ផមផេវនិយាយថាហុងកុងលែងស្វយ័តពីចិនទៀតហើយ

172
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក ម៉ៃ ផមផេវ បានជូនដំណឹងដល់សភាថា រដ្ឋបាលត្រាំលែងចាត់ទុកទីក្រុងហុងកុងថាស្វយ័តពីចិនដីគោកទៀតហើយ ដោយចាប់ផ្តើមកំណត់ដំណាក់កាលសម្រាប់សហរដ្ឋអាម៉េរិកដើម្បីដកស្ថានភាពអនុគ្រោះពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់អតីតអាណានិគមអង់គ្លេសមួយនេះ ដែលបានទទួលវាចាប់តាំងពីហុងកុងផ្ទេរទៅស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញកាលពី ២៣ ឆ្នាំមុន។

ចំណាត់ការនេះមិនអនុវត្តការពិន័យភ្លាមៗណាមួយទេ ដែលនឹងត្រូវសម្រេចដោយប្រធានាធិបតីដូណាល់ត្រាំក្នុងការពិគ្រោះយោបល់ជាមួយសភា។ ប៉ុន្តែរដ្ឋបាលត្រាំមើលឃើញចំណាត់ការនេះនឹងធ្វើឱ្យចិនកត់សម្គាល់ឃើញថា ហុងកុងកំពុងស្ថិតក្នុងគ្រោះថ្នាក់។

លោកផមផេវនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី២៧ឧសភាថា “ទីក្រុងហុងកុងមិនបន្តធានាទទួលបានការយកចិត្តទុកដាក់នៅក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកក្នុងលក្ខណៈដូចគ្នានឹងច្បាប់របស់សហរដ្ឋអាម៉េរិកដែលធ្លាប់បានអនុវត្តចំពោះហុងកុងមុនខែកក្កដាឆ្នាំ ១៩៩៧ នោះទេ”។

សេចក្តីជូនដំណឹងនេះបានទាញអនាគតហុងកុងចូលទៅក្នុងការប្រយុទ្ធគ្នាជាច្រើនរបស់រដ្ឋបាលត្រាំជាមួយប្រទេសចិន ដែលបានធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកធ្លាក់ចុះដូចគ្នា។

ទំនាក់ទំនងកាន់តែអាក្រក់ទៅៗជុំវិញការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកថា អាជ្ញាធរចិនបានព្យាយាមបិទបាំងអំពីជំងឺរាតត្បាតកូវីដ១៩និងបានដាក់សម្ពាធលើអង្គការសុខភាពពិភពលោករឿងចាត់វិធានការពីដំបូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ បញ្ហានេះបានបន្ថែមភាពតានតឹងជាយូរមកលើពាណិជ្ជកម្មសិទ្ធិមនុស្សសេរីភាពសាសនានិងឋានៈរបស់តៃវ៉ាន់។

នៅក្នុងទីក្រុងញូវយ៉ក បេសកកម្មសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីយប់ថ្ងៃពុធថាចិនបានរារាំងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែលខ្លួនបានស្នើដើម្បីពិភាក្សាអំពីច្បាប់សន្តិសុខជាតិដែលស្នើឡើងរបស់ទីក្រុងប៉េកាំងដែលនឹងគំរាមកំហែងដល់ស្ថាប័នប្រជាធិបតេយ្យនិងសេរីភាពស៊ីវិលរបស់ហុងកុង។ តាមវិធានរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងអំឡុងពេលផ្ទុះកូវីដ១៩ សមាជិកទាំង ១៥ ត្រូវតែយល់ព្រមលើការប្រជុំ៕ ដោយ៖ កញ្ញាដាលីស

លោកផមផេវលែងចាត់ទុកហុងកុងស្វយ័តទៀតហើយ