អាចម៍ផ្កាយដែលផ្តាច់ពូជដាយណូស័រ ប្រហែលបុកផែនដីនៅមុំ “ដ៏ប្រល័យបំផុត”

497
ចែករម្លែក

ភាគច្រើនយើងបានដឹងហើយថាប្រហែលជា ៦៦ លានឆ្នាំមុនអាចម៍ផ្កាយមួយដែលមានអង្កត់ផ្ចិតស្មើទីក្រុងប៉ារីស ២ ដងបានធ្លាក់មកលើផែនដី ដោយសម្លាប់ផ្តាច់ពូជដាយណូស័រ និង ជីវិតដទៃទៀត ៧៥ ភាគរយនៅលើភពផែនដី។

អ្វីដែលនៅតែជាអាថ៌កំបាំងនោះគឺថាតើវាជាការបុកចំកណ្តាលដោយផ្ទាល់ឬគ្រាន់តែប៉ះបញ្ឆិត ហើយថាតើមួយណាមានឥទ្ធិពលបំផ្លិចបំផ្លាញជាង។

យោងតាមការសិក្សាមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារទី២៦ឧសភានៅក្នុងទស្សនាវដ្តី Nature Communications បានឱ្យដឹងថា ដុំថ្មអវកាសយក្សនោះទំនងបានវាយប្រហារផែនដីនៅមុំ ៦០ ដឺក្រេ ដែលជាមុំដ៏ប្រល័យបំផុត។

ផលប៉ះពាល់នៃមហន្តរាយនេះបានបណ្តាលឱ្យមានកម្ទេចកម្ទីនិងឧស្ម័នគ្រប់គ្រាន់ចូលទៅក្នុងបរិយាកាសដែលធ្វើឱ្យប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ ដោយសម្លាប់ផុតពូជសត្វដាយណូស័រនិងជីវិតដទៃទៀត។

ដោយវិភាគលើរចនាសម្ព័នរបស់ក្រហូងយក្សដែលមានទទឹង ២០០ គីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កន្លែងដែលអាចម៍ផ្កាយបានបុកទង្គិច អ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍ជាច្រើនតាមកុំព្យូទ័រ។

អ្នកនិពន្ធឈានមុខ លោក ហ្គារ៉េត ខូលលីន នៃសាកលវិទ្យាល័យអ៊ីមភើរៀលខូលិចឡុងដុង និងសហសេវិកនៅសាកលវិទ្យាល័យហ្វ្រាយបឺក និងសាកលវិទ្យាល័យតិចសាស់នៅទីក្រុងអូស្ទីន បានពិនិត្យមើលមុំបុកទង្គិចដែលអាចទៅរួចចំនួនបួនគឺមុំ ៩០, ៦០, ៤៥ និង ៣០ ដឺក្រេ និងល្បឿនផលប៉ះពាល់ ១២ និង ២០ គីឡូម៉ែត្រក្នុងមួយវិនាទី។

មុំល្អបំផុតជាមួយនឹងទិន្នន័យពីក្រហូងយក្សនោះគឺការបុកទង្គិចនៅមុំ ៦០ ដឺក្រេ។

លោកខូលលីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “មុំ ៦០ ដឺក្រេគឺជាមុំនៃផលប៉ះពាល់ដ៏សាហាវបំផុត ពីព្រោះវាធ្វើឱ្យចេញនូវបរិមាណដ៏ច្រើននៃវត្ថុធាតុនានាក្នុងល្បឿនលឿនបំផុតហ៊ុមព័ទ្ធជុំវិញភពផែនដី។ ផលប៉ះពាល់នៅក្រហូង Chicxulub បានបណ្តាលឱ្យផុតពូជជីវិតលើផែនដីទ្រង់ទ្រាយធំ ពីព្រោះវាបានបញ្ចេញធូលីនិងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រហូងនោះក្នុងល្បឿនល្បឿនគ្រប់គ្រាន់ដែលអាចបាចសាចពាសពេញពិភពលោក។

លោកបានបន្ថែមថាប្រសិនបើអាចម៍ផ្កាយបុកចំលើក្បាលរបស់វាឬនៅមុំមួយផ្សេងទៀត កម្ទេចកម្ទីមិនជាច្រើននោះទេនឹងបាចសាចទៅក្នុងបរិយាកាស។

ស្ពាន់ធ័រក្នុងបរិមាណដ៏ច្រើនសម្បើមក្នុងទម្រង់ជាភាគល្អិតតូចៗ ដែលនៅអណ្តែតវិលវល់ពេញផ្ទៃបរិយាកាស បានរារាំងព្រះអាទិត្យ ដោយធ្វើឱ្យអាកាសធាតុត្រជាក់ដល់សីតុណ្ហភាពដកច្រើនអង្សាសេ៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយកាលពី ៦៦ លានឆ្នាំមុនប្រហែលបុកផែនដីនៅមុំ ៦០ ដឺក្រេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ