​ជាក់ស្តែង កាលពី​យប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ គង់ រ៉ានី ហៅ​ប៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន បច្ចុប្បន្ន​ស្នាក់នៅ​ស្នាក់ការ​ឃ្លាំង​លើ មាន​ស្រុកកំណើត​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ចូល​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ខា​រ៉ា​អូ​ខេ​ណា​រិ​ទ្ធ​៩៩៩(​ជាប់​របង​ពេទ្យ​ចម្ការចេក​) ក្រុមទី​៣ ភូមិ​៤ សង្កាត់​លេខ​៤ ​ក្រុង​_​ខេត្តព្រះសីហនុ មាន​ករណីហិង្សា​មួយ​កើតឡើង​រវាង​យុវជន​២​ក្រុម​ មាន​គ្នា​៩នាក់ ។ក្រុម​មួយមាន​គ្នា​៥​នាក់ និង​ក្រុម​មួយទៀតមាន​គ្នា​៤​នាក់ បាន​ផឹក​ស៊ី ច្រៀងខារ៉ាអូខេ ក៏​កើតមាន​ទំនាស់​ពាក្យសម្ដី​គ្នា​ពី​រឿង​ដាក់​បទ​ចម្រៀង​បាន​មុន​ក្រោយ​គ្នា​។

​ក្នុងពេលនោះ​ក្រុម​មាន​គ្នា​៥​នាក់​បាន​កាន់ដំបង​ដែក​គ្រប់​ដៃ​ព្រួត​វាយ​ទៅលើ​ក្រុម​ម្ខាង​មាន​គ្នា​៤​នាក់​បណ្តាល​ឲ្យ​សមាជិក​ភាគី​ខាង​មាន​គ្នា​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​២​នាក់​និង​ឈានដល់​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន ។​

​ជនរងគ្រោះ​២​នាក់​មាន ១-​ឈ្មោះ ម៉ៅ សារិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្នរស់នៅ​ក្រុមទី​៤១ ភូមិ​១​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រងរបួស​លើ​ចិញ្ចើម​ខាងឆ្វេង​រយះ​ដេរ​៥​ថ្នេរ (​របួស​មធ្យម​)​។ ២-​ឈ្មោះ បូរ នី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​លី​អីវ៉ាន់ បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ផ្សារលើ បាន​រងរបួស​ចំក្បាល​ធ្ងន់ បាន​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ចម្ការចេក​ក្រុងព្រះសីហនុ​ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តែម្តង​។

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​មាន​គ្នា​៥​នាក់ ពេល​ផឹក​មានទំនាស់​ពាក្យសម្ដី​គ្នា​ជាមួយ​តុ​ជិតគ្នា ខ្ញុំ​ក៏បាន​យក​ដំបង​ដែក​ទីប​មូល​វ៉ៃ​ទៅលើ​ជនរងគ្រោះ​ត្រូវចំ​ក្បាល​១​ដែក រីឯ​ឈ្មោះ តាប់ ក៏បាន​យក​ដំបង​ទីប​វ៉ៃ​ដែរ ហើយ​២​នាក់​ទៀត​មិនដឹង​វ៉ៃ​ត្រូវ​កន្លែង​ណាខ្លះ​ទេ រួច​ក៏​បែកផ្លូវ​គ្នា​អស់​ទៅ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ រក​បក្ខពួក​ជន​ស​ង្ស័យ ចំនួន​៤​នាក់​ទៀត ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​៕ ល​/hA