​ឈូស​ពង្រាបដី​ក្បែរ​ភូមិ​ប៉ះ​គ្រាប់មីន​ផ្ទុះ​របួស​២​នាក់​

160
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​ស៊ីឈ្នួល​ឈូសឆាយ​ពង្រាបដី​ធ្វើ​ចម្ការ​ក្បែរ​ភូមិ​ប៉ះ​គ្រាប់មីន​សល់​ពី​សម័យ​ស​ង្គ្រា​ម​ផ្ទុះ​បណ្តាលឱ្យ​របួសធ្ងន់​ចំនួន​២​នាក់​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​ផ្លូវ​ចូលទៅ​រមណីយដ្ឋាន​ចំការ​ខ្នុរ​ស្ថិតក្នុង​ភូមិបរ​ហ៊ុយ​ត្បូង​សង្កាត់​ប​រយ៉ា​ខា​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០​។​

ប្រភពពី​នគរបាល​បានឱ្យដឹងថា​៖​មាន​ករណី​ផ្ទុះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​សល់​ពី​សម័យ​សង្គ្រាម​នេះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បុរស​ចំនួន​២​នាក់​និង​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​១​គ្រឿង​ផងដែរ​រង​ការខូចខាត​។​ខណៈ​អ្នក​ទាំង​២​កំពុង​បញ្ជា​គ្រឿងចក្រ​ជីក​កាយ​ដី​ក្បែរ​ចិញ្ចើមផ្លូវ​ក្មុង​ភូមិ​ស្រាប់តែ​ប៉ះ​គ្រាប់មីន​ផ្ទុះ​យ៉ាង​កក្រើក​ភូមិ​តែម្តង​។​

សមត្ថកិច្ច​បាន​ប្រាប់​បន្ថែមថា​៖​បុរស​ដែល​របួស​នៅក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ​ណា​រ៉ុ​ន តេ​ត្រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​វាល​ទ្រា​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ជា​អ្នកបើកបរ​របួសធ្ងន់ ។​ម្នាក់ទៀត​មានឈ្មោះ​វង់ សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ដូចគ្នា រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។​ក្នុងករណី​ដដែល​បុរស​នេះ​បាន​បើកបរ​អេស្កាវ៉ាទ័រ​ស៊ីឈ្នួល​ឱ្យ​ម្ចាស់​ចម្ការ​ឈ្មោះ​នុត សឿន ម្ចាស់​សណ្ឋាគារ​ប៉ៃលិន​ស៊ី​ធី​។​

​ភ្លាមៗ​លោក​ឧ​ត្ត​ម​សេនីយ៍​សេង​សុគន្ធ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ពិនិត្យមើ់ល​នៅ​ទីតាំង​កើតហេតុ​រកឃើញ​គ្រាប់​ដែល​ប៉ើង​មិនទាន់​ផ្ទុះ​មកលើ​ដី​សល់​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ​គ្រាប់​៧៥​មី​លី​ម៉ែត្រ​ក៏​រាយការណ៍​ដល់​អង្គភាព​កំចាត់មីន​ស៊ីម៉ាក​មក​ទទួល​យកទៅ​រក្សាទុក​ឬ​កម្ទេចចោល​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​៕S/

រូបថត​:​ទីតាំង​កើតហេតុ​ភ្លាមៗ​ត្រូវ​សមត្ថកិច្ច​ចុះ​ពិនិត្យមើល​(​រូប​:​ភ្នំ​ខៀវ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ