ឧបសគ្គ​ក្នុង​ការជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​!

374
ចែករម្លែក

កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ មហាជន​តាម​ហ្វេ​ស​ប៊ុ​ក នាំគ្នា​ផ្អើល​ថា គេ​លែង​ចាយ ក្រដាសប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​ហើយ​។ ប្រការនេះ នាំ​ឲ្យ​មាន ប្រតិកម្ម ពី​មហាជន ហើយ​ហាង​ទំនិញ​មួយចំនួន ក៏​ឈប់​ទទួល​យកលុយ​ដុល្លារ ក្រដាស​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​នោះ​តែម្តង​។​

​ដំណឹង​នៃ​ការលែង​ចាយលុយ​ដុល្លារ ក្រដាស​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​នេះ បានកើត​ឡើង ក្រោយពេល​មានការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់​ធនាគារ ជាតិ​នៃ​កម្ពុជា ដែល​កោះប្រជុំ​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្តីពី​បញ្ហា​ប្រឈម​នៃ​ចរាចរណ៍ ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ នៅ​កម្ពុជា​។​

​ក៏ប៉ុន្តែ​លទ្ធផល​នៃ​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ក៏​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ល្ងាច​ថ្ងៃ​ដដែល​។ ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រដាស ប្រាក់​ដុល្លារ​អាមេរិក ប្រភេទ ១$ ២$ និង ៥$ នៅតែ​ចាយ​បាន ដូច​ធម្មតា​នៅលើ​ទីផ្សារ​។ ប៉ុន្តែ នៅពេល​ខាងមុខ ធនាគារជាតិ នឹង​ផ្អាក​ការទទួលយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ទាំង ៣ ប្រភេទ​នេះ ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។​
​ ​
​ធនាគារជាតិ បាន​បញ្ជាក់ថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ កម្ពុជា មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​បញ្ជាក់ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ​។ ដូច្នេះ​ធនាគារជាតិ​នឹង​ផ្តល់ ពេល​៣​ខែ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​នាំយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា​។​
​ ​
​ធនាគារជាតិ បាន​បញ្ជាក់ថា ការអនុវត្ត​វិធានការ​នេះ មិន​មានន័យថា​ជាការ​ហាមឃាត់​ចរាចរណ៍ ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ មិន​ឲ្យ​ចាយ​នៅ​កម្ពុជា​យើង នោះទេ​។​
​ ​
​ជាមួយគ្នា​នោះ ធនាគារជាតិ ក៏បាន​លើកឡើងថា នៅក្នុង​ស្ថានភាព​ដែល​ពិភពលោក កំពុង ប្រឈម​នឹង​វិបត្តិ​សុខភាព​ពិភពលោក ហើយ​កំពុង​ឈានចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច ការពង្រឹង ឯករាជ្យភាព​ក្នុង​ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច កាន់​តែមាន​ប្រសិទ្ធភាព​។ ក្នុងទិសដៅ​នេះ កម្ពុជា​ត្រូវ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យ​បាន ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្តើម​ពី​ការចាយវាយ​លើ​ប្រតិបត្តិការ ដែលមាន​ទំហំ​តូច​ទៅ​។ ដូច្នេះ ការ​ទុក​ឲ្យ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូចៗ គឺជា​ឧបសគ្គ​មួយ ក្នុងការ ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។​
​ ​
​ធនាគារជាតិ ក៏បាន​កត់សម្គាល់ថា ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយនេះ ប្រាក់រៀល ក៏ដូចជា​រូបិយ ប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ គួរ​ឲ្យ​កត់សម្គាល់ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ចំពោះ​ប្រទេស​ក្នុង តំបន់ តម្លៃ​រូបិយប័ណ្ណ​របស់គេ​ធ្លាក់​ថ្លៃ គឺជា​ចម្បង ដោយសារ​ការធ្លាក់ចុះ​នៃ​ការនាំចេញ និង លំហូរ​ចេញ​នៃ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការធ្លាក់​ចុះថ្លៃ​ប្រាក់រៀល គឺ​ដោយសារ​តម្រូវការ ប្រាក់រៀល​ធ្លាក់ចុះ (​ដែលជា​ចម្បង បណ្តាលមកពី​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល សម្រាប់​បង់ពន្ធ​។​ល​។ ការធ្លាក់​ថ្លៃ​ប្រាក់រៀល​ធៀប នឹង​ដុល្លារ អាមេរិក​នេះ មាន​ឥទ្ធិពល​អវិជ្ជមាន ទៅលើ​ប្រជាកសិករ​ដែលមាន​ចំណូល​ជា ប្រាក់រៀល​។ ដូច្នេះ​ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាពិសេស សម្រាប់​ប្រតិបត្តិការ ដែលមាន​ទំហំ​តូច ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ គួរ​ត្រូវ​ជំនួស​ដោយ​ប្រាក់រៀល​វិញ​។​
​ ​
​កន្លងមក ធនាគារជាតិ បានធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​លើកកម្ពស់​តម្លៃ​ប្រាក់រៀល ហើយ​ជា លទ្ធផល ក្រសួង​ស្ថាប័នរដ្ឋ គឺ​បើក​ប្រាក់ខែ ជា​ប្រាក់រៀល​។ មាន​ក្រុមហ៊ុន​ឯកជន មួយចំនួន ក៏បាន​អនុវត្ត ដោយ​បើក​ប្រាក់ខែ ជា​ប្រាក់រៀល​ដែរ​។​
​ ​
​ហាង​លក់ទំនិញ ក៏បាន​ដាក់​តម្លៃ ជា​ប្រាក់រៀល​។ តែ​ក៏​មិនមែន​បដិសេធ​មិន​ទទួល​យកលុយ ដុល្លារ និង​លុយ​បរទេស​ផ្សេងទៀត​នោះទេ​។ ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​ចូលរួម​ចាយ ប្រាក់រៀល ក្នុង​បំណង​លើក​តម្លៃ​ដល់​ប្រាក់រៀល​របស់​ជាតិ​យើង​។​
​ ​
​ប៉ុន្តែ​បើ​នៅ​ប្រទេស​គេ​ផ្សេង គឺជា​ច្បាប់​តែម្តង​។ ប្រទេស​គេ ចាយលុយ​ស្រុក​គេ​ដោយ​មិន អនុញ្ញាត ឲ្យ​ចាយលុយ​បរទេស​ទេ​។ អ្នកមាន​លុយ​បរទេស ពិសេស​លុយ​ដុល្លារ​ត្រូវ​ទៅ​ដូរ នៅ​ធនាគារ ឬ​ហាង​ដូរ​លុយ ដើម្បី​យកលុយ​ជាតិ​របស់គេ ចាយ​។ ក្នុងនោះ នៅតែ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ក៏​គេ​បាន​អនុវត្ត​យ៉ាង​ដូច្នេះ យូរ​ឆ្នាំ​មកហើយ​។​
​ ​
​ដូច្នេះ​ជា​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល នៅ​កម្ពុជា​យើង​គួរតែ ចេញ​ជា​ច្បាប់​ឲ្យ​អនុវត្ត​តែម្តង គឺ​រាល់​ប្រតិបត្តិការ​ចរាចរណ៍​រូបិយប័ណ្ណ​ទាំងអស់​ត្រូវ​ធ្វើជា ប្រាក់រៀល​។ អ្នកមាន​ដុល្លារ ឬ​លុយ​បរទេស​ណាក៏ដោយ ត្រូវតែទៅ​ធនាគារ ទៅ​កន្លែង​ដូរ​លុយ ដើម្បី​ដូរ​លុយ​នោះ ទៅជា​លុយ​រៀល ទើប​អាច​យកទៅ​ទិញដូរ​នៅលើ​ទីផ្សារ​បាន​។

​អ្វី​ក៏ដោយ បើ​រាជរដ្ឋាភិបាល ធ្វើ​ច្បាស់​ជា​បាន ដើម្បី​កុំ​ឲ្យ​ដូច​គេ​លើកឡើងថា ក្នុង​វិបត្តិ​កូ​វីដ នាពេលនេះ កម្ពុជា​រក​នឹក​បង្ក​ការ​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​។ នោះ​គឺ​អស់ពី​ការ​រឹតបន្តឹង អនុវត្ត​ច្បាប់​ចរាចរណ៍ ពេលនេះ ខាង​ធនាគារជាតិ គិត​ឃើញ​ការឈប់​ចាយលុយ​ដុល្លារ ប្រភេទ​ក្រដាស​តូចៗ​ទៀតហើយ​។​

​តែ​យ៉ាងណាក៏ដោយ ក៏​ព្រោះតែ​ជា​ចំណាត់ការ​ថ្មីថ្មោង​ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ ចំនួន ដែល​មិនទាន់​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​វិធានការ​របស់​មន្ត្រី​សមត្ថកិច្ច​ជំនាញ​យើង ទើប​នាំ​ឲ្យ​មានប្រតិកម្ម​ដូច្នេះ​។ ដូច​ករណី​ច្បាប់​ចរាចរណ៍ គឺ​នៅពេល​ចាប់ផ្តើម​អនុវត្ត​ភ្លាម ក៏មាន​អ្នកមួយ​ចំនួន​ណា​នោះ ចេញ​ប្រតិកម្ម​តប​ដែរ​។ តែ​តាមពិត អាជ្ញាធរ​សមត្ថកិច្ច​មា​ន បំណងល្អ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ពី​គ្រោះថ្នាក់​ចរាចរណ៍​សោះ​។ រឿង​លុយ​នេះ ក៏​ដូចគ្នា​ដែរ​៕ ដោយ​៖ ម៉េង​ឆៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម