សម្តេចប្រធានព្រឹទ្ធសភា មានជំនឿ ថាអាណត្តិរបស់ ឯកអគ្គរដ្ឋទូតទីម័រ ឡេស្តេ ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ ប្រទេសទាំងពីរកាន់ តែមានការរីកចម្រើននិងរឹងមាំ

143
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបសវនាការ ជាមួយ នឹងលោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមចំពោះ លោកឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀត បន្ទាប់ពីលោកបានអញ្ជើញមកជូនសារតាំង កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការ អបអរសាទរ ចំពោះលោក ដែលត្រូវបានលោកប្រធានាធិបតីនៃសាធារណរដ្ឋ ទីម័រឡេស្តេតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេសេ្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់លោក លោកពិតជានឹងខិតខំ ប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាង ប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីជាគុណ ប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ លោក Ermenegildo “Kupa” Lopes បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្ត្រ និងវិធានការ យ៉ាងល្អក្នុងគ្រប់គ្រង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ចំពោះប្រជាជន កម្ពុជា ជាពិសេសស្ថានទូតទីម័រឡេស្តេ និងនិស្សិតទីម័រឡេស្តេ ដែលកំពុងសិក្សានៅ ប្រទេស កម្ពុជាបានទទួលនូវការគ្រប់គ្រងដ៏ល្អប្រសើរផងដែរ។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេស កម្ពុជាចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្តេជាសមាជិករបស់អាស៊ាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO និងសមាជិកអន្តរសភាអាស៊ាន AIPA។ លោកបានបន្ថែមថា៖ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ​ ប្រទេសទីម័រឡេស្តេ តែងតែគាំទ្រដល់ជំហររបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ជាពិសេសតែងគាំទ្រដល់ជំហររបស់ព្រះរាជាណាចក្រកម្ពុជាដែលជាសមាជិកអាស៊ាន​ហើយនេះគឺជានយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសទីម័រឡេស្តេ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់លោក​នៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំជំរុញនូវទំនាក់ទំនងនិងកិច្ច​សហប្រតិបតិ្តការរវាងសភានៃប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រមទាំងសហប្រតិបត្តិការ​បច្ចេកទេស។

លោកទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា អគ្គស្នងការនគរបាល ទីមរ័ឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញសន្តិសុខនិងភាសាអង់គ្លេស។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណនូវប្រសាសន៍ដ៏ល្អប្រពៃរបស់លោកឯក​អគ្គរដ្ឋទូត។ សម្តេចបានរំលឹកអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលត្រូវបានភ្ជាប់ទំនាក់ទំនង ការទូតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ហើយសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានបើកនិវេសនដ្ឋានដំបូងនៅកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរតាមរយៈ នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជំនាញតាមស្ថាប័ននានាទៅវិញទៅមក ជាបន្តបន្ទាប់ ក៏ដូចជាតាមរយៈ នៃការគាំទ្រគ្នាទៅទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងសមាគមអាស៊ាន ក៏ដូចជាក្នុងអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និងការងារផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតដែលបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រ កម្ពុជា ដោយចាត់ទុកថា នេះគឺជាការលើកទឹកចិត្តយ៉ាងក្លៀវក្លាដល់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាបាន ថ្លែងអំណរគុណដល់ទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលកាលពីពេលថ្មីៗនេះបានផ្តល់ អំណោយជាម៉ាស់ និងទឹកលាងដៃដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួម បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ចំពោះគោលបំណងដែលចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការនគរបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងអគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបសវនាការ រវាងឯកឧត្តម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជំនួបសវនាការជាមួយនឹង មន្ត្រីជាន់ខ្ពស់របស់កម្ពុជានាពេលកន្លងទៅ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលមានបំណងចូលរួមលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ច សហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើក កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតសូមឱ្យមានសុខភាពល្អ បរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រ កម្ពុជា៕/B/Ha