លិខិត​, លហុ​, លេខា​, វាងវៃ​, ឈ្លាស​, សមសញ្ញា​, សមិទ្ធិ​

272
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​លិខិត ( គុ​. ) ដែល​សរសេរ​ឬ​ដែល​គូរ​រួចហើយ ។ កិ​. សរសេរ​, គូរ (​ច្រើន​ប្រើតែ​ក្នុងការ​តែង កាព្យ​ឃ្លោង ។ ន​. សំបុត្រ​, ចុ​ត​ហ្មាយ​, ដីកា (​បុរាណ​ប្រើ​ចំពោះតែ​សំបុត្រ​របស់​បព្វជិត​) : លិខិត​របស់លោក​ចៅអធិកា​រ​វត្ត​…​។ ខ្មែរ​ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​នឹង​សព្ទ​ដទៃ​ជា​ឋានន្តរ សម្រាប់​ពួក​ស្មៀន​ឬ​ក្រៅពី​ពួក​ស្មៀន​ក៏មាន​ខ្លះ ដូចជា : លិខិត​ប្រីជា​, បវរលិខិត​, អក្ខរ​លិខិត​, ប្រសើរ​លិខិត ។ ធម្មលិខិត ឋានន្តរ​ព្រះ​រាជាគណៈ​សម្រាប់​ឯក​មួយអង្គ​ក្នុង​កម្ពុជរដ្ឋ : ព្រះ​ធម្មលិខិត … ។

​លហុ លៈ​ហ៊ុ ( គុ​. ) ស្រាល​; រហ័ស​, ឆាប់​, រួសរាន់​; ភ្លាម​; រប៉ិចរប៉ី​, រាយរង​;… ។ ន​. អក្សរ​ដែល មានសំនៀង​ស្រា ល​រហ័ស ជា​គូ​គ្នា​នឹង​អក្សរ​គរុ : និយាយ​ត្រឹមត្រូវ​តាម​គរុ​លហុ គឺ​និយាយ​ត្រឹម ត្រង់ តាម​អក្សរ​មាន​សូរ​ធ្ងន់​ឬ​យឺត​មិន​កញ្ឆក់​ឲ្យ​រហ័ស​ដូចជា សារប្រយោជន៍ មិន​ថា សៈ​រ៉ៈ ប្រយោជន៍​, កសាង មិន​ថា ក៏​សាង ជាដើម ។ ម​. ព​អក្ខរប្បភេទ ផង ។ លហុកម្ម កម្ម​ស្រាល​; ការងារ​ស្រាល​; ការ​រប៉ិចរប៉ី​, រាយរង ។ លហុចិត្ត​, លហុចិន្តា ។ លហុទណ្ឌកម្ម ទណ្ឌកម្ម​ស្រាល ។ លហុទោស ទោស​ស្រាល ។ លហុបរិក្ខារ ឬ លហុភណ្ឌ បរិក្ខារ ឬ​របស់​រាយរង​;​ក្នុង​វិន័យ​ពុទ្ធ សាសនា សំដៅ​របស់​រាយរង​មាន​បាត្រ​និង​ចីវរ​ជាដើម ។ លហុភាព ភាព​ឬ​ភាវៈ​ស្រាល ។

​លេខា ( ន​. ) ការសរសេរ​; សេចក្ដី​ដែល​សរសេរ​, សំបុត្រ​, ចុ​ត​ហ្មាយ​; ការ​គូស​, ស្នាម​, គំនូស​; ការ​គូរ​, វាស​; គំនូរ​; គ្រឿង​សម្គាល់​;… ។ លេខាធិការ ; ស្មៀន​ធំ​របស់​អធិបតី​ក្រសួង​, ស្មៀន​អ្នក ត្រួតត្រា​លើ​ពួក​ស្មៀន​, ចាងហ្វាង​ស្មៀន ។ សព្វថ្ងៃ ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​អ្នករាជការ​រដ្ឋបាល ក្នុង​ក្របខ័ណ្ឌ​ជាន់​កណ្ដាល ស្មើគ្នា​នឹង​លេខានុការ ឬ ស្មៀន​ធម្មតា ហៅថា លេខាធិការ (​បារ​. Secrétaire) ឬ​ហៅ​ឲ្យ​ពេញ​ទាំងអស់​ថា លេខាធិការ​នៃ​ការិយាល័យ និង​ខេត្ត (​បារ​. Secrétaire des Bureaux et des Provinces); បើ​ស្ត្រី​ជា លេខាធិការិកា ។ លេខាធិការដ្ឋាន មុខងារ ឬ​ការិយាល័យ​របស់​លេខាធិការ ។​

​វាងវៃ ( គុ​. ) ដែលមាន​ប្រាជ្ញា​វាង​កេល​កុង​ទាំង​រហ័ស​ផង​ទៀត គឺ​ដែល​ឈ្លាសវៃ​, ដែល​ដឹង​ផ្លូវ ដឹង​ឧបាយ :​ប្រាជ្ញា​វាងវៃ​, គំនិត​–, មនុស្ស​– (​គួរ​កុំ​ច្រឡំ​ប្រើ​ជា វៀងវៃ ព្រោះ​ខុស​ទេ​) ។

​ឈ្លាស ( គុ​. ) ប៉ិន​, ប្រសប់​, ស្ទាត់ : ប្រាជ្ញា​ឈ្លាស​, គំនិត​ឈ្លាស​, មនុស្ស​ឈ្លាស ។ ឈ្លាសវៃ ប៉ិន​រហ័ស​, វាងវៃ (​ប្រើ​ជា ឆ្លាត​, ឆ្លាស ផងដែរ​) ។

​សមសញ្ញា សៈម៉ៈ ស័​ញ​-​ញ៉ា បា​. ស​. ( ន​. ) ការ​សម្គាល់ថា ស្មើ​, ស្មើគ្នា ។ ជា​សព្ទ​សន្មត ជា​ឈ្មោះ​នៃ​វណ្ណយុត្ត​មួយ​យ៉ាង ដោយ​យក​យុគលពិន្ទុ (​ៈ​) នេះ​មក​ប្រើ​ជំនួស​ពាក្យ គឺ​, គឺថា​, ក៏​គឺ​, ឬក៏​គឺ សម្រាប់​ប្រើ​ខាង វិវរណៈ ក្នុង​វេយ្យាករណ៍ ខៃ​ជម្រាល​ពាក្យ​ឬ​សេចក្ដី​ពីមួយ​ឲ្យ​ជ្រាល ទៅរក​មួយ ឲ្យ​ដឹងថា មាន​អត្ថន័យ​ស្មើគ្នា​, ដូចជា ល្ងង់ គឺ មិនចេះ​, មិនចេះ គឺ មិនដឹង គឺថា មិនដឹង​មិន​យល់​សោះឡើយ ក៏​គឺ ងងឹតសូន្យ​ឈឹង​មោ​ឃៈ​សុទ្ធសាធ​តែម្ដង ។ ក្នុង​វេយ្យាករណ៍ អាចមក សមសញ្ញា ប្រើ​ជា ល្ងង់ : មិនចេះ : មិនដឹង​: មិនដឹង​មិន​យល់​សោះឡើយ : ងងឹតសូន្យ ឈឹង​មោ​ឃៈ​សុទ្ធសាធ​តែម្ដង (​ដំឡូង​មូល​) ។​

​សមិទ្ធិ សៈមិត​-​ធិ បា​. ( ន​. ) សេចក្ដីសម្រេច​; សេចក្ដី​កើតការ​, ការសម្រេច​ប្រយោជន៍​ដ៏ ស្តុកស្ដម្ភ​, សំរឹទ្ធិ​, លទ្ធផល​ដែល​សម្រេចបាន​ពិតៗ​ដូចជា​ការកសាង​សាលា​រៀន​, ការលើក​ថ្នល់ ឬ​លើក​ទំនប់​ទឹកជា​ប្រយោជន៍​សាធារណៈ​ជាដើម ។ សមិទ្ធិការណ៍ ហេតុ​នៃ​សេចក្ដីសម្រេច​, ដំណើរ​ដែល​នាំ​ឲ្យ​បានសម្រេច​, ឲ្យ​កើត​បាន ។ សមិទ្ធុបាយ ឬ សមិទ្ធោបាយ (​បា​. < សមិទ្ធិ + ឧបាយ​) ឧបាយ​នៃ​សេចក្ដីសម្រេច ។​ល​។ ព​. កា​. ថា​: កម្ពុជរដ្ឋ ឯករាជ្យ​ទៀងទាត់ អ​ព្យា​ក្រឹ​តា រដ្ឋ​រាស្ត្រនិយម សង្គម​សត្យា កាន់​ពុទ្ធសាសនា មាន​ក្តី​សុខ​ស្ងប់ ។ សមិទ្ធិ​កើត សុទ្ធតែ​ឆើតៗ ពីមួយ​ទៅ​ដប់ ពី​ដប់​ទៅ​រយ រាប់រយ​ក្រ​ចប់ ចម្រើន​គ្រប់សព្វ ដូច​ផ្សិត​ត្រូវ​ភ្លៀង ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ